២នាក់ប្តីប្រពន្ធស្លាប់ ដោយឆក់ចរន្តអគ្គិសនី ក្នុងបន្ទប់ទឹក
ព្រះសីហនុ៖ ករណីជនរងគ្រោះ២នាក់ប្តីប្រពន្ធស្លាប់ ក្នុងផ្ទះជួលនៅមុខរោងចក្រញូស្តារ សង្កាត់លេខ១ក្រុងព្រះសីហនុ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយឆក់ចរន្តអគ្គិសនីក្នុងបន្ទប់ទឹក ក្នុងនោះដំបូងអាចមានម្នាក់ឆក់មុន ហើយម្នាក់ទៀតព្យាយាមចូលទៅជួយ ទើបឆ្លងឆក់ស្លាប់ទាំង២នាក់។
សូមបញ្ជាក់ថា ជនរងគ្រោះបុរស ស្ត្រី២នាក់ប្តីប្រពន្ធ ដែលអ្នកជិតខាងប្រាប់ថា ធ្វើការជាបុគ្គលិកផ្នែកអនាម័យក្នុងកាស៊ីណូមួយនៅក្រុងព្រះសីហនុ គេប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកទាំង២នាក់ នៅផ្ទះជួលកន្លែងជនរងគ្រោះស្នាក់នៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ម្តុំមុខរោងចក្រញូស្តារ ដែលតាមសន្និដ្ឋានថាជនរងគ្រោះទំនងជាស្លាប់ដោយឆក់ខ្សែភ្លើង តាំងពីព្រឹកព្រលឹមថ្ងៃ៧ធ្នូ២០១៩នេះ រហូតមកល្ងាចថ្ងៃដដែលទើបមានការភ្ញាក់ផ្អើលពីពលរដ្ឋអ្នកជិតខាង រួចរាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យធ្វើកោសល្យវិច័យ ។
ក្រោយធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជាប្តី ប្រពន្ធពិតជា ស្លាប់ ដោយសារឆក់ចរន្តអគ្គីសនីប្រាកដមែន ក្នុងនោះអាចដំបូងមានម្នាក់ឆក់មុន ហើយម្នាក់ទៀតចូលទៅជួយ ទើបឆ្លងឆក់ស្លាប់ទាំង២។ សាកសពជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ សុំ សារ៉ន ភេទប្រុស អាយុ៤១ឆ្នាំ (ប្តី) មានស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវ ២-ឈ្មោះ ពៅ ចិន្តា ភេទស្រី អាយុ៣៩ឆ្នាំ (ប្រពន្ឋ) មានស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ៖ ជនរងគ្រោះជាប្តី ប្រពន្ធ ទាំង០២នាក់ខាងលើ ពិតជា ស្លាប់ ដោយសារឆក់ចរន្តអគ្គីសនីប្រាកដមែន។ ម្ចាស់ផ្ទះជួលឈ្មោះ លឹម សំអឿន ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅ ក្រុមទី១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
ក្រោយពិនិត្យរួច សាកសពបានប្រគល់ឲ្យ គ្រួសារយកទៅធ្វើបណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕