ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ជួបជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សា ដោយបានឯកភាពលើបញ្ហាអនុគ្រោះពន្ធ គឺបន្តអនុគ្រោះពន្ធឆ្នាំ ២០២០ ដល់ឆ្នាំ២០២៣

52

 

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតអោយសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលដឹកនាំដោយឯកឧត្តម ហេង វ៉ាន់ដា ជួបពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ លោកហេង វ៉ាន់ដា បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជារយៈពេលមួយឆ្នាំកន្លងមក។ ហើយឆ្លៀតក្នុងឱកាសនោះ លោកក៏បានគោរពស្នើសុំការណែនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ និងសុំនូវសេចក្តីសម្រេចលើបញ្ហា៣ដែលក្នុងនោះរួមមាន៖
ទី១)គឺសុំបន្តការអនុគ្រោះដល់លើបញ្ហាពន្ធដូចដែលបានអនុវត្តកន្លងមក គឺសូមអនុគ្រោះពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣ ដូចដែលបានធ្វើកន្លងមក។ ទី២)គឺការវាយតម្លៃគុណភាពគ្រឹះស្ថានឧត្តមសិក្សា និងទី៣)គឺការពង្រីកវិសាលភាពគរុកោសល្យ។ លើសពីនេះទៅទៀត សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីចំណុច០៨ ផ្សេងទៀតដែលមានការស្នើសុំជាលាយល័ក្ខអក្សរតាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី។

ជាការឆ្លើយតប ទី១)សម្ដេចតេជោ ហ៊ុន សែន បានឯកភាពលើបញ្ហាអនុគ្រោះពន្ធ គឺបន្តអនុគ្រោះពន្ធឆ្នាំ ២០២០ ដល់ឆ្នាំ២០២៣។ ទី២)ទាក់ទងទៅនឹងការពង្រីកវិសាលភាពបណ្ដុះបណ្ដាលគរុកោសល្យ សម្ដេចតេជោបានមានប្រសាសន៍ថា ករណីនេះត្រូវធ្វើតាមវិទ្យាស្ថានជាតិអប់រំបណ្ដុះបណ្ដាលគរុកោសល្យដែលមានស្រាប់។

ចំណុចពិសេសដែលបានលើកឡើងក្នុងសំណើរ០៨ ក្រៅពីសំណើ០៣ដែលបានលើកឡើង លោក ហេង វ៉ាន់ដា នោះគឺ ស្នើសុំអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សាបើកវគ្គបណ្ដុះបណ្ដាលជំនាញសុខាភិបាល គឺសាកលវិទ្យាល័យអន្តរជាតិស្នើបើកសាខានៅខេត្តកំពត។ ករណីនេះ សម្ដេចតេជោមិនអនុញ្ញាតនោះទេ។ ចំពោះចំណុចជាកង្វល់ និងសំណើដទៃទៀត សម្ដេចតេជោបានធ្វើការណែនាំអោយលោកហ៊ីង ថូរ៉ាស៊ី ធ្វើឡើងដើម្បីចេញជា ស. ជ .ណ តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង