បាញ់ប្រហារ នៅរដ្ឋ New Jersey ស្លាប់ ៦នាក់
មនុស្សយ៉ាងហោចណាស់ចំនួន ៦នាក់ រួមមានប៉ូលីសម្នាក់ និងខ្មាន់កាំភ្លើង ២នាក់បានស្លាប់ នៅក្នុងហេតុការណ៍បាញ់ប្រហារគ្នានៅជុំវិញហាងលក់គ្រឿងទេសមួយ ស្ថិតក្នុងទីក្រុង Jersey នៃរដ្ឋ New Jersey សហរដ្ឋអាមេរិច។
មនុស្សចំនួន ៥នាក់ រួមមានជនស៊ីល ៣នាក់ និងជនសង្ស័យ ២នាក់ត្រូវបានគេប្រកាសថាស្លាប់នៅក្នុងហាងនោះ ហើយប៉ូលីសម្នាក់ក៏បានស្លាប់ផងដែរ ក្នុងការបាញ់ប្រហារទៅវិញទៅមកជាមួយនឹងជនសង្ស័យ។ នេះបើតាមការបញ្ជាក់របស់មេប៉ូលីសឈ្មោះ Michael Kelly។
លោកនិយាយថាដោយជឿជាក់ថា អ្នកស្លាប់គឺដោយសារតែត្រូវគ្រាប់កាំភ្លើងរបស់ជនសង្ស័យ។ គេនៅមិនទាន់មានភស្ថុតាងភ្លាមៗដើម្បីបញ្ជាក់ថាតើការបាញ់ប្រហារនោះទាក់ទងនឹងអំពើភេរវកម្មឬយ៉ាងណាទេ។
ប៉ូលីសម្នាក់ និងជនស៊ីវិលម្នាក់ ក៏បានរងរបួសផងដែរ ក្នុងហេតុការណ៍បាញ់ប្រហារកាលពីថ្ងៃអង្គារ ពេលរសៀល ប៉ុន្តែស្ថានភាពរបស់ពួកគេកំពុងនឹងនរ។
ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំបានបង្ហោះសារសម្តែងការរំលែកទុក្ខទៅដល់ក្រុមគ្រួសារជនរងគ្រោះ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia