ព្រះរាជអាជ្ញាលោកគង់ ច័ន្ទខេមរិទ្ធ ចុះអនុវត្តសាលដីកា រុះរើផ្ទះស្ត្រីលក់អេតចាយ ទាំងខុសក្នុងប្លង់ភាគីដើមបំណុលប្រមាណ៦០០ម៉ែត្រពីគ្នា
ខេត្តស្វាយរៀង៖ តុលាការសាលាដំបូងខេត្តស្វាយរៀង ចុះអនុវត្តន៍សាលដីការបស់តុលាការកំពូល ក្នុងសាណុំរឿងរដ្ឋប្បវេណីលេខ០៧ ចុះថ្ងៃទី២២ខែមករាឆ្នាំ២០០២ របស់សាលាដំបូងខេត្តស្វាយរៀង និងតាមសាលដីកាតុលាការកំពូល ដោយចុះរុះរើផ្ទះនៅថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង២និង០០នាទីរសៀល ដោយអយុត្តិធម៌ណាស់ ព្រោះថា ដីទំនាស់ដ៏រ៉ាំរ៉ៃជាង១៨ឆ្នាំមកនោះ គឺមានភាពខុសចម្ងាយគ្នាប្រមាណ៦០០ម៉ែត្រ ពីប្លង់ដែលភាគីដើមដំណុលទាមទារពីកូនបំណុល។ ក្នុងករណីខាងលើនេះ បើតាមអាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋរស់នៅភូមិកៀនសាំង បានឲ្យដឹងថា ការពិតដីក្នុងទីតាំងប័ណ្ណសម្គាល់ដែលភាគីដើមបំណុលទាមទារពីកូនបំណុលនោះ មានទីតាំងផ្សេងពីគ្នា ដល់ទៅប្រមាណ៦០០ម៉ែត្រ ហើយភាគីដើមបំណុលបានលក់ឲ្យម្ចាស់ថ្មីកាន់កាប់ហើយ តែភាគីដើមបំណុលកាន់ប្លង់ចាស់ មកទាមទារដីពីកូនបំណុល យកដីផ្សេងទៅវិញ នេះជារឿងអយុត្តិមធ៌ខ្លាំងណាស់ ដែលភាគីដើមបំណុល និងព្រះរាជអាជ្ញាតុលាការខេត្តស្វាយរៀង ទំនងជាមានការឃុតឃិតគ្នា ចង់ស៊ីដាច់ដីកូនបំណុលហើយ ហើយដោយមានស្រពេចស្រពិលមិនប្រក្រតីបែបនេះ និងមិនមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងនោះ ក៏ត្រូវផ្អាកការចុះអនុវត្តន៍ដីកាតែម្តង។
លោកគង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំក្រុមអ្នកអនុវត្តន៍សាលក្រម នៃសាលាដំបូងខេត្តស្វាយរៀងនារសៀលថ្ងៃទី១១ធ្នូ២០១៩ នៅផ្ទះរបស់ជនរងគ្រោះឈ្មោះតន់ ថាវរី អ្នកលក់អេតចាយ ស្ថិតនៅភូមិកៀងសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនោះ ត្រូវបានផ្អាកនៅវេលាម៉ោង៣និង១០នាទីរសៀល ដោយគ្មានអាជ្ញាធរ និងមន្ត្រីសុរិយោដីចូលរួម គឺមានតែលោកព្រះរាជអាជ្ញា និងសមត្ថកិច្ចនគបាលជាង២០នាក់ប៉ុណ្ណោះ ហើយជាពិសេសរកអ្នកបង្ហាញព្រំប្រទល់ដី មិនទាន់បាន ក៏ប៉ុន្តែប្រជាពលរដ្ឋដែលមកចូលរួមជាច្រើននាក់ ប្រាប់ថាប័ណ្ណសម្គាល់សិទ្ធិ ដែលដើមបណ្តឹងយកមកអះអាងនេះ គឺនៅទីតាំងផ្សេង ដូច្ចេះត្រូវផ្អាកលើកពេលទៅថ្ងៃក្រោយ។ ទាក់ទិនករណីនេះដែរ លោកគង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានមានប្រសាសន៍ថា ការអនុវត្តន៍សាលដីកានេះ ត្រូវផ្អាកដោយសាររកអ្នកនៅព្រំប្រទល់ មិនទាន់បានគ្រប់ម្យ៉ាងអាជ្ញាធរក្រុង និងមន្ត្រីសុរិយោដីអត់មកចូលរួម។ ដូច្នេះត្រូវផ្អាកសិនលើកទៅថ្ងៃក្រោយ ហើយបើកូនបំណុលចង់បានយុត្តិធម៌ សូមរកមេធាវីដាក់សំណើរ ទៅតុលាការសុំជំទាស់ និងសើរើសំណុំរឿងឡើងវិញ។ ចំណែកស្រ្តីពីនាក់បងប្អូននិងកូន អំពាវនាវសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍រកយុត្តិធម៌ ក្នុងរឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ រយៈពេល១៨ឆ្នាំនេះ និងសុំសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មេត្តាផ្តល់មេធាវីរបស់សម្តេច មកការពារក្តីខាងលើនេះ ដល់ជនរងគ្រោះដោយជនរងគ្រោះក្រីក្រ គ្មានលទ្ធភាពរកមេធាវីទេ។
សូមបញ្ជាក់ថា តុលាការសាលាដំបូងខេត្តស្វាយរៀង ចុះអនុវត្តន៍សាលដីការបស់តុលាការកំពូល ក្នុងសាណុំរឿងរដ្ឋប្បវេណីលេខ០៧ ចុះថ្ងៃទី២២ខែមករាឆ្នាំ២០០២ របស់សាលាដំបូងខេត្តស្វាយរៀង និងតាមសាលដីកាតុលាការកំពូល ដោយចុះរុះរើផ្ទះនៅថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង២និង០០នាទីរសៀល ដោយអយុត្តិធម៌ណាស់។ លិខិតជូនដំណឹងរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ជម្រាបមកលោកហ៊ ហាន អាយុ៤៤ឆ្នាំ ភេទប្រុស មានទីលំនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុស្វាយរៀង (ជាកូនបំណុល) នៅថ្ងៃទី១១ខែធ្នូ២០១៩ វេលាម៉ោង២និ០០នាទីរសៀល យើងដឹកនាំក្រុមអ្នកអនុវត្តន៍សាលក្រម របស់សាលាដំបូងខេត្តស្វាយរៀង ចុះអនុវត្តន៍សាលដីកាលេខ៥២០ ចុះថ្ងៃទី២៤ខែធ្នូ២០០៧ របស់សាលាកំពូល ដោយចុះរុះរើផ្ទះចេញ ពីភូមិដែលមានទំហំ១១៨១ម៉ែត្រការ៉េ មានប័ណ្ណសម្គាល់សិទ្ធិលេខA១:១២៨១ ចុះថ្ងៃ០២ខែមេសាឆ្នាំ១៩៩៣ ស្ថិតនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ឲ្យទៅឈ្មោះតន់ វឌ្ឍនៈ (ជាម្ចាស់បំណុល) គ្រប់គ្រងតាមអំណាចសាលដីកា ខាងលើដោយអយុត្តិធម៌។
បើតាមស្រ្តីរងគ្រោះឈ្មោះតន់ ថាវរី អាយុ៤៩ឆ្នាំ ដែលជាប្រពន្ធរបស់ឈ្មោះហ៊ ហាន បានរៀបរាប់ថា ដីលំនៅឋាន ដែលរូបគាត់រស់នៅសព្វថ្ងៃ ពីឆ្នាំ១៩៧៩ បងស្រីឈ្មោះតន់ សំអ៊ាត អាយុ៦៥ឆ្នាំ បានមករស់នៅលើដីទំហំ៤០ម៉ែត្រគុណ៤០ម៉ែត្រនេះ រហូតដល់ឆ្នាំ១៩៨៨ ហើយរូបគាត់តន់ ថាវរី បានរៀបការជាមួយប្តីឈ្មោះហ៊ ហាន និងដោយគ្មានដីសង់ផ្ទះរស់នៅ បងស្រីឈ្មោះតន់ សំអ៊ាត ក៏បានឲ្យមកសង់ផ្ទះរស់នៅចាប់តាំងពីឆ្នាំ១៩៨៨ រហូតដល់បច្ចុប្បន្ន ចំណែកបងស្រីក៏បានទៅរស់នៅតាមប្តី ទៅធ្វើការជាមន្ត្រីរាជការនៅភ្នំពេញ រហូតបច្ចុប្បន្នដែរ។ ចំណែកប្តីរបស់គាត់ឈ្មោះហ៊ ហាន បានស្លាប់នៅថ្ងៃទី២៩វិច្ឆិកា២០១៥ ទុកឲ្យគាត់រស់នៅជាស្រ្តីមេម៉ាយថែកូន២នាក់ ដោយប្រកបមុខរបរដើរទិញអេតចាយ រកព្រឹកខ្វះល្ងាច។ លុះឆ្នាំ២០០២ មានឈ្មោះតន់ វឌ្ឍនៈ ភេទប្រុសអាយុ១៩ឆ្នាំ បានផ្ទេរសិទ្ធិទៅឲ្យឈ្មោះងិន សារី នៅភូមិកៀនសាំង ដាក់ពាក្យបណ្តឹងទៅតុលាការខេត្តស្វាយរៀងថា ជាដីរបស់ឳពុកគេឈ្មោះតន់ ភឿន និងម្តាយឈ្មោះងិន ចន្ថា (ស្លាប់) ដោយចោទថាឈ្មោះហ៊ ហាន និងប្រពន្ធឈ្មោះតន់ ថាវរី សុំដីឳពុកខ្លួនរស់នៅ ហើយបានយកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លីលេខអា១.១២៨១ ចុះថ្ងៃទី២ខែមេសាឆ្នាំ១៩៩៣ ចុះហត្ថលេខាដោយលោកសោម សន ប្រធានការិយាល័យសុរិយោដីខេត្តស្វាយរៀង និងលោករស់ ឆាយ ប្រធានគណៈកម្មការប្រជាជនស្រុកស្វាយរៀង។ កំណត់ហេតុអង្កេតដីរបស់ឈ្មោះតន់ ភឿន និងប្រពន្ធឈ្មោះងិន ចន្ថា នៅភូមិទី៦ (បច្ចុប្បន្នភូមិកៀនសាំង) ឃុំលេខ១ (បច្ចុប្បន្នសង្កាត់ស្វាយរៀង) ស្រុកទីរួមខេត្ត (ក្រុងស្វាយរៀង) ខេត្តស្វាយរៀង ប្រភេទដីភូមិទំហំ០០ហិកតា១៥អា៥៤សង្ទីអា ទ្រព្យរួមប្តីប្រពន្ធ។ ព្រំប្រទល់ខាងជើងទល់និងប្រឡាយ ខាងត្បូងទល់និងពេជ វណ្ណា ខាងលិចទល់និងផ្លូវដើរ ខាងកើតទល់និងគាតវីរៈ។ ទំហំដីស្នើប្រមាណ០០ហិកតា០៦អា៦៨សង្ទីអា ចំណុចទីតាំងដីផ្លូវចេញពីខាងលិចស្ថានីយអនាម័យ ចម្ងាយ១៥៨ម៉ែត្រ។ ចំណែកទីតាំងដី ដែលជនរងគ្រោះ រស់នៅសព្វថ្ងៃ នៅខាងលិចប្លង់នៃប័ណ្ណសម្គាល់សិទ្ធិលេខអា១.១២៨១នេះ ចម្ងាយប្រមាណ៦០០ម៉ែត្រឯណោះ ដែលមានព្រំប្រទល់ខាជើង ទល់និងប្រឡាយ ខាងត្បូង ទល់និងប៉ុលសារិត ខាងលិចទល់និងផ្លូវថ្នល់ មកពីរង្វង់មូលរូបគោ ខាងកើតទល់និងមីសារុត ដែលមានទំហំ៤០ម៉ែត្រគុណ៤០ម៉ែត្រ។ បានន័យថាប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ដែលឈ្មោះតន់ វឌ្ឍនៈ ដាក់មកប្តឹងទាមទានោះ គឺខុសគ្នា៦០០ម៉ែត្រ។ ទាក់ទិនករណីនេះដែរ លោកម៉ម មាស ប្រធានភូមិបាលស្រុកស្វាយរៀង បានបញ្ជាក់ថា ចំពោះប័ណ្ណសម្គាល់សិទ្ធិលេខA1.1281 ដែលភាគីឈ្មោះតន់ វឌ្ឍនៈ យកមកដាក់សំអាងនោះ ពុំមែនជាប្លង់ដីដែលឈ្មោះហ៊ ហាន និងប្រពន្ធឈ្មោះតន់ ថាវរី រស់នៅសព្វថ្ងៃទេ។ ហើយបើតាមអាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋរស់នៅភូមិកៀនសាំង បានឲ្យដឹងថា ការពិតដីក្នុងទីតាំងប័ណ្ណសម្គាល់សិទ្ធិលេខ១អា.១២៨១ ទំហំ០៦អា៦៨សង្ទីអានោះ គឺបានលក់ឲ្យម្ចាស់ថ្មីកាន់កាប់ហើយ ប្រជាពលរដ្ឋ៤០គ្រួសារ បានផ្តិតមេដៃសុំឲ្យតុលាការ ចុះអង្កេតស្រាវជ្រាវរកយុត្តិធម៌ឲ្យជនរងគ្រោះផងដែរ។ ដូច្នេះជនរងគ្រោះ សូមអំពាវនាវសុំឲ្យសម្តេចតេជាហ៊ុន សែន មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ ដោយអនុគ្រោះ។ ស្រ្តីរងគ្រោះជាត្រីមេមាយក្រីក្រ រស់នៅក្នុងខ្ទមតូចមួយគ្មានដីណា ក្រៅពីដីភូមិរស់នៅសព្វថ្ងៃឡើយ៕