ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើសុំរុះរើស្ពានឆ្លងកាត់​ស្ទឹងសង្កែ​ តែក្រសួងវប្បធម៌ស្នើសុំរក្សាទុកថែទាំជួសជុលឡើងវិញ

36

ខេត្តបាត់ដំបងស្នើសុំរុះរើស្ពានថ្មចាស់សម័យបារាំងដែលមានវ័យជាង១០០ឆ្នាំឆ្លងកាត់ស្ទឹងសង្កែតែខាងមន្ត្រីក្រសួងវប្បធម៌បានធ្វើលិខិតអន្តរាគមន៍ចុះថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩ទៅរដ្ឋមន្ត្រីក្រសួងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដោយសូមរក្សាទុកថែទាំជួសជុលស្ពានឡើងវិញ។

យោងតាមលិខិតលេខ១៣២១/១៩លសចុះថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៩របស់រដ្ឋបាលខេត្តបាត់ដំបងជម្រាបទៅលោកជាសុផារ៉ាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ស្នើសុំគោលការណ៍អនុញ្ញាតធ្វើការរុះរើស្ពានចាស់សម័យបារាំងស្ថិតនៅមុខសាលាខេត្តភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង

រដ្ឋបាលខេត្តបាត់ដំបងស្នើសុំបែបនេះរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈយល់ឃើញថាពុំគួរធ្វើការរុះរើស្ពានថ្មចាស់សម័យបារាំងនោះទេដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ជាង១០០ឆ្នាំមកហើយដែលបានកសាងនៅក្នុងសម័យអាណានិគមបារាំងជាសំណង់បេតិកភណ្ឌទីក្រុងនៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបងនិងនៅសល់តែមួយគត់នៅកម្ពុជាដែលមានតម្លៃប្រវត្តិសាស្ត្រស្ថាបត្យកម្មនគរូបនីយកម្មនិងបរិស្ថាន

ក្រសួងវប្បធម៌បញ្ជាក់ទៀតថាស្ពាននេះចាត់ទុកជាមរតកដ៏កម្រមួយដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងគួរតែថែរក្សាទុកនិងធ្វើការជួសជុលឡើងវិញហើយប្រើប្រាស់ជាស្ពានថ្មើរជើង។ក្រសួងស្នើសុំកិច្ចសហការជាមួយអ្នកជំនាញពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដើម្បីចុះទៅពិនិត្យសិក្សាផ្ទាល់ដល់ទីតាំងនៅថ្ងៃទី១៩និង២០ខែធ្នូឆ្នាំ២០១៩នេះក្នុងគោលបំណងរកដំណោះស្រាយមួយដ៏ល្អក្នុងន័យអភិរក្សដើម្បីអភិវឌ្ឍន៍និងអភិវឌ្ឍន៍ដើម្បីអភិរក្សប្រកបដោយចីរភាព

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៣ខែធ្នូ​ ​រដ្ឋបាលខេត្ដបាត់ដំបងបានចេញសេចក្ដីជូនដំណឹងស្ដីពីការហាមឃាត់ក្នុងការធ្វើដំណើរឆ្លងកាត់ស្ពានថ្មចាស់នៅមុខសាលាខេត្ដបាត់ដំបងនេះបានបញ្ជាក់ថាសភាពស្ពាននេះបានចាស់ទ្រុឌទ្រោមនិងបែកប្រេះស្រាំមិនអាចប្រើប្រាស់បន្តទៀតបានឡើយជាការចាំបាច់គឺត្រូវបញ្ឈប់ការធ្វើដំណើរឆ្លងកាត់ស្ពាននេះតែម្ដងរដ្ឋបាលខេត្ដបាត់ដំបងបន្ថែមថា«​ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចនឹងកើតមានឡើងជាយថាហេតុក្នុងការពុកផុយបាក់ស្រុតរបស់ស្ពានថ្មចាស់រដ្ឋបាលខេត្ដសូមជម្រាបជូនដំណឹងសាធារណជនទាំងអស់ត្រូវផ្អាកការធ្វើដំណើរឆ្លងកាត់ស្ពានថ្មចាស់នេះចាប់ពីថ្ងៃទី១៣ខែធ្នូនេះតទៅ​»​

អត្ថបទដែលជាប់ទាក់ទង