រថយន្តនិងម៉ូតូបើកបញ្ច្រាស បុកទិសគ្នា បណ្តាលអោយមនុស្សស្លាប់០១នាក់និងរងរបួសធ្ងន់០១នាក់
ខេត្តឧត្តរមានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថានៅថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៩វេលាម៉ោង១៩ៈ៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើកំណាត់ផ្លូវជាតិលេខ២៦២៥ត្រង់ចំណុចខាងលិចសាលាអនុវិទ្យាល័យហ៊ុនសែនទួលតាសេកចំងាយប្រហែល១០០ម៉ែត្រស្ថិតក្នុងភូមិទួលតាសេកឃុំ–ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យបង្កឡើងរវាងរថយន្តនិងម៉ូតូបើកបរបញ្ច្រាសទិសគ្នាបណ្តាលអោយមនុស្សស្លាប់ចំនួន០១នាក់និងរងរបួសធ្ងន់ចំនួន០១នាក់។
នគរបាលមូលដ្ឋានបានឲ្យដឹងថាអ្នកបើកបររថយន្តឈ្មោះសេងវណ្ណឌីភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភូមិក្បាលស្ពាន២សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរថយន្តម៉ាកហ្វ៊ត(Ford) ពណ៌សសេរ៊ីឆ្នាំ២០១៩ពាក់ស្លាកលេខភ្នំពេញ2BG 9900 (បើកបរពីកើតទៅលិច) ពុំមានរងរបួស។
ចំណែកអ្នកបើកបរម៉ូតូឈ្មោះបូកនីភេទប្រុសអាយុ១៧ឆ្នាំមានទីលំនៅភូមិអូរំដេងឃុំ–ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅសេរ៊ីឆ្នាំ២០១៥ពាក់ស្លាកលេខកំពត1C 2349 បើកបរពីលិចទៅកើត(ស្លាប់នៅកន្លែងកើតហេតុ) ពាក់មួកសុវត្ថិភាព។
អ្នករួមដំណើរឈ្មោះនើបសុខរ៉ាភេទស្រីអាយុ១៧ឆ្នាំមានទីលំនៅភូមិអូរក្រូចឃុំ–ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ(រងរបួសធ្ងន់) គ្មានពាក់មួកសុវត្ថិភាព។
ក្រោយពេលកើតហេតុកម្លាំងជំនាញចរាចរណ៍បានចុះទៅពិនិត្យដល់ទីកន្លែងកើតហេតុនិងធ្វើការវាស់វែងចំណែកវត្ថុតាងរថយន្តនិងម៉ូតូកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទដើម្បីចាត់ការតាមនីតិវិធីបន្ត។
ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងចំណែកសពបានប្រគល់ទៅអោយក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕