ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ហាស្នើសុំចេញប័ណ្ណកម្មសិទ្ធិរ៉ាំរ៉ៃច្រើនឆ្នាំ ត្រូវបានបញ្ចប់

46

កំពត៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំរបស់រដ្ឋបាលខេត្តកំពត មានកិច្ចប្រជុំដោះស្រាយ បញ្ហាស្នើសុំប័ណ្ណកម្មសិទ្ធិ របស់ឈ្មោះ ស្វាយ សាត់ ស្ថិតនៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ក្រោមការដឹកនាំដោយលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមស្រាយបំភ្លឺ ពីលោកអភិបាលស្រុកកំពង់ត្រាច ប្រធានរៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសាម៉ីជនស្នើប័ណ្ណផងដែរ។

យោងតាមការពិនិត្យរបាយការណ៍ជាក់ស្តែង ឃើញឈ្មោះស្វាយ សាត់ ពិតជាបានធ្វើការស្នើសុំប័ណ្ណកម្មសិទ្ធិ លើផ្ទៃដីទំហំ២៩៤ម៉ែត្រការ៉េ ជាយូរមកហើយ ដោយដីដែលស្នើសុំនេះ មានទំនាស់កាលពីច្រើនឆ្នាំកន្លងមក ជាមួយភាគីជាប់ព្រំជាហេតុ ធ្វើឲ្យមានការបង្អាក់ដំណើរការចេញប័ណ្ណ។

ក្រោយពីបានទទួលពាក្យស្នើ តាមរយៈផេកផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ជាវ តាយ បានរៀបចំក្រុមការងារដឹកនាំផ្ទាល់ ដើម្បីដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃនេះ ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដោយអញ្ជើញភាគីជាប់ព្រំទាំងពីរ ធ្វើការផ្សះផ្សារដោយនីតិវិធី ចំពោះមុខអាជ្ញាធរពាក់ព័ន្ធ និងធ្វើការចេញប័ណ្ណកម្មសិទ្ធិ នៅរសៀលម៉ោង១៥រសៀលនេះជាកំហិត៕

អត្ថបទដែលជាប់ទាក់ទង