ចុះហត្ថលេខាលើកិច្ចសន្យាចំនួន២ លើការសិក្សាប្លង់លម្អិត និងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តស្ទឹងត្រែង និងកិច្ចសន្យាផ្តល់សេវាទឹកប្រឹក្សាបច្ចេកទេស សម្រាប់គម្រោងទឹកស្អាត និងអនាម័យខេត្ត
ភ្នំពេញ៖ កិច្ចសន្យាចំនួន២ស្តីពីការសិក្សាប្លង់លម្អិតនិងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្ទឹងត្រែង និងកិច្ចសន្យាស្តីពីការផ្តល់សេវាទឹកប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងទឹកស្អាត និងអនាម័យខេត្ត ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៌អាស៊ី (ADB) ត្រូវបានចុះហត្ថលេខា ដោយលោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយនិងលោក ឧកញ៉ា ទូច គីម តំណាងក្រុមហ៊ុន Kimex &SPBH Joint Venture នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅព្រឹកថ្ងៃ ១៩ ខែធ្នូ ឆ្នាំ២០១៩ ។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខានេះ បានសាទរចំពោះភាពជោគជ័យនៃការអនុវត្តគម្រោងនេះ ដែលខំប្រឹងប្រែងរួមគ្នា តាំងពីឆ្នាំ២០១៧ មក ។ លោកបានថ្លែងថា ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានផ្តល់ឥណទានសម្បទានដល់ការអនុវត្តគម្រោងនេះ ជាមួយគ្នានេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានខិតខំ សហការគាំទ្រយ៉ាងមមាញឹកផងដែរ ដើម្បីឲ្យខេត្តស្ទឹងត្រែង ដែលជាខេត្តឆ្ងាយដាច់ស្រយ៉ាលនៅភូមភាគឥសាន្តកម្ពុជា ហើយមានប្រព័ន្ធទឹកស្អាតចាស់ទ្រុឌទ្រោម បែកធ្លុះធ្លាយ ត្រូវបានកែលម្អឲ្យប្រសើរឡើងវិញ ស្របពេលដែលបច្ចុប្បន្ន ការផលិតបានត្រឹមតែ ៤៣% ទូទាំងក្រុងស្ទឹងត្រែង ។
តាមរយៈសមិទ្ធផលនៃគម្រោងនេះ អង្គភាពរដ្ឋាករទឹកខេត្តស្ទឹងត្រែងនឹងមានសមត្ថភាពផលិតសរុប ១៤.៥០០ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ គឺស្មើនឹងប្រមាណ ៦ដង នៃសមត្ថភាពផលិតពីមុន និងបណ្តាញចែកចាយសរុបប្រមាណ ៣១៦,៦ គីឡូម៉ែត្រ ដែលនឹងអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត ដែលមានគុណភាព សុវត្ថភាព និងនិរន្តរភាព និងតម្លៃសមរម្យ ជូនប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែងទាំងមូល (១០០%) និង០៩ ភូមិ ក្នុងឃុំចំនួន៣ ក្នុងស្រុកថាឡាបរីវ៉ាត់ និងស្រុកសេសាន សរុបប្រមាណ ១ម៉ឺនគ្រួសារ ដែលបានរួមចំណែកធ្វើឲ្យអង្គភាពរដ្ឋាករទឹក ខេត្តស្ទឹងត្រែង សម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានកំណត់ ឆ្នាំ២០២៥ ទឹកស្អាតនឹងទទួលបាន១០០ សម្រាប់តំបន់ទីក្រុង និងទីប្រជុំជន ។ ដោយឡែកកិច្ចសន្យា ស្តីពីការផ្តល់សេវាទីប្រឹក្សាបច្ចេកទេស សម្រាប់គម្រោងទឹកស្អាត និងអនាម័យខេត្ត ក្រោមឥណទានសម្បទានរបស់ធនគារអភិវឌ្ឍន៍អាស៊ី ADB លេខ៣៦៣០ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានផ្តល់សារសំខាន់ដូចគ្នាផងដែរ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍន៌សេដ្ឋកិច្ច និងសង្គម ក៏ដូចជាការទាក់ទាញបាននូវការវិនិយោគថ្មីៗបន្ថែមទៀត ។
បន្ទាប់មកលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខា លើកិច្ចសន្យាស្តីពីការសិក្សាប្លង់លម្អិត និងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្ទឹងត្រែង ជាមួយលោក ឧកញ៉ា ទូច គីម តំណាងក្រុមហ៊ុន Kimex &SPBH Joint Venture ដែលនឹងចាប់ផ្តើមអនុវត្តគម្រោង ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ និងចុះហត្ថេលខាលើកិច្ចសន្យាមួយទៀត ជាមួយតំណាងក្រុមហ៊ុន RENARDET SA និងក្រុមហ៊ុន SGAPI s.r.l ស្តីពីការផ្តល់សេវាទឹកប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងទឹកស្អាត និងអនាម័យខេត្ត ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៌អាស៊ី (ADB) លេខ ៣៦៣០៕