សំណង់ឡៅតឿផ្សារអូរឫស្សីមានសភាព បែកប្រេះស្រាំ អាជ្ញាធររាជធានីស្នើឱ្យអាជីវករលក់ដូរនៅលើឡៅតឿ ក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំង ផ្ទេរការលក់ដូរជាបណ្តោះអាសន្ន ដើម្បីជួសជុលឡើងវិញ
ភ្នំពេញ៖ សំណង់ឡៅតឿផ្សារអូរឫស្សីមានសភាពបែកប្រេះស្រាំអាជ្ញាធររាជធានីភ្នំពេញស្នើឱ្យបងប្អូនអាជីវករដែលកំពុងលក់ដូរនៅលើឡៅតឿក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី ទៅទីតាំងថ្មីនៅក្រៅផ្សារ តាមកាលបរិច្ឆេទដែលបានគ្រោងទុក ដើម្បីបង្កលក្ខណៈឱ្យក្រមការងារបច្ចេកទេសសំណង់ ធ្វើការជួសជុលជាបន្ទាន់ឡើងវិញ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលសារព័ត៌មានយើងទទួលបាននៅព្រឹកថ្ងៃទី១៧ ធ្នូ ២០១៩នេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនអាជីវករនៅក្នុងផ្សារអូរឫស្សីទាំងអស់ឱ្យបានជ្រាបថា បច្ចុប្បន្នសំណង់អាគារផ្សារអូរប្ញស្សីមានលក្ខណៈរឹងមាំ និងមានគុណភាពប្រើប្រាស់យូរអង្វែង ដោយឡែកតែសំណង់ឡៅតឿប៉ុណ្ណោះដែលមានសភាពបែកប្រេះស្រាំដោយអន្លើ ប្រសិនបើទុកយូរបន្តទៀត អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាពិសេសអាជីវករលក់ដូរក្នុងផ្សារ អតិថិជន និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។
ដូចនេះ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងចៀសវាងរាល់ហានិភ័យដែលកើតមានឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបងប្អូនអាជីវករដែលកំពុងលក់ដូរនៅលើឡៅតឿក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី ទៅទីតាំងថ្មីនៅក្រៅផ្សារតាមកាលបរិច្ឆេទដែលបានគ្រោងទុក ដើម្បីបង្កលក្ខណៈឱ្យក្រមការងារបច្ចេកទេសសំណង់ ធ្វើការជួសជុលឡើងវិញជាបន្ទាន់ និងឆាប់រួចរាល់ ដើម្បីឱ្យបងប្អូនអាជីវករបានត្រឡប់ចូលមកលក់ដូរនៅកន្លែងដើមវិញប្រកបដោយសុវត្ថិភាព និងសោភណភាព៕