បង្ក្រាប រថយន្ត និងម៉ូតូ១៣គ្រឿង ដែលលួចដឹកឈើប្រណីតខុសច្បាប់ នៅស្រុកកែវសីមា , ម្ចាស់រថយន្ត និងម៉ូតូ បានរត់គេចខ្លួនបាត់អស់
មណ្ឌលគិរី៖ កម្លាំងកងរាជអាវុធហត្ថ សហការជាមួយ នឹងគណៈបញ្ជាការឯកភាពស្រុកកែវសីមា ចុះល្បាតបង្ក្រាប បានរថយន្តកាមរី១គ្រឿង បានឈើចំនួន៣សន្លឹក និង បង្ក្រាបបានម៉ូតូចំនួន១២គ្រឿង រឹបអូសបានឈើចំនួន៦៦ដុំ ប្រភេទឈើសុក្រម ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ក្នុងពេលបង្រ្កាបនោះ គឺម្ចាស់រថយន្ត និងម៉ូតូ បានរត់គេចខ្លួនបាត់អស់។
លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថសហការជាមួយ នឹងគណៈបញ្ជាការឯកភាពស្រុកកែវសីមា ចុះល្បាតចំនួន២គោលដៅ ៖ គោលដៅទី១ : នៅចំណុចភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា បង្ក្រាបបានរថយន្តកាមរី១គ្រឿង បានឈើចំនួន៣សន្លឹក ប្រភេទឈើគគីរ ចំណែកអ្នកបើកបរគេចខ្លួន ។ ដោយឡែកគោលដៅទី២ នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា បង្ក្រាបបានម៉ូតូចំនួន១២គ្រឿង រឹបអូសបានឈើចំនួន៦៦ដុំ ប្រភេទឈើសុក្រម ហើយម្ចាស់បានរត់គេចខ្លួនអស់។
បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅដែនជម្រកជីវចម្រុះកែវសីមា ដើម្បីចាត់ការតាមនីតិវិធី៕