ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំណុំរឿង លោកកឹម សុខា ជាប់ចោទពីបទ សន្និដ្ឋិភាពជាមួយបរទេស សម្រេចជំនុំជម្រះ នៅថ្ងៃទី១៥ ខែមករា

143

 

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌជំនុំជម្រះលេខ៤៧៧៧ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ដែលមានជនជាប់ចោទឈ្មោះកឹម សុខា ជាប់ចោទពីបទ សន្និដ្ឋិភាពជាមួយបរទេសតាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ បានសម្រេចកំណត់ដាក់កាលបរិច្ឆេទជំនុំជម្រះលើសំណុំរឿងនេះនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិ និង
អន្តរជាតិឱ្យបានជ្រាបថា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញដែលទទួលបន្ទុកចាត់ការ
លើសំណុំរឿងព្រហ្មទណ្ឌជំនុំជម្រះលេខ៤៧៧៧ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ដែលមានជនជាប់ចោទឈ្មោះ
កឹម សុខា ភេទប្រុស សញ្ជាតិខ្មែរ កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ជាប់ចោទពីបទ សន្និដ្ឋិភាពជាមួយបរទេស
តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ បានសម្រេចកំណត់ដាក់កាលបរិច្ឆេទជំនុំជម្រះលើសំណុំរឿងនេះ
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០៨ និង៣០នាទីព្រឹក នៅសាលសវនាការទី១ នៃសាលាដំបូង
រាជធានីភ្នំពេញ។

ចំណែក នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩អ្នកនាំពាក្យសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា សំណុំរឿងដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដំណោះស្រាយជូនទៅជម្រះក្រោមបទចោទ៖ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ ១៩៩៣ ដល់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៧ តាមបញ្ញាត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ និងបានសម្រេចបន្តការរក្សាទុកជនជាប់ចោទឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។
តាមពាក្យបណ្តឹងឧទ្ធរណ៍ របស់មេធាវីជនជាប់ចោទជាលាយលក្ខអក្សរបានប្តឹងឧទ្ធរណ៍មាន ២ចំណុចក្នុងនោះ មានទាំងដីកាដំណោះស្រាយ និង ការសម្រេចបន្ត ការដាក់អោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។
សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការលើបណ្តឹងឧទ្ធរណ៍នេះនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ និងបានសម្រេច ៖

១-បណ្តឹងឧទ្ធរណ៍លើដីកាដំណោះស្រាយ របស់មេធាវីជនជាប់ចោទមិនអាចទទួលយកបានដោយយោងតាមមាត្រា២៤៩ និងមាត្រា២៦៧ និងមាត្រា ៤០៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលមិនអនុញ្ញាតឲ្យធ្វើបណ្តឹងឧទ្ធរណ៍ នឹងដីកាដំណោះស្រាយបញ្ហានជនជាប់ចោទទៅតុលាការជំនុំជម្រះបានឡើយ ។

២-បណ្តឹងឧទ្ធរណ៍ពីការសម្រេចបន្តការដាក់ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ សភាស៊ើបសួរបានបដិសេធចោល ដោយមានហេតុផលពាក់ព័ន្ធនឹងបទល្មើសមានលក្ខណៈធ្ងន់ធ្ងរដល់សង្គមជាតិ និងជាពិសេសសម្រាប់ធានាវត្តមាន នៃដំណើរការនីតិវិធីបន្ត ដោយយោងលើមាត្រា ២៦៧ កថាខណ្ឌទី៥ និងមាត្រា២៤៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ សូមជម្រាបជូនសាធារណជនថា ទោះបីជាមានបណ្ដឹងឧបាស្រ័យដូចបានបញ្ជាក់ខាងលើក៏ដោយ តាមផ្លូវច្បាប់ និងនីតិវិធីព្រហ្មទណ្ឌ ពុំមានអានុភាពណាមួយផ្អាក ចំណាត់ការជំនុំជម្រះលើដីកាដំណោះស្រាយបន្ត នៅសាលាដំបូងមានសមត្ថកិច្ចឡើយ ៕

អត្ថបទដែលជាប់ទាក់ទង