មើលទីតាំង ទុក ទូក ង វែងជាងគេលើពិភពលោករបស់កម្ពុជា ក្រោមដំបូលធ្លុះធ្លាយ , គណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូកង ចេញសេចក្តីបំភ្លឺ
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការបង្ហោះនូវរូបថតជាច្រើនសន្លឹកលើបណ្តាញសង្គម ពីទិដ្ឋភាពទីតាំងទុកដាក់ ទូក ង វែងជាងគេលើពិភពលោករបស់កម្ពុជា ក្រោមដំបូលធ្លុះធ្លាយ។ បន្ទាប់ពីមានការរិះគន់មកនោះ គណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូកង ចេញសេចក្តីបំភ្លឺ ។
បើយោងតាមម្ចាស់គណនីហ្វេសប៊ុក Pichey Kumar បានឲ្យដឹងថា “វាសនារបស់ទូកង “កម្ពោជិកបុត្តាខេមរាតរី” ដែលបានជាប់កំណត់ត្រាទូកវែងជាងគេលើពិភពលោក កាលពីឆ្នាំ២០១៨ ។ មើលទៅការមើលថែរក្សាទុកដាក់មិនស្មើនិងតម្លៃសោះ មោទនភាពបានតែដំបូងចុងក្រោយទុកឯងចោលឲ្យគោមើល ។ បើពួកវាយតម្លៃកំណត់ត្រាឃើញ គេនឹងដឹងថាចរិតជាតិនិយម របស់យើងវាយ៉ាងមិចនោះ។ ពីខ្ញុំព្រះករុណាអាត្មាភាពអ្នកស្រឡាញ់ទូកងមួយរូប”។
ចំណែកឯផេកហ្វេសប៊ុក កូននាគកំណាច ភូមិភាគឦសាន្ដ ក៏បានសរសេរសារផងដែរថា តើសង្ឃឹមអ្វីទៀត? កាលពីពេលថ្មីៗនេះ មានការបង្ហោះលើកឡើងមួយពីវាសនារបស់ ទូក ង វែងជាងគេលើពិភពលោករបស់កម្ពុជា បែរជាត្រូវបានទុកចោលក្រោមដំបូលធ្លុះធ្លាយទៅវិញ។
គួរបញ្ជាក់ផងដែរថា ទូក ង វែងជាងគេលើពិភពលោករបស់កម្ពុជាយើង បានបំបែកឯតទគ្គកម្មពិភពលោក Guinness World Records កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយទូក ង នេះមានប្រវែងសរុប ៨៧,៣០ ម៉ែត្រ ទទឹងប្រវែង ១,៩៤ម៉ែត្រ និងជម្រៅទូក ០,៨០ ម៉ែត្រ ហើយ ទូក ង នេះមានចំណុះទូកចំនួន ១៧៩ នាក់។
បើតាមផេកហ្វេសប៊ុក ទូក”ង”ឯកខ្មែរ – Khmer Unique Boat បានសរសេរសារកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ នោះថា
ទូក ង វែងជាងគេលើពិភពលោករបស់កម្ពុជា ត្រូវបានប្រសិទ្ធនាមថា កម្ពោជិកបុត្តាខេមរាតរី និងត្រៀមបំបែកឯតទគ្គកម្មពិភពលោកនៅខែវិច្ឆិកានេះ។ ពេលនេះទូក ង វែងជាងគេលើពិភពលោក កំពុងស្ថិតនៅក្នុងដំណាក់កាលអុំសាកល្បង តុបតែង និងបាញ់ពណ៌ មុននឹងដាក់ជូនក្រុមការងារ Guinness World Records ពិនិត្យ វាយតម្លៃនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ និងត្រូវបានប្រសិទ្ធនាមថា កម្ពោជិកបុត្តាខេមរាតរី ដែលមានន័យថា ទូក ង របស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា ។
គណៈកម្មការផលិតទូកងដើម្បីបំបែកឯតទគ្គកម្មពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីទូកង វែងជាងគេលើពិភពលោកបានបញ្ជាក់ថា កម្មវិធីផលិតទូកនេះ រៀបចំក្នុងគោលបំណង (១) រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់នៃការផលិត និងការប្រើប្រាស់ទូកងរបស់ខ្មែរ តាំងពីបុរាណក៏ដូចជារំលឹកឡើងវិញ នូវស្នាព្រះហស្ថរបស់ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ជាពិសេសព្រះបាទជ័យវរ្ម័នទី៧ ដែលបានប្រើប្រាស់ទូកង ជាមធ្យោបាយមួយក្នុងការធ្វើសឹកសង្គ្រាមជាមួយសត្រូវ ការពារបូរណភាពទឹកដី (២) ជួយលើកតម្កើងកិត្យានុភាពជាតិ ដោយបង្ហាញពិភពលោកទាំងមូល ឱ្យដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយ និង (៣) ជំរុញស្មារតីស្នេហា
ជាតិ និងសាមគ្គីភាពនៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការថែរក្សានិងអភិរក្សកេរដំណែលពីដូនតា។
ក្រោយពីពិភាក្សាក្នុងគណៈកម្មការ និងក្រុមការងារពាក់ព័ន្ធរួចមក ទូកងដែលមានប្រវែង វែងជាងគេ
លើពិភពលោកខាងលើ ត្រូវបានប្រសិទ្ធនាមថា កម្ពោជិកបុត្តាខេមរាតរី (Kambojikaputtākhemarātari)
ដែលមានន័យថា “ទូកង របស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា”។
គណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូកង ដើម្បីបំបែកឯកទគ្គកម្មពិភពលោក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្ដីបំភ្លឺ ស្ដីពី ការតម្កល់ និងថែរក្សាទូកងវែងជាងគេ លើពិភពលោក។
ក្នុងសេចក្ដីបំភ្លឺ បានឲ្យដឹងថា សាធារណជន និងមិត្តអ្នកសារព័ត៌មាន ជាទីគោរពរាប់អាន ថ្មីៗនេះ មានការផ្សព្វផ្សាយអំពីការតម្កល់ និងការថែរក្សាទូកងវែងជាងគេ លើពិភពលោក “កម្ពោជិកបុត្តាខេមរាតរី” ក្នុងន័យថា គណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូកង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក មិនយកចិត្តទុកដាក់មើលថែររក្សាទុក។
ករណីនេះ គណៈកម្មការ សូមជម្រាបជូនសាធារណជន និងមិត្តអ្នកសារព័ត៌មាន មេត្តាជ្រាបដូចតទៅ៖
១៖ គណៈកម្មការ បានជម្រាបជូនជារឿយៗហើយថា ទូកងវែងជាងគេលើពិភពលោកនេះ នឹងរៀបចំទីតាំងតម្កល់យ៉ាងស័ក្តិសមបំផុត នៅក្នុងសាលាខេត្តព្រៃវែង សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី ហើយ
គណៈកម្មការក៏បានរៀបចំប្លង់សាងសង់ទីតាំងរួចរាល់ហើយដែរ ដែលគម្រោងនេះមិនមានការប្រែប្រួលឡើយ។
២៖ តាមផែនការឆ្នាំនេះ គណៈកម្មការគ្រោងរំកិលទូកពីទីតាំងរក្សាបណ្តោះអាសន្នបច្ចុប្បន្ន ទៅទីតាំងក្នុងសាលាខេត្ត ដែលកំពុងសាងសង់ថ្មី ក៏ប៉ុន្តែទី១ ការសាងសង់អគាររដ្ឋបាលសាលាខេត្តពុំទាន់រួចរាល់ ទី២ ឆ្នាំនេះ កម្ពស់ទឹកនៅមុខសាលាខេត្តទាបពេកឆាប់ហក់ឡើងហើយក៏ឆាប់ស្រកចុះទៅវិញ ស្ថានភាពបែបនេះមិនអំណោយផល ដល់ការចល័តទូកចេញ ពីរោងបណ្តោះអាសន្ននោះឡើយ។
៣៖ គណៈកម្មការ សូមទទួលស្គាល់ថា ស្ថានភាពរោងបណ្តោះអាសន្នសព្វថ្ងៃ ឆ្លុះធ្លាយដំបូលដោយអន្លើរប្រាកដមែន សភាពនេះបណ្តាលមកពីរោងទូកលិចទឹក និងអាកាសធាតុកន្លងទៅដែលកម្ពុជាយើងទទួលរងសម្ពាធជាបន្តបន្ទាប់ នាំឲ្យខ្យល់ភ្លៀងប៉ះពាល់ដល់រោងទូក។
កាលពីសប្តាហ៍មុន គណៈកម្មការបានសម្រេចគម្រោងថវិកា ដើម្បីជួសជុលរោងទូករួចរាល់ហើយ ដោយរង់ចាំទឹកស្រក និងស្ងួតដីបន្តិច ទោះជាបែបនេះក្តីគណៈកម្មការ ក៏បានចាត់ចែងក្រុមការងារចុះជួសជុលរោង និងសំអាតទីតាំងនោះបណ្តើរៗហើយ ដោយកំណត់ថាក្នុងសប្តាហ៍នេះ ក្រុមការងារនឹងចាប់ផ្តើមរៀបចំឡើងវិញទាំងស្រុង។
គណៈកម្មការចាត់ទុកការលើកឡើង ដោយភ្ជាប់នូវសំណូមពរខ្លះៗ ពីសំណាក់សាធារណជន និងមិត្តអ្នកសារព័ត៌មាន គឺជាការយកចិត្តទុកដាក់តាមដាន និងឈឺឆ្អាលប្រកបដោយមនសិការលើកកម្ពស់សមិទ្ធផលជាតិ និងវប្បធម៌ជាតិក្នុងស្មារតី “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ”។
ជាថ្មីម្តងទៀត គណៈកម្មការសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមតាមដាន ការផ្តល់ព័ត៌មាន ការផ្តល់មតិ និងយោបល់កែលម្អផ្សេងៗ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងមិត្តអ្នកសារព័ត៌មានទទួលជ្រាប និងបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មការឈរលើគោលការណ៍ សាមគ្គីភាពស្របតាមទស្សនៈ “ខ្មែរសាមគ្គីខ្មែរឈ្នះ”៕