អង្គប្រជុំព្រឹទ្ធសភាអនុម័តទាំងស្រុង សេចក្តីព្រាងច្បាប់ចំនួន , បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២០
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានថា នាព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០ នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៤ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៨រូប។
បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជាក់ថា អង្គប្រជុំ បានដំណើរការតាមរបៀបវារៈចំនួន ០៣រួមមាន៖
របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងតាមគោលនយោបាយពង្រឹងការគ្រប់គ្រងថវិកា ដោយឈរលើគោលការណ៍ វិត្ថារកម្មថវិកា ដែលផ្តោតលើការយកចិត្តទុកដាក់ជាពិសេសលើមនុស្ស និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល ដើម្បីឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ ដែលជាយុទ្ធសាស្រ្ត និងជាកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាការទ្រទ្រង់នូវដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជាលើវិថី នៃការអភិវឌ្ឍប្រកបដោយគុណភាព និងចីរភាព ទៅមុខឥតឈប់ឈរ ។
ថវិកាឆ្នាំ២០២០ ជាថវិកាយុទ្ធសាស្រ្តនៃការផ្គួបកម្លាំងសរុប ដើម្បីទប់ទល់នឹងបញ្ហាប្រឈម និងហានិភ័យទាំងក្នុង និងក្រៅប្រទេស តាមរយៈការពង្រឹងសមត្ថភាពផ្ទៃក្នុង ដោយជំរុញឱ្យបានខ្លាំងក្លានូវការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច ដើម្បីធានាសុខសន្តិភាព ស្ថិរភាព និងចីរភាពនៃកំណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់សុខុមាលភាពជូនប្រជាជន លើមាគ៌ាឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ០៧ជំពូក ចែកជា ១៥មាត្រា ត្រូវបានរដ្ឋសភា នៃ
ព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣រដ្ឋសភា នីតិកាលទី៦។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ។
សេចក្តីព្រាងច្បាប់នេះ បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសូចនាករសំខាន់ៗនៃម៉ាក្រូសេដ្ឋកិច្ច និងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ តាមការគ្រោងទុក ឬលើសការគ្រោងទុកថែមទៀត និងកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧,៥% ជាពិសេសរាជរដ្ឋាភិបាលពុំបានប្រើប្រាស់ប្រាក់សន្សំក្នុងបញ្ញើ រាជរដ្ឋាភិបាលនោះទេ ថែមទាំងសន្សំបាននូវអតិរេកពីការអនុវត្តថវិកាក្នុងឆ្នាំចំនួន ២.៤៣៩,២ ប៊ីលានរៀលទៀត សម្រាប់ដាក់បង្កើនជាប្រាក់សន្សំបន្ថែម សម្រាប់រួមចំណែកគាំទ្រដល់ការអនុវត្តអាទិភាពគោលនយោបាយផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលផងដែរ។ លើសពីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ បន្តលើកស្ទួយកិត្យានុភាពជាតិ ការការពារបាននូវអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ការបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការបន្តរក្សាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច និងការធានាបាននូវស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ ក្នុងគោលដៅ ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ០៣ជំពូក និង២២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១០៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញបានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល
ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពី សហជីព ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។
សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បីកែសម្រួលបញ្ញត្តិមាត្រាចំនួន១០ នៃច្បាប់ស្តីពី សហជីព ក្នុងគោលបំណងធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែលជាចំណុចស្នូលក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលនៃការផ្សារភ្ជាប់ ពាណិជ្ជកម្មអន្តរជាតិទៅនឹងលក្ខខណ្ឌការងារ ដែលបានលើកកម្ពស់កិត្យានុភាព របស់កម្ពុជាក្នុងការប្រកួតប្រជែង ទាក់ទាញវិនិយោគ និងបង្កើតការងារជូនកម្មករ និយោជិត និងបង្ហាញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិការងាររបស់កម្មករនិយោជិតស្របតាមបទដ្ឋានអន្តរជាតិ។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ០២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣ រដ្ឋសភា នីតិកាលទី៦។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល
ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕ដោយ៖កូឡាប