អ្នកសារព័ត៌មាន ត្រូវមានទឡ្ហីករណ៍ត្រឹមត្រូវ អត់វែង អត់ស្មុគស្មាញ ដោយមានមូលហេតុច្បាស់លាស់
ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការដែលប្រព័ន្ធផ្សព្វផ្សាយ ដូចជា ទូរទស្សន៍ កាសែត និងអនឡាញ ធ្វើព័ត៌មានច្រើន ធ្វើឲ្យអ្នកអាន អ្នកមើល ជ្រើសរើសរកព័ត៌មានតែខ្លួនពេញចិត្ត ។
លោកថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីបញ្ចប់ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៦ ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមប្រធានបទ “សារព័ត៌មានកម្ពុជា ក្នុងយុគសម័យ៤.០” ។
លោករដ្ឋមន្ត្រី បានថ្លែងថា បើកាលណាយើងគិតថាដំបូងមានព័ត៌មានច្រើន អាចធ្វើការជម្រើសជ្រើសយក ផ្ទៀងផ្ទាត់ផ្នែកព័ត៌មានយក ព័ត៌មានណា ដែលមានភាពប្រាកដប្រជា ប៉ុន្តែតាមពិតយើងឃើញថាមានព័ត៌មានច្រើន ដែលធ្វើឲ្យមនុស្ស គាត់រើសតែស្អី ជាផ្នែករបស់គាត់ អញ្ចឹងធ្វើឲ្យគាត់មិនអាចទទួលព័ត៌មាន ពីខាងក្រៅបានទេ ដូច្នេះធ្វើឲ្យអ្នកទទួលព័ត៌មានកាន់តែចង្អៀត។ ហើយលោកថា ការដែលប្រជាពលរដ្ឋមិនអាចទទួលបានគ្រប់ជ្រុងជ្រោយនោះ ដូច្នេះហើយជាហេតុធ្វើឲ្យអ្នកសារព័ត៌មានយើង មានការប្រឈម ដូច្នេះអ្នកសារព័ត៌មាន ត្រូវតែហ៊ានហែលបញ្ច្រាសទឹក ។
លោកបញ្ជាក់ថា អ្នកព័ត៌មានដែលហ៊ានហែលបញ្ច្រាសទឹក យើងនិយាយអ្វីដែលត្រង់ និយាយតាមហ្នឹង យើងនិយាយដោយត្រង់ ដោយមានរបៀបនិយាយ បើយើងមិនចេះនិយាយ គេនឹងជេរយើង យើងត្រូវតែរត់តាមអាហ្នឹង បើយើងនិយាយតាមតែចរន្តរបស់គេ ដោយដឹងថាអាហ្នឹងខុសហើយ យើងនៅតែរត់តាមចរន្តគេ យើងមិនមែនជាអ្នកសារព័ត៌មាន មានវិជ្ជាជីវៈនោះទេ ។
ពាក់ព័ន្ធនឹងការប្តឹងអ្នកសារព័ត៌មានទៅកាត់ទៅតាមប្រព័ន្ធតុលាការនោះ ត្រូវបានលោកខៀវ កាញារីទ្ធ បញ្ជាក់ថា យើងដឹងហើយក្រមព្រហ្មទណ្ឌ បាននិយាយហើយថា ការងារនេះទាក់ទងនឹងវិស័យសារព័ត៌មាន គឺត្រូវតែយកច្បាប់សារព័ត៌មានជាធំ ប៉ុន្តែកុំភ្លេចថា ពេលមួយនោះ មិនមែនជាការផ្សាយព័ត៌មានទេ គឺជាការបរិហារកេរ្តិ៍ ហើយគេប្តឹងរឿងចំណុចធំបំផុត នៅក្នុងច្បាប់ស្ដីពីសារព័ត៌មាន អ្នកព័ត៌មានមានទោសដាក់ពន្ធនាគារ លើការបញ្ចេញមតិនោះទេ ចំណែកឯការបរិហារកេរ្តិ៍ គឺភាគីទីបី ជាអ្នកប្ដឹងផ្ដល់នោះទេ មិនមែនជាតុលាការជាអ្នកប្ដឹងទេ។
ទាក់ទងយុគសម័យឧស្សាហកម្ម 4.0 លោក បានបន្តថា អ្នកសារព័ត៌មានត្រូវស្វែងយល់ពីប្រព័ន្ធច្បាប់ ប្រព័ន្ធតុលាការ និងច្បាប់នានានៅក្នុងសង្គម ។ អ្នកសារព័ត៌មាន ត្រូវលើកកម្ពស់សមត្ថភាពខ្លួនឯង ពាក់ព័ន្ធនឹងកម្រិតយល់ដឹងពីបច្ចេកវិទ្យា ធ្វើការផ្ទៀងផ្ទាត់ព័ត៌មាន ឆែករកព័ត៌មាន ហើយត្រូវមានចំណេះដឹងផ្នែកភាសាបរទេស ដើម្បីភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយអ្នកសារព័ត៌មានបរទេស នៅពេលដែលយើងទៅទស្សនកិច្ចផ្នែកសារព័ត៌មាននៅក្រៅប្រទេស។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា អ្នកសារព័ត៌មានដែលមានបំណងចង់ផ្ញើសំណួរទៅសម្តេចតេជោហ៊ុនសែន សូមផ្ញើតាមរយៈសមាគម ឬក្លឹបអ្នកកាសែតកម្ពុជា ហើយសំណួរទាំងអស់នឹងត្រូវយកទៅពិចារណាថាតើសំណួរណាគួរឆ្លើយ សំណួរណាមិនគួរឆ្លើយ ហើយសម្តេចនាយករដ្ឋមន្រ្តី មិនមែនមានតួនាទីសម្រាប់ឆ្លើយសំណួរអ្នកកាសែតទាំងអស់នោះទេ។
ពាក់ព័ន្ធនឹងព័ត៌មានមិនពិត គឺប៉ះពាល់ដល់អារម្មណ៍ប្រជាជន ព្រោះប្រជាជនមានចំណេះនូវតិច ចំណែកឯព័ត៌មានក្លែងបន្លំ គឺសុទ្ធតែប៉ះហើយ ប៉ុន្តែឆាប់បំបាត់បាន ។ ព័ត៌មានដែលគេហៅថាស៊ីអារម្មណ៍នោះ គឺជាព័ត៌មានពិតមែន ប៉ុន្តែរឿងពិតវាទៅអីចុះទេ តែគេបង្វែទៅរឿងផ្សេងមួយទៀត ដែលនេះគេហៅថាព័ត៌មានស៊ីអារម្មណ៍ ដូច្នេះយើងត្រូវឆ្លើយដោយមានទឡ្ហីករណ៍ត្រឹមត្រូវ អត់វែង អត់ស្មុគស្មាញ ដោយមានមូលហេតុច្បាស់លាស់។ លោករដ្ឋមន្រ្តី បានបញ្ជាក់ចុងក្រោយថា អ្នកសារព័ត៌មាន ត្រូវគោរពក្រមសីលធម៌ និងច្បាប់របបសារព័ត៌មានរបស់កម្ពុជា៕