បង្ក្រាបក្រុមចោរប្លន់ម៉ូតូ ធ្វើសកម្មភាពប្លន់អ្នកដំណើរនៅតាមដងផ្លូវជាតិ ផ្លូវលំ ពេលថៃ្ងពេលរាត្រីក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ ក្រោមកិច្ចបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង០៩និង៤០នាទី នាថៃ្ងអាទិត្យ ទី០៨ ខែធ្នូ ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង សហការដោយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានចុះបង្ក្រាបក្រុមមុខសញ្ញាសង្ស័យជាចោរប្លន់ម៉ូតូបានចំនួន០៨នាក់ ស្រី២នាក់ ពាក់ព័ន្ធករណីសង្ស័យធ្វើសកម្មភាពស្ទាក់ប្លន់តាមដងផ្លូវជាតិលេខ៤ និងផ្លូវលំមួយចំនួនទៀត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។
លទ្ធផលប្រតិបត្តិការខាងលើនៅបន្ទប់ផ្ទះជួលរបស់ឈ្មោះ ខឹម កល្លិកា ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សមត្ថកិច្ចដកហូតបានម៉ូតូមិនប្រក្រតីចំនួន៦គ្រឿង និងសម្ភារៈគ្រឿងបន្លាស់មួយចំនួនទៀត (ឧបករណ៍-មធ្យោបាយ) ក្នុងចំណោមជនសង្ស័យទាំងនោះរួមមានឈ្មោះដូចខាងក្រោម ៖ ឈ្មោះ រឿន កវី ប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ។ ឈ្មោះ នាង សីហា ហៅប៉ាវ ប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិជ្រលងថ្កូវ ឃុំរលាំងចក ស្រុកសំរោងទង ។ ឈ្មោះ ស៊ន ភក្ដី ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង ។ ឈ្មោះ ហ៊ីង ពិសិដ្ឋ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិវល្លិសរ ឃុំវល្លិសរស្រុកសំរោងទង ។ ឈ្មោះ និត ចំណាន ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង ។ ឈ្មោះ ញ៉ែម ចាន់ដែត ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ។ ឈ្មោះ សុខ ស្រីលាប ស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ។ ឈ្មោះ បួយ កែវ ស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន បញ្ជាក់ដាវកាំបិតផ្គាក់ ជាវត្ថុតាងធ្វើសកម្មភាពកាប់ប្លន់។
តាមការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ថា ប្រវត្តិសកម្មភាពពួកក្រុមជនសង្ស័យទាំងនោះ គឺស្ទាក់វៃប្លន់ដោយប្រើប្រាស់ដាវ និងដំបងជាញឹកញាប់ក្រុមនេះ តែងតែធើ្វសកម្មភាពប្លន់តាមដងផ្លូវជាតិលេខ៤ និងផ្លូវលំមួយចំនួនទៀត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅវេលាពេលទៀបភ្លឺនិងពាក់កណ្ដាលរាត្រី ពេលមានអ្នកដំណើរចេញ-ទៅរកសីឬដឹកបន្លែទៅលក់តាមទីផ្សារជាដើម ភាពសាហាវរបស់ក្រុមនេះ ភាគច្រើនតែងកាប់ជនរងគ្រោះដើម្បីប្លន់យកសម្ភារៈតែម្ដង។
យោងតាមចម្លើយបឋម ថាបក្ខពួកក្រុមចោរមួយចំនួនទៀត បានកំពុងរត់គេចខ្លួនបន្ទាប់ពីសមត្ថកិច្ចធ្វើការបង្រ្កាបបក្ខពួករបស់គេ តែទោះបីយ៉ាងណា សមត្ថកិច្ចបានបញ្ជាក់ថា មុខសង្ស័យសេសសល់ទាំងនោះ គឺកម្លាំងជំនាញបានស្គាល់អត្តសញ្ញាណអស់ហើយនិងបន្ដស្រាវជ្រាវឈានដល់ការបង្រ្កាបជាបន្ដទៀតនៅពេលខាងមុខ៕