គ្រាន់តែសារមួយប៉ុណ្ណោះ ក៏អាចធ្វើឱ្យ ការផ្ញើសា ជាក្រុមរបស់កម្មវិធី WhatsApp ឈប់ដំណើរការបានដែរ
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមស្រាវជ្រាវសន្ដិសុខ Check Point Research បានប្រកាសពីការរកឃើញ maliciously crafted message ដែលអាចអនុញ្ញាតឱ្យសមាជិក ក្នុងក្រុមណាមានគំនិតអាក្រក់កែកុដក្នុងសារ ធ្វើឱ្យគាំងកម្មវិធីផ្ញើសា ចំពោះសមាជិកទាំងអស់ នៅក្នុងក្រុមតែមួយ។ នេះបើតាមការផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department កាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩។
ការវាយប្រហារនេះ ថែមទាំងរារាំងសមាជិក ពីការវិលត្រឡប់ចូលក្រុមវិញ ព្រមទាំងត្រូវបាត់ប្រវត្តិ នៃការជជែកផងដែរ (Chat History)។ ដើម្បីកែតម្រូវបញ្ហានេះ អ្នកប្រើប្រាស់ត្រូវលុបកម្មវិធីចោល ហើយធ្វើការដំឡើងវាឡើងវិញ។ បើតាមការកត់សម្គាល់កន្លងមក បញ្ហានេះគឺមានទាំង WhatsApp សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង iOS ប៉ុន្តែអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ងាយរងគ្រោះជាង។
ក្រុមហ៊ុន WhatsApp បានធ្វើបច្ចុប្បន្នភាពទាក់ទង នឹងបញ្ហានេះហើយ ហើយនេះក៏ជាការក្រើនរំលឹកមួយ ដែលទាមទារឱ្យអ្នកប្រើប្រាស់ ធ្វើបច្ចុប្បន្នភាព កម្មវិធីជាប្រចាំ ដើម្បីការពារពីការវាយប្រហារ ដូចដែលយើងខ្ញុំ បានផ្សព្វផ្សាយជាច្រើនដងមកហើយ៕