អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានសំណង់ចំនួន ៣ទីតាំង ដែលបានធ្វើឱ្យធ្លាក់ដីចូលអូរប្រឡាយ (សុខា) បង្កឱ្យស្ទះចរន្តទឹកហូរ
នាព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានសំណង់ចំនួន ៣ទីតាំង ដែលបានធ្វើឱ្យធ្លាក់ដីចូលអូរប្រឡាយ (សុខា) បង្កឱ្យស្ទះចរន្តទឹកហូរ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន បានបញ្ជាឱ្យផ្អាកការដ្ឋានសំណង់ទាំង៣ខាងលើជាបណ្តោះអាសន្ន ដោយតម្រូវឱ្យកាយដីដែលធ្លាក់ចូលអូរចេញវិញ និងសហការជាមួយមន្ទីរពាក់ព័ន្ធដើម្បីកំណត់និយាមការទំហំអូរប្រឡាយ និងរៀបខឿនថ្មទប់ដីផងដែរ។
ប្រតិបត្តិការនៃការចុះបិទការដ្ឋានខាងលើ គឺស្របពេលដែលរដ្ឋបាលខេត្តបានចេញសេចក្តីដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកវិនិយោគ ដែលបាននិងកំពុងរស់នៅ ឬ អាស្រ័យផលលើអូរប្រឡាយធម្មជាតិរបស់រដ្ឋ ក្នុងខេត្តព្រះសីហនុ ដោយក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តបានសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋ និងអ្នកវិនិយោគមួយចំនួន បានរំលោភបំពានដោយការចាក់ដី ព្រមទាំងសាងសង់លំនៅដ្ឋាន និងសំណង់ខុសច្បាប់នានា មានទាំងប្រភេទតូចធំ ធ្ងន់ស្រាល លើនិយាមការដើមរបស់អូរប្រឡាយធម្មជាតិ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ធ្វើឱ្យទំហំអូរប្រឡាយធម្មជាតិទាំងនោះរួមតូច និងបិទមុខទឹកស្ទើរទាំងស្រុងនៅកន្លែងខ្លះមិនអាចឆ្លើយតបបានទៅនឹងបរិមាណកើនឡើងនៃទំហំទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ដែលមានការកើនឡើងជាលំដាប់ ដែលនៅក្នុងរដូវវស្សាកន្លងទៅបានធ្វើឱ្យលិចលង់ លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ថែមទាំងបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សថែមទៀតផង។
ដូច្នេះដើម្បីរក្សាទុកទំហំអូរប្រឡាយធម្មជាតិ ដែលជាទ្រព្យ សម្បត្តិសាធារណៈរបស់រដ្ឋតាមនិយាមការដើម និងតាមការកំណត់តាមប្លង់សុរិយោដី សម្រេចដោយគណៈកម្មការ រដ្ឋបាលខេត្តជៀសវាងការជន់លិចលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិផ្សេងៗ របស់ប្រជាពលរដ្ឋ នៅពេលមានជំនន់ទឹកភ្លៀង ឬនៅរដូវវស្សានោះ រដ្ឋបាលខេត្តព្រះសីហនុ សូមឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកវិនិយោគទាំងអស់ដែលកំពុងរស់នៅ ឬអាស្រ័យផលលើដីចំណី អូរប្រឡាយធម្មជាតិសាធារណៈរបស់រដ្ឋ ធ្វើការរុះរើសំណង់ទាំងឡាយចេញជាបន្ទាន់ ដើម្បីឱ្យក្រុមការងារមានលទ្ធភាពក្នុងការស្ដារ និងអភិវឌ្ឍអូរប្រឡាយទាំងអស់ក្នុងក្រុងព្រះសីហនុ ធានាបានការជន់លិច ហើយថែមទាំងលើកកម្ពស់ កិត្យានុភាព សោភ័ណភាព អនាម័យបរិស្ថាន និងជាពិសេសរក្សា បាននូវសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងអ្នកវិនិយោគ នៅក្នុងក្រុងព្រះសីហនុរស់នៅប្រកបដោយភាពសុខដុមរមនា៕