កម្មករកម្មការិនីបោសសំអាតនិងប្រមូល សំរាមជាអ្នកមានគុណបំណាច់ធំធេងដែលធ្វើអោយរាជធានីភ្នំពេញមានសោភ័ណមានបរិស្ថានល្អទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ
ភ្នំពេញ៖បងប្អូនកម្មករកម្មការិនីបោសសំអាតនិងប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញពិតជាអ្នកមានគុណបំណាច់ដ៏ធំធេងក្នុងការដែលធ្វើអោយរាជធានីភ្នំពេញមានសោភ័ណមានបរិស្ថានល្អក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិជាប់ចិត្តជាមួយរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។
នេះជាការលើកឡើងរបស់លោកស្រីកិតិ្តសង្គហបណ្ឌិតឃួនសុដារីអនុប្រធានកាកបាទក្រហមកម្ពុជាក្នុងឱកាសដែលលោកស្រីអញ្ជើញជាអធិបតីភាពក្នុងពិធីផ្តល់អំណោយជាស្បៀងនិងសម្ភារប្រើរបស់កាកបាទក្រហមកម្ពុជាដល់បងប្អូនកម្មករកម្កម្មការិនីបងប្អូនកម្មករកម្មការិនីបោសសំអាតនិងប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញជាង២៦០០នាក់កាលពីរសៀលថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩នៅទីស្នាក់ការកាកបាទក្រហមកម្ពុជាផ្លូវ២៧១សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក។
លោកស្រីបញ្ជាក់ថាបងប្អូនកម្មករកម្មការិនីបោសសំអាតនិងប្រមូលសំរាមទាំងអស់គ្នាបានលះបង់ទាំងកាយទាំងចិត្តមិនថាកណ្ដាលថ្ងៃត្រង់កណ្ដាលភ្លៀងផ្គរឡើយដើម្បីសុខភាពអ្នកដទៃ ធ្វើឱ្យទីក្រុងមានសោភ័ណភាពបរិស្ថានល្អ និងអនាម័យល្អ។ ទន្ទឹមនឹងនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញយ៉ាងខ្លាំងផងដែរដោយក្រោមការដឹកនាំរបស់លោកឃួងស្រេងបានធ្វើអោយរដ្ឋបាលខណ្ឌទាំង១៤យកចិត្តទុកដាក់គិតគូរពីបញ្ហាអនាម័យការគ្រប់គ្រងសំរាម និងបរិស្ថានស្អាតដែលជារឿងអាទិភាពមួយធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងស្អាតស្របតាមការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ។
លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានអោយមានប្រសាសន៍លើកឡើងដែរថាការផ្តល់អំណោយមនុស្សធម៌មានគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់ប្អូនកម្មករកម្មការិនីសំអាតអនាម័យនាពេលនេះដើម្បីលើកទឹកចិត្តដល់ប្អូនដែលបានខិតខំប្រឹងប្រែងសំអាតទីក្រុងពិសេសក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកនាពេលកន្លងមកដែលធ្វើអោយរាជធានីភ្នំពេញនៅតែរក្សាបានភាពស្អាតជាប់ជាប្រចាំសម្រាប់បង្អួតភ្ញៀវទេសចរ។
សូមបញ្ជាក់ថានេះគឺចាលើកទី៤ហើយចាប់តាំងពីឆ្នាំ២០១៦រៀងមកដែលកាកបាទក្រហមកម្ពុជាក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានផ្តល់អំណោយមនុស្សធម៌ដល់ប្អូនកម្មករកម្មការិនីបោសសំអាតសំរាមបន្ទាប់ពីពួកគាត់បានបំពេញការងារបានជោគជ័យក្រោយព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែនិងអកអំបុករួចរាល់។ចំនួនកម្មករកម្មការិនីទាំង២.៦៣៧នាក់ ដែលទទួលអំណោយនេះរួមមានកម្មករ–កម្មការិនីក្រុមហ៊ុនស៊ីនទ្រី២.០៨៣នាក់និងកម្មករ–កម្មការិនីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ៤៧១នាក់ និងក្រុមការងារបោសសម្អាតរក្សាអនាម័យរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ៨៣នាក់) ដោយក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូក្រាមមី១កេសត្រីខ១០កំប៉ុងមុង១ភួយ១សារុង១ក្រមា១អាវយឺត២ទឹកសុទ្ធចំណុះ ១.៥លីត្រ ១ដបនិងថវិកា១០០.០០០រៀល៕