បញ្ហាធំ២ ដែលសិស្សានុសិស្សចូលរួមទប់ស្កាត់ នោះ គឺគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន
ខេត្តកំពង់ចាម៖ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដល់អាយុជីវិតជនរួមជាតិជារៀងរាល់ថ្ងៃនោះ លោក គួច ចំរើន គណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងនូវបញ្ហាធំ២ ដែលសិស្សានុសិស្សចូលរួមទប់ស្កាត់ នោះគឺ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន។
ការលើកឡើងនូវបញ្ហានេះរបស់លោក គួច ចំរើនបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ខែកក្តដាឆ្នាំ២០១៨ ក្នុងពិធីផ្សព្វផ្សាយមួយនៅបឋមសិក្សា និងវិទ្យាល័យដីដុះ ក្រុងកំពង់ចាម។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ទៅសិស្សានុសិស្សនៃបឋមសិក្សា-វិទ្យាល័យដីដុះនោះថា ក្នុងនាមជាសិស្សសាលាត្រូវគិតលើបញ្ហា២ដ៍ធំ គឺមាន គ្រោះថ្នាក់ចរាចរណ៍ នឹងបញ្ហាគ្រឿងញៀន ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដល់អាយុជីវិតជនរួមជាតិជារៀងរាល់ថ្ងៃ យើងត្រូវផ្សព្វផ្សាយបន្ត ត្រូវប្រុងប្រយ័ត្នដោយគោរពច្បាប់ចរាចរណ៍ត្រូវពាក់មួកសុវត្ថិភាព ចេះអធ្យាស្រ័យគ្នា ចេះយោគយល់គ្នា កុំប្រើប្រាស់គ្រឿងញៀន កុំសេពគ្រឿងស្រវឹងជាដើមក្នុងពេលកំពុងបើកបរ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ក្នុងការបើកបរ ។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាជីវិតដល់ពលរដ្ឋដោយកុំខឹងនឹងការអនុវត្តន៍នូវច្បាប់ចរាចរណ៍ គឺដើម្បីកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។ បញ្ហាជាពិសេសប្រចាំថ្ងៃនោះគឺបញ្ហាសម្រាមត្រូវធ្វើការគ្រប់គ្រងអោយបានត្រឹមត្រូវ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសម្រួលចរាចរណ៍កុំឲ្យកក់ស្ទះនៅលើដងផ្លូវផងដែរ។
លោកអភិបាលខេត្តបន្តថា យុវជនគឺជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិដើម្បីអភិវឌ្ឍន៍កសាងប្រទេសឲ្យមានភាពរុងរឿងរីកចម្រើនជាបន្តបន្ទាប់ទៀត ដោយត្រូវជៀសឆ្ងាយពីគ្រឿងញៀន ត្រូវយល់ដឹងនូវផលប៉ះពាល់ដោយខ្លួនឯងនិងសង្គមជាតិផងដែរ។
ក្នុងឱកាសនោះដែរ លោក គួច ចំរើន ក៏បានស្នើដល់លោកគ្រូអ្នកគ្រូត្រូវធ្វើការណែនាំលើបញ្ហាអសកម្មដែលកើតមានឡើងលើបញ្ហាគ្រោះថ្នាក់ នឹងបញ្ហាគ្រឿងញៀនក្នុងពេលគោរពទង់ទាំងនៅបឋមសិក្សា និងវិទ្យាល័យ ជម្រុញដល់សិស្សានុសិស្សទាំងអស់បន្តខិតខំរៀនសូត្រដើម្បីខ្លួនឯង សង្គមគ្រួសារនឹងឈានដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕