នគរបាលឃាត់ខ្លួនជនជាប់ចោទមួយនាក់ តាមដីកាបង្គាប់ ឱ្យចាប់ខ្លួន ករណីកាច់កម៉ូតូ
ខេត្តតាកែវ ៖ នគរបាលឃាត់ខ្លួនជនជាប់ចោទមួយនាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៩៨/២០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តតាកែវ ពីបទ៖ “លួចមានស្ថានទម្ងន់ទោស ” ដែលប្រព្រឹត្តនៅភូមិត្រពាំងពូន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃ០៦ ខែធ្នូ ឆ្នាំ២០១៩ កាច់សោ កម៉ូតូ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា បន្ទាប់ធ្វើការស្រាវជ្រាវអស់រយៈពេលមួយសប្តាហ៍នៅថ្ងៃពុធ ១៥ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១០៖១៥នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានចុះឃាត់ខ្លួនជនជាប់ចោទមួយនាក់តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៩៨/២០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តតាកែវ ពីបទ៖ “លួចមានស្ថានទម្ងន់ទោស ” ដែលប្រព្រឹត្តនៅភូមិត្រពាំងពូន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃ០៦ ខែធ្នូ ឆ្នាំ២០១៩ (កាច់សោ កម៉ូតូ) ដែលបានរត់គេចខ្លួន ស្របពេលបក្ខពួក៣នាក់ទៀតត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយពេលកើតហេតុ ។
ជនជាប់ចោទខាងលើឈ្មោះ វៀច លាងស៊្រុន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិគ្រាំងប្រទាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញ បានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់ ៕