វេទិកាស្តីពីចលភាពក្នុងទីប្រជុំជន (Urban Mobility Forum)
ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) រួមជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំវេទិកាស្តីពីចលភាពក្នុងទីប្រជុំជន(Urban Mobility Forum)។
វេទិកានេះត្រូវបានរៀបចំឡើងដើម្បីបង្កើតវេទិកាចែករំលែកគំនិត ការយល់ដឹង និងបទពិសោធន៍ ក៏ដូចជា ផ្តល់នូវដំណោះស្រាយដើម្បីប្រែក្លាយ និងវិនិយោគលើភាពចលភាពនៅក្នុងទីប្រជុំជនសម្រាប់ប្រជាពលរដ្ឋទាំងអស់។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើអញ្ជើញជាវាគ្មិនបានកត់សម្គាល់ថា៖ រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ជាអាទិភាពលើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន ដូចជា ការពង្រីកនិងធ្វើឱ្យប្រសើរឡើងនូវគុណភាពផ្លូវថ្នល់ និងផែនការអភិវឌ្ឍផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ស្ពានអាកាស និងកំពង់ ផែជាដើម ដែលរួមបញ្ចូលទាំងការកសាងគន្លងយានយន្ត គន្លងឡានក្រុង និងភ្លើងចរាចរណ៍ឆ្លាតវៃដើម្បីជា មធ្យោបាយកាត់បន្ថយការកកស្ទះចរាចរណ៍។
លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា៖ បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងអភិវឌ្ឍ និងសាងសង់ហេដ្ឋារចនា សម្ព័ន្ធស្តង់ដារនៅខេត្តព្រះសីហនុ ដើម្បីជាគំរូសម្រាប់ខេត្តផ្សេងទៀត។ លើសពីនេះទៀត រដ្ឋាភិបាលកំពុងសិក្សាអំពីការប្រើប្រាស់យានយន្តអគ្គិសនី នៅតំបន់អង្គរដើម្បីអភិរក្សប្រាសាទអង្គរក៏ ដូចជាបរិស្ថានទូទៅផងដែរ។
លោកទេសរដ្ឋមន្ត្រីបានបន្តថា រដ្ឋាភិបាលក៏បាននិងកំពុងធ្វើការសិក្សាលើផ្លូវក្រោមដី(subways) ផ្លូវដែក(monorails) និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតក្នុងគោលបំណងលុបបំបាត់ការកកស្ទះចរាចរណ៍ នៅក្នុងតំបន់ប្រជុំរបស់យើង។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា មួយនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនសាធារណៈនិងឯកជនកំពុងត្រូវបានជំរុញ ឱ្យមានការរីកចម្រើន និងធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងអាចទទួលសេវាបានទាន់ពេលវេលា។
លោកទេសរដ្ឋមន្រ្តីបានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះលោក Nick Beresford តំណាងUNDPប្រចាំកម្ពុជា ដែលបានផ្តួចផ្តើមឱ្យមានវេទិកានេះឡើង និងថ្លែងអំណរគុណចំពោះ លោកស្រី Panny Low អតីត សមាជិកាសភានៃប្រទេសសឹង្ហបូរី និងជាស្ថាបនិកនៃក្រុមហ៊ុន Social Innovation Park Ltd., (សិង្ហបុរី) និងលោក Russel Cohen នាយកប្រតិបត្តិប្រចាំតំបន់របស់ក្រុមហ៊ុនតាក់ស៊ីGrab ដែលបានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងទាក់ទងនឹងការលើកកម្ពស់ចលភាព នៅទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា៕