ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ស្នើឲ្យក្រុមហ៊ុនស្មាត បានសុំឲ្យក្រុមហ៊ុនពិចារណា ពង្រីកវិសាលភាព របស់ក្រុមហ៊ុនឲ្យគ្របដណ្ដប់ ទៅលើទីជនបទ ឲ្យបានច្រើនទូលំទូលាយ

46

 

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក តាន់ស្រ៊ី ចាមាលូឌីន អ៊ីប្រាហ៊ីម (TAN SRI JAMALUDIN IBRAHIM) ប្រធានក្រុមហ៊ុន Axiata Group Berhad ដែលកម្ពុជាស្គាល់ថា ជាក្រុមហ៊ុនទូរស័ព្ទចល័តស្មាត (Smart )។

លោក TAN SRI បានគោរពជម្រាបជូនសម្តេចតេជោថា ក្រុមហ៊ុន Smart Axiata បានបោះទុកវិនិយោគនៅកម្ពុជា អស់ប្រមាណ ១,៤០០ លានដុល្លារអាមេរិកហើយ ហើយក្រុមហ៊ុនកំពុងមានគម្រោងវិនិយោគបង្កើតបន្ថែមទៀត គឺការវិនិយោគលើបច្ចេកវិទ្យាថ្មី ទំនើប រួមទាំងប្រព័ន្ធល្បឿនលឿន 5G ផងដែរ។ ការវិនិយោគរបស់ក្រុមហ៊ុន Smart Axiata គឺមិនត្រឹមតែដើម្បីរកផលចំណេញនោះទេ ប៉ុន្តែគឺមានគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសង្គមជាតិកម្ពុជាផងដែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនSmart បានចូលរួមចំណែកយ៉ាងច្រើន ក្នុងកិច្ចការសង្គមដូចជាលើ វិស័យអប់រំ វិស័យសុខាភិបាលក៏ដូចជាវិស័យបរិស្ថាន និងកីឡាផងដែរ។ ជាមួយគ្នានេះផងដែរ លោក TAN SRI បានគោរពជម្រាបជូនសម្ដេចតេជោទៀតថា ក្រុមហ៊ុន Smart Axiata នឹងបន្តពង្រីកវិសាលភាពរបស់ក្រុមហ៊ុនបន្តទៀត ដែលនឹងគ្របដណ្ដប់ ទៅតាមទីជនបទនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ លោក TAN SRI បានស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើយ៉ាងណាឱ្យក្រុមហ៊ុន Smart Axiata មានឱកាសបានចូលរួមចំណែក កាន់តែខ្លាំងឡើង ក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ លោក TAN SRI និងក្រុមហ៊ុន Smart ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍កម្ពុជា តាមកម្មវិធីមនុស្សធម៌នានារបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានសុំអោយក្រុមហ៊ុនពិចារណាពង្រីកវិសាលភាព របស់ក្រុមហ៊ុនឲ្យគ្របដណ្ដប់ ទៅលើទីជនបទអោយបានច្រើនទូលំទូលាយ ជាពិសេស សម្ដេចតេជោបានស្នើសុំឲ្យក្រុមហ៊ុន ពិចារណាក្នុងការជួយផ្តល់នូវសេវា Internet ដល់សាលារៀន រួមទាំងសាកលវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងនៅតាមបណ្ណាល័យជាដើម និងមន្ទីរពេទ្យដើម្បីធ្វើយ៉ាងណាឲ្យគ្រូបង្រៀន និស្សិត និងសិស្សានុសិស្សមានឱកាសប្រើប្រាស់បច្ចេកវិទ្យាតាម Internet ដើម្បីបង្កើនការសិក្សាស្រាវជ្រាវ ពង្រីកចំណេះវិជ្ជាដើម្បីពង្រឹងគុណភាព និងសមត្ថភាពធនធានមនុស្សឲ្យកាន់តែរីកចម្រើន។

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យក្រុមហ៊ុន Smart Axiata ពិចារណាពិនិត្យមើលប្រព័ន្ធស្មាតនៅក្រៅប្រទេស (Roaming) ផងដែរ គឺធ្វើយ៉ាងណាឲ្យប្រព័ន្ធស្មាត អាចដំណើរការទៅបានទាំងការហៅចេញចូល និងប្រព័ន្ធ Internet អោយបានល្អនៅក្រៅប្រទេសឲ្យបានច្រើន។ ព្រោះពេលសម្តេចតេជោ អញ្ជើញទៅបេសកកម្មក្រៅប្រទេស គឺប្រព័ន្ធស្មាតមិនសូវមាន Roaming ដែលលំបាកប្រើប្រាស់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរប្រព័ន្ធស្មាត ដែលជាប្រព័ន្ធដ៏ល្អមួយដែលមានល្បឿនលឿនជឿទុកចិត្តបាន។ តាមរយៈការពង្រីកវិសាលភាពថែមទៀត ទាំងនៅក្នុងស្រុក និងក្រៅស្រុក គឺនឹងធ្វើឲ្យកាន់តែពេញនិយមពីប្រជាពលរដ្ធ និងយុវជនសិស្សានុសិស្សជាមិនខាន ព្រោះសព្វថ្ងៃនេះ ក្រុមហ៊ុន Smart Axiata កំពុងមានសក្ដានុពលឈានខ្លាំងផ្នែកវិស័យ Telecommunication ដែលទាក់ទាញបានជំនឿជឿជាក់យ៉ាងខ្លាំង ពីប្រជាពលរដ្ឋកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង