អ្នកប្រដាល់៨ជាតិសាសន៍ ជួបគ្នាអង្រួនសង្វៀន បុណ្យសមុទ្រនៅខេត្តកំពត
អ្នកប្រដាល់៨ជាតិសាសន៍មានឥណ្ឌា អ៊ីរ៉ង់ ម៉ូរីទីស បារាំង អូស្រ្តាលី ចិន ថៃឡង់ដ៏ និងកម្ពុជា នឹងជួបគ្នាអង្រួនសង្វៀនប្រដាល់នៅបុណ្យសមុទ្រ លើកទី៨ជុំទី២នៅខេត្តកំពតដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២០-២១និង២២ខែធ្នូឆ្នាំ២០១៩នេះ ។
ការជួបជុំនៃអ្នកប្រដាល់ទាំង៨ជាតិសាសន៍នេះ នៅក្នុងការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិរយៈពេល៣ថ្ងៃនៅបុណ្យសមុទ្រនេះ មានចំនួន១៩គូ ដែលក្នុងថ្ងៃទី១ប្រកួតចំនួន៦គូ ថ្ងៃទី២ប្រកួតចំនួន៧គូ និងថ្ងៃទី៣ថ្ងៃបង្ហើយប្រកួតចំនួន៦គូ ។
លោក អៀម សារ៉ា ប្រធានសហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិបានបញ្ជាក់ឲ្យដឹងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាថ្ងៃទី១៧ធ្នូនៅលេខាធិការដ្ឋានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាNOCC ថា ការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិ នៅសង្វៀនបុណ្យសមុទ្រនេះ ជាពឹ្រត្តិការណ៍ប្រកួតពិសេស មានលក្ខណះជាការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកផង និងការប្រកួតលក្ខណះមិត្តអន្តរជាតិផង ដែលមានអ្នកប្រដាល់ខ្មែរនិងបរទេស៨ជាតិសាសន៍ចូលរួមប្រកួត ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២នៅខេត្តកំពតនៃប្រទេសកម្ពុជា ។
ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិ វាយដណ្តើមខ្សែក្រវាត់ពិភពលោកនិងមិត្តភាពអន្តរជាតិ ដែលមាន៨សាសន៍នេះ សហការរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ រួមជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាNOCC និងស្ថានីយទូរទស្សន៍អប្សរា ។
អ្វីដែលគួរកត់សម្គាល់នោះ ក្នុងចំណោមអ្នកប្រដាល់បរទេសដែលមកប្រកួតលើកនេះ គឺខាងចិនគេបញ្ជូនអ្នកប្រដាល់ សៅលិញចំនួន៤នាក់មកចូលរួមប្រកួត ។នេះបើតាមលោក អៀម សារ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិបង្ហើបប្រាប់ ។
លោក អៀម សារ៉ា បានបញ្ជាក់ឲ្យដឹងដែរថា គោលដៅសំខាន់នៃការរៀបចំប្រកួត ប្រដាល់គុនខ្មែរអន្តរជាតិនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជាក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពតឆ្នាំនេះ គឺជាការប្រកួតតាមលក្ខណះស្មគ្រចិត្ត(Amateur) និងពាក់កណ្តាលអាជីព (Demi Professional) ដោយសារអ្នកប្រដាល់ជាតិសាសន៍ខ្លះដែលមកនោះ គឺស្ថិតក្នុងលក្ខណះជាអ្នកប្រដាល់ស្មគ្រចិត្តប៉ុណ្ណោះ ដែលយើងនឹងផ្គូអោយជួបជាមួយអ្នកប្រដាល់ដែលមានលក្ខណហស្មគ្រចិត្តដូចគ្នា តែចំពោះអ្នកប្រដាល់ថៃ គឺយើងនឹងរៀបចំផ្គូដាក់អ្នកប្រដាល់ខ្លាំងៗរបស់ខ្មែរយើង ឲ្យជួបជាមួយតែម្តង ។
លោកឧត្តមសេនីយតែម ម៉ឺន ប្រធានសហព័ន្ធកីឡាគុនខ្មែរ បានអះអាងថា មន្ត្រីបច្ចេកទេស មន្រ្តីបំរើការផ្សេងៗ និងកីឡាករប្រដាល់ទាំងអស់ នៅក្នុងការប្រកួតដ៏ធំបែបនេះ ត្រូវតែបង្ហាញសមត្ថភាព អត្តចរឹក ក្រមសីលធម៌ ពិសេសអាជ្ញាកណ្តាល ចៅក្រម ត្រូវត្រៀមខ្លួនអោយបានល្អ ក្នុងការកាត់សេចក្តីត្រូវតែឈរលើតម្លាភាព យុត្តិធម៌ ត្រឹមត្រូវ ហើយត្រូវបែងចែកឲ្យបានច្បាស់លាស់រវាងគូមិត្តភាព និងគូដណ្តើមពានរង្វាន់ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បាន មានប្រសាសន៍ថា នេះជាលើកទី៣ហើយដែលបង្កើតអោយមានការប្រកួត ប្រដាល់គុន ខ្មែ រអន្តរជា តិ ដែលលើកទី១ យើងបានរៀបចំនៅពហុកីឡដ្ឋានជាតិ លើកទី២នៅក្នុងពហុកី ឡដ្ឋានជាតិមរតកតេជោក្នុងពិធីសម្ពោធន៍វិមានឈ្នះឈ្នះ កាលពីបំណាច់ឆ្នាំ២០១៨ កន្លង មកនោះ ។
លោកអគ្គលេខធិការNOCC បានបញ្ជាក់ថា ការរៀបចំនូវព្រឹត្តិការណ៍នេះឡើង គឺដើម្បីរក្សាស្ថេរភាពនៅក្នុងសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ ក្នុងគោលដៅឆ្ពោះទៅការរៀបចំស៊ីហ្គេមទេ ។ជាមួយនេះ គឺដើម្បីបំផុសចលនាអោយមានការផ្សព្វផ្សាយទៅក្រៅប្រទេស ក្នុងន័យនេះ លោកបញ្ជាក់ថា នៅពេលដែលយើងបង្កើតគុនខ្មែរអន្តរជាតិនៅក្រៅប្រទេសបាន បំផុសចលនាក្រៅប្រទេសបាន នោះគុនខ្មែរថ្នាក់ជាតិរបស់យើងកាន់តែមានគុណតម្លៃខ្ពស់ ។ដូច្នេះហើយទើបយើងខិតខំប្រឹងប្រែងបង្កើតគុនខ្មែរអន្តជាតិ ដើម្បីពង្រីកសក្តានុពលលើឆាកអន្តរជាតិ ហើយផ្នែកជាតិខិតខំលើផ្នែកជាតិ ។
លោកវ៉ាត់ ចំរើន អោយដឹងទៀតថា នៅក្នុងបុណ្យសមុទ្រមានព្រឹត្តិការណ៍ធំៗបី ទី១គឺការតាំងពិព័រណ៌ផលិតផលម្ហូបអាហារនិងលក់ដូរផ្សេងៗ ទី២គឺសកម្មភាពកីឡាដែលលេងពីព្រលឹមដល់ព្រលប់ ។សកម្មភាពកីឡាមានច្រើន ក្នុងនោះមានប្រកួតជាលក្ខណះអន្តរជាតិមានពីរប្រភេទកីឡា គឺគុនខ្មែរនិងម៉ូតូទឹក ។ក្រៅពីហ្នឹងគ្រាន់តែជាប្រភេទកីឡាកំសាន្ត ប្រពៃណី មានរត់ប្រណាំង៣គីឡូម៉ែត្រ ៥គីឡូម៉ែត្រ ជិះកង់កំសាន្ត១០ គ.ម ២០គ.ម អុកចត្រង្គប្រកួតយកជើងឯក ហើយក៏មានការប្រកួតស្វែងរកបុរសខ្លាំង និយាយរួមការរៀបចំកីឡាទាំងអស់នេះ គឺក្នុងបំណងបង្កការសប្បាយរីករាយនៅក្នុងពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២នៅខេត្តកំពតនេះ ។
លោក ខ្វៃ អាទិត្យា អគ្គនាយកវិទ្យុនិងទូរទស្សន៍អប្សរា បានបញ្ជាក់ថា សម្រាប់កម្មវិធីប្រកួតប្រដាល់គុនខ្មែរអន្តរជាតិនៅបុណ្យសមុទ្រនេះ នឹងមានការផ្សាយផ្ទាល់ពីទូរទស្សន៍អប្សរាប៉ុស្តិលេខ១១ ផងដែរក្នុងនាមជាដៃគូសហការអប្សរានឹងរៀបចំកម្មវិធីអមជាច្រើន ដើម្បីអោយសក្តិសមទៅនឹងព្រឹត្តិការណ៍ប្រដាល់ដ៏ធំដណ្តើមខ្សែក្រវាត់ពិភពលោកនេះ ។ លោកថា អប្សរានឹងផ្សាយផ្ទាល់ពីកម្មវិធីប្រដាល់នេះរយៈពេលបីថ្ងៃតាមកញ្ចក់ទូរទស្សន៍ និងតាមអនឡាញ ដែលថ្ងៃទី១ចាប់ផ្សាយពីម៉ោង៧យប់ ថ្ងៃទី២ផ្សាយពីម៉ោង៨យប់ និងថ្ងៃទី៣ផ្សាយម៉ោង៧យប់ ៕