ពលរដ្ឋជាច្រើនគ្រួសារកំពុងរងគ្រោះគ្មានផ្ទះ នៅ និងខ្លះមិនទទួលបានកម្មសិទ្ធិពីក្រុមហ៊ុនផ្ទះល្វែងលោក គាន គឹមលាង
ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន ៨គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋខ្ទង់រយគ្រួសារ បានបន្តរងគ្រោះរហូតមកដល់ពេលនេះ ដោយសារម្ចាស់ក្រុមហ៊ុនផ្ទះល្វែងយីហោថា «អូសិនណា អ៊ិនធើណេសិននល (OCEANA INTERNATIONAL Co.,Ltd) មានទីតាំងស្ថិតនៅ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានម្ចាស់ ឈ្មោះ គាន គឹមលាង មិនបានគោរពពាក្យសន្យានៅក្នុងកិច្ចព្រមព្រៀងទិញ-លក់ផ្ទះជាមួយពួកគាត់ជាអតិថិជន តាំងពីជាង ១០ឆ្នាំមុន ពោលគឺផ្ទះក៏មិនទាន់ធ្វើហើយ និងឯផ្ទះខ្លះធ្វើហើយក៏មិនទាន់បានផ្ទេរបណ្ណកម្មសិទ្ធិជូនពួកគាត់ទៀតផង បើទោះបីពលរដ្ឋខ្លះបានបង់គ្រប់លុយក៏ដោយនោះ។
បញ្ហានេះប្រជាពលរដ្ឋរងគ្រោះទាំងនោះ ក៏ធ្លាប់បានដាក់ពាក្យប្តឹងទៅកាន់អភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត ផងដែរ កាលពីដើមខែឧសភា ឆ្នាំ២០១៩កន្លងទៅ ដើម្បីឲ្យជួយដោះស្រាយ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលនោះទេ ហើយផ្ទុយទៅវិញ ខាងម្ចាស់ក្រុមហ៊ុនផ្ទះល្វែងបែរជាដាក់ពាក្យប្តឹងប្រជាពលរដ្ឋទាំងនេះ ទៅកាន់ក្រសួងមហាផ្ទៃវិញ ដោយចោទថា បរិហាកេរ្តិ៍សាធារណៈ។
តាមរយៈពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានដាក់ជូនអភិបាលខណ្ឌសែនសុខ បានបញ្ជាក់ជូនថា កាលពីអំឡុងឆ្នាំ២០០៧ និងឆ្នាំ២០០៨ ម្ចាស់ក្រុមហ៊ុន បានធ្វើកិច្ចសន្យាទិញ-លក់ផ្ទះជាមួយពួកគាត់ក្នុងតម្លៃទៅតាមផ្ទះ និងកិច្ចសន្យារៀងៗ ខ្លួន ហើយពួកគាត់ដែលជាអ្នកទិញបានអនុវត្តកាតព្វកិច្ចបង់ប្រាក់ទៅតាមកិច្ចសន្យាគ្រប់ចំនួនរួចរាល់ហើយ ប៉ុន្តែម្ចាស់ក្រុមហ៊ុន ពុំបានអនុវត្តកាតព្វកិច្ចកាត់ឈ្មោះផ្ទេរកម្មសិទ្ធិលើទីតាំងផ្ទះទាំងអស់ខាងលើមកឲ្យពួកគាត់នោះទេ ហើយពួកគាត់បានទំនាក់ទំនងទៅម្ចាស់ក្រុមហ៊ុន ដើម្បីឲ្យទទួលខុសត្រូវក្នុងការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិ តែគាត់ (ម្ចាស់ក្រុមហ៊ុន) បានសន្យាជាច្រើនលើកច្រើនសារ តែមិនដែលមានការពិតម្តងណាឡើយ។
ក្រុមប្រជាពលរដ្ឋ បានចាត់ទុកថា «ម្ចាស់ក្រុមហ៊ុន មានចេតនាគេចវេសមិនព្រមទទួលខុសត្រូវក្នុងការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិមកឲ្យ យើងខ្ញុំតាមកិច្ចសន្យាទិញលក់នោះទេដូច្នេះមានតែសម្រេច ធ្វើពាក្យបណ្តឹងតាមផ្លូវច្បាប់មក សាលាខណ្ឌសែនសុខដើម្បីឲ្យលោកអភិបាល ជួយមានចំណាត់ការតាមនីតិវិធីច្បាប់ ដោយឲ្យម្ចាស់ក្រុមហ៊ុនទទួលខុសត្រូវតាមការទាមទាររបស់យើងខ្ញុំ»។
នៅក្នុងពាក្យបណ្តឹងនេះ ក្រុមប្រជាពលរដ្ឋបានទាមទារដូចខាងក្រោម៖
*ទី១ ៖ សុំឲ្យក្រុមហ៊ុនទទួលស្គាល់នូវកិច្ចសន្យា ដែលបានធ្វើឡើងជាមួយពួកគាត់ទាំងអស់*ទី២ ៖ សុំឲ្យក្រុមហ៊ុនអនុវត្តកាតព្វកិច្ចផ្ទេរកម្មសិទ្ធិនូវអចលនវត្តក្នុងកិច្ចសន្យាទាំងអស់ខាងលើមកឲ្យពួគគាត់ទៅតាមខ្លឹមសារនៃកិច្ចសន្យា។ *ទី៣ ៖ សុំឲ្យក្រុមហ៊ុនមិនទាមទារប្រាក់ដែលនៅសល់ចំនួន ១០%ដប់ភាគរយ) ពីពួកគាត់តាមកិច្ចសន្យា។
ថ្លែងបញ្ជាក់បន្ថែមលើពាក្យបណ្តឹងរបស់ខ្លួន តំណាងប្រជាពលរដ្ឋបានប្រាប់នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះថា ផ្ទះល្វែងមិនតិចជាង ៣០០ល្វែងរបស់ក្រុមហ៊ុនមួយនេះ មិនទាន់ធ្វើរួចរាល់នោះទេ ហើយពួកគាត់ខ្លះ ត្រូវបង្ខំចិត្តរស់នៅក្នុងផ្ទះទាំងរខេករខាក ហើយក៏គ្មានបណ្ណកម្មសិទ្ធិត្រឹមត្រូវទៀតផង ខណៈពលរដ្ឋខ្លះបានបង់រំលស់មិនដែលខកខាន និងខ្លះបានបង់ស្ទើរតែរួចរាល់ទៅហើយនោះ។
ទោះយ៉ាងណាក៏ដោយអង្គភាពព័ត៌មានយើងមិនទាន់អាចសុំការបកស្រាយពីខាងភាគីក្រុមហ៊ុនបាននៅឡើយទេនៅថ្ងៃនេះ៕