ចាប់ខ្លួន មនុស្ស៣នាក់ ករណីចោរកម្ម លួចគាស់ទូដែកមានលុយជាង៧ម៉ឺនដុល្លារ
ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះនៅថ្ងៃទី១១ធ្នូ បានចេញប្រកាសព័ត៌មានថា នគរបាលព្រហ្មទណ្ឌខេត្តនិងស្រុក បានសម្រេចធ្វើការចាប់ឃាត់ខ្លួន មនុស្សប្រុសស្រី៣នាក់ ក្នុងនោះមានម្នាក់ជាជនជាតិចិនក្រោយពីសង្ស័យថា ពួកគេមានជាប់ពាក់ព័ន្ឋនិងករណីអំពើចោរកម្ម លួចគាស់ទូដែក យកលុយពីក្នុងបន្ទប់រដ្ឋបាលរបស់ក្រុមហ៊ុនចិន កាលពីវេលាទាបភ្លឺថ្ងៃទី១០ ខែធ្នូ ស្ថិតនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ។
នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៍ឯក គុណ សោភ័ណ្ឌ បានប្រាប់ឲ្យដឹងថា ក្រោយចុះស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ នគរបាលបានសម្រេចធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ ក្នុងនោះរួមមាន សន្តិសុខ១នាក់ និងកម្មករជនជាតិចិន១នាក់ ព្រមទាំងស្រ្តីខ្មែរប្រពន្ធបុរសជនជាតិចិន១នាក់ទៀត ដើម្បីមកធ្វើការសាកសួរក្រោយសង្ស័យថា ពួកគេអាចជាប់ពាក់ព័ន្ធ។
លោកបញ្ជាក់ថា លុយដែលបាត់បង់ក្នុងអំពើចោរកម្មនេះ មានចំនួនជាង៧ម៉ឺនដុល្លារ។ ដែលលុយទាំងនោះ ត្រូវបានដាក់ក្នុងទូដែក ក្នុងបន្ទប់រដ្ឋបាលរបស់ក្រុមហ៊ុន ហើយក៏ត្រូវជន មិនស្គាល់មុខចូលលួចគាស់កម្ទេចយកលុយ ព្រមទាំងបំផ្លាញកាមេរ៉ាសុវត្ថិភាពថែមទៀត៕