ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនសង្ស័យ៧នាក់បន្ថែមទៀត ករណីចាប់បង្ខាំងមនុស្សនិងនាំចូលអាវុធដោយខុសច្បាប់

64

ព្រះសីហនុ៖បន្ទាប់ពីចាប់ខ្លួនជនជាតិចិន៧នាក់ហើយត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សនិងនាំចូលអាវុធដោយខុសច្បាប់នៅខេត្តព្រះសីហនុហើយនោះ, កម្លាំងនគរបាលជំនាញបានបន្ដស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ៧នាក់បន្ថែមទៀតក្នុងនោះជនជាតិចិន៣នាក់និងខ្មែរ៤នាក់ពាក់ព័ន្ធករណីនេះ។

រសៀលថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩នេះប្រតិបត្តិការដ៏ក្ដៅគគុកជាបន្ដបន្ទាប់នេះត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិ, លោកគួចចំរើនអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនិងក្រោមការសម្របសម្រួលពីលោកសៀងសុខព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៣១៤ខែធ្នូដោយកម្លាំងជំនាញតាមចាប់ជនសង្ស័យនៅរាជធានីភ្នំពេញផងនិងនៅក្រុងព្រះសីហនុផងបានជាបន្តបន្ទាប់សរុបចំនួន៧នាក់បន្ថែមទៀត(ជនជាតិខ្មែរ៤នាក់,ជនជាតិចិន៣នាក់ស្រីម្នាក់) ព្រមទាំងចាប់យកវត្ថុតាងកាំភ្លើង៥ដើម(កាំភ្លើងវែង១ដើមនិងកាំភ្លើងខ្លី៤ដើម) និងគ្រាប់រំសេវមួយចំនួនទៀត។

វត្ថុតាងចាប់យកបានរួមមាន៖កាំភ្លើងវែងAK47 ១ដើម, កាំភ្លើងខ្លី៤ដើម(ម៉ាកGLOCK17 ១ដើមពណ៌ខ្មៅ, ម៉ាកGLOCK19 ១ដើមពណ៌ខ្មៅ, ម៉ាកGLOCK19 KILLER ១ដើមពណ៌ខ្មៅនិងម៉ាកK59 ១ដើមពណ៌ខ្មៅ, បង់កាំភ្លើងប្រភេទ១៥គ្រាប់ចំនួន៤បង់, បង់កាំភ្លើងប្រភេទ៣០គ្រាប់ចំនួន២បង់(ថ្មីមិនទាន់ហែកប្រើ), គ្រាប់កាំភ្លើង១៨១គ្រាប់(គ្រាប់ប្រភេទ៩mm ចំនួន៦៦គ្រាប់, គ្រាប់ប្រភេទK59 ចំនួន៥គ្រាប់), រឺស័របង់កាំភ្លើងចំនួន២(ថ្មីមិនទាន់ហែកប្រើ), តួកាំភ្លើងម៉ាកGLOCK ចំនួន១និងគ្រឿងបន្លាស់កាំភ្លើងមួយចំនួន(សម្រាប់កែឆ្នៃកាំភ្លើងខ្លីម៉ាកGLOCK ធម្មតាទៅជាអូតូរ៉ាស់ហ្វាល់) និងម៉ាស៉ីនស្វាន១គ្រឿងនិងគ្រឿងបន្លាស់១ប្រអប់។

គួរជម្រាបថាកាលពីថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៩កន្លងទៅកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យជនជាតិចិនចំនួន៧នាក់ដែលជាប់ពាក់ព័ន្ធករណីចាប់ឃុំឃាងបង្ខាំងមនុស្សខុសច្បាប់, ផ្តល់ទីតាំងប្រព្រឹត្តិបទល្មើសឧក្រិដ្ឋនិងនាំចូលអាវុធដោយគ្មានការអនុញ្ញាតិនៅចំណុចផ្ទះសំណាក់ស៊ែងឆីងស្ថិតនៅភូមិ២សង្កាត់២ក្រុងព្រះសីហនុព្រមទាំងដកហូតបានកាំភ្លើងខ្លីចំនួន២ដើម, កាំភ្លើងវែង១ដើម(M16) គ្រាប់កាំភ្លើងនិងគ្រឿងញៀនមួយចំនួនធំ។ជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង