យន្តហោះយោធារបស់ប្រទេសឈីលី ដែលមានមនុស្សចំនួន ៣៨នាក់ជិះ បានបាត់ខ្លួន
យន្តហោះយោធារបស់ប្រទេសឈីលី ដែលមានមនុស្សចំនួន ៣៨នាក់ជិះ បានបាត់ខ្លួន ពេលកំពុងធ្វើដំណើរទៅកាន់តំបន់អង់តាទិច។ នេះបើតាមការបញ្ជាក់របស់កងកម្លាំងអាកាសរបស់ប្រទេសនេះ។
យន្តហោះដឹកជញ្ជូនប្រភេទ C-130 Hercule បានបាត់ការទាក់ទងនៅម៉ោង ៦ល្ងាច ក្រោយពេលបានហោះចេញពីពីទីក្រុង Punta Arenas នៅម៉ោងជិត ៥ និង៥៥នាទី។
អ្នកដែលនៅលើយន្តហោះរួមមាន បុគ្គលិកចំនួន ១៧នាក់ និងអ្នកដំណើរចំនួន ២១នាក់។
ពួកគេកំពុងធ្វើដំណើរទៅផ្តល់ការគាំទ្រនៅមូលដ្ឋានទ័ព King George Island នៃតំបន់អង់តាទិច។ ប្រតិបត្តិការស្វែងរកំពុងតែបន្តធ្វើ។
ឧត្តមសេនីយ៍កងកម្លាំងអាកាសរបស់ឈីលី លោក Eduardo Mosqueira បានថ្លែងថា អ្នកបើកយន្តហោះនោះមានបទពិសោធន៍ច្រើន ហើយយន្តហោះប្រហែលជាត្រូវបង្ខំចុះចតក្រោយពេលអស់ប្រេង។
ប្រធានាធិបតីឈីលី លោក Sebastián Piñera បានបង្ហាញការព្រួយបារម្ភខ្លាំងពីការបាត់ខ្លួននៃយន្តហោះនោះ ហើយគាត់កំពុងតែពិនិត្យមើលស្ថានភាពពីរដ្ឋធានី Santiagoមក។
សូមបញ្ជាក់ថា ប្រទេសឈីលីបានគ្រប់គ្រងតំបន់អង់តាទិចលើផ្ទៃក្រឡា ១,២លានគីឡូម៉ែត្រការ៉េ ដោយព្រំដែនគោកត្រូវគ្រប់គ្រងដោយអាហ្សង់ទីន និងអង់គ្លេស។ នៅតំបន់អង់តាទិច ឈីលីមានមូលដ្ឋានទ័ពចំនួន ៩ ដែលច្រើនជាងប្រទេសណាៗទាំងអស់៕