ជនជាតិបារាំងម្នាក់ ធ្លាប់ ប្លន់ និងសម្លាប់មនុស្សជាច្រើនលើក នៅប្រទេសបារាំង និងធ្លាប់ជាប់គុករយៈពេល២០ឆ្នាំ ចូលខ្លួនមកការិយាល័យអន្តោប្រវេសន៍
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១០នឹង៣០នាទី មានជនបរទេសម្នាក់ មកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គោលបំណង ដាក់ពាក្យបណ្ដឹងបាត់លិខិតឆ្លងដែន។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីរាជធានីភ្នំពេញ បានឲ្យដឹងថា ជនបរទេសខាងលើឈ្មោះ DALIARI PATRICK JEAN BAPTISTE ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិបារាំង។
លោកនាយការិយាល័យបន្តថា បន្ទាប់មកកម្លាំងការិយាល័យបានសាកសួរដឹងថា ជននេះបានលួចចូលមក ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមច្រករបៀងប៉ោយបែត ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ដោយពុំមានប្រើប្រាស់លិខិតឆ្លងដែន។ បន្ទាប់មកជននេះ បានសារភាពថា ខ្លួនគេធ្លាប់បានធ្វើសកម្មភាពប្លន់ និងសម្លាប់មនុស្ស ជាច្រើនលើកនៅប្រទេសបារាំង និងធ្លាប់ជាប់គុករយៈពេល២០ឆ្នាំ រួចមកហើយ។
បច្ចុប្បន្នជនបរទេសនោះ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕