ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញសម្រេចបង្កើតរង្វង់ មូលមួយកន្លែងនៅតំបន់ក្តាន់២ ជាមួយនិងការពង្រីកទទឹងផ្លូវ៣ម៉ែត្រកន្លះលើផ្លូវសហព័ន្ធរុស្ស៊ី ដើម្បីរំដោះចរាចរណ៍ឲ្យកាន់តែប្រសើរឡើង

204

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចហើយ ក្នុងការបង្កើតអោយមានរង្វង់មូលមួយកន្លែងនៅតំបន់ក្តាន់២ ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញក៏និងការពង្រីកទទឹងផ្លូវ ប្រវែង៣ម៉ែត្រកន្លះលើផ្លូវសហព័ន្ធរុស្ស៊ីបន្ថែមទៀត ចាប់ពីមុខទីស្តីការគណៈរដ្ឋមន្រ្តី រហូតដល់ស្ពានអាកាសតិចណូផងដែរ ដើម្បីរំដោះចរាចរណ៍ នៅតំបន់នេះឲ្យកាន់តែប្រសើរឡើង ខណៈដែរតំបន់នេះ ក្រោយពីបង្កើតអោយមានផ្លូវឆ្លងកាត់ចេញពីតំបន់បឹងកក់បង្កអោយមានការកកស្ទះចរាចរណ៍រាល់ថ្ងៃនោះ ។

ការសម្រេចបែបនេះបានបង្ហាញអោយឃើញ ក្នុងកិច្ចប្រជុំមូយក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដី និងមន្ត្រីជំនាញ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានឲ្យដឹងថា គម្រោងកែសម្រួលលំហូរ ចរាចរណ៍នៅតំបន់ក្តាន់២នេះ នឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅដើមឆ្នាំ២០២០នេះ ខណៈដែលតំបន់ នេះកំពុងប្រឈមការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលរំខានដល់ការធ្វើដំណើររបស់ប្រជា ពលរដ្ឋ។

តាមរយៈការសិក្សាជាលក្ខណៈវិទ្យាសាស្រ្តរបស់ក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកទេស កម្ពុជាបានបង្ហាញថា ក្នុងមួយថ្ងៃៗមានយានយន្តប្រមាណជាង៥ម៉ឺន៣ពាន់គ្រឿងបានឆ្លងកាត់នៅលើផ្លូវសហព័ន្ធរ៉ុស្ស៊ីត្រង់ចំណុចប្រសព្វក្តាន់២ ខណៈយានយន្តជាង៥ម៉ឺនគ្រឿងទៀតបានចេញដំណើរពីផ្លូវបឹងកក់ ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ដែលធ្វើឲ្យចំណុចនេះ ប្រឈមការកកស្ទះជាប្រចាំស្ទើរពេញមួយថ្ងៃ។

លោកអភិបាលបានបញ្ជាក់ថា ជាមធ្យោបាយចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចកែ លម្អចរាចរណ៍នៅតំបន់នេះ ដោយត្រូវបង្កើតជារង្វង់មូលត្រង់ចំណុចកា្តន់២ ដែលត្រូវចំណាយ តិចហើយស្ថាបនាលឿនរហ័ស ដោយពុំបាច់រង់ចាំការធ្វើផ្លូវក្រោមដីបានឡើយ។

ក្នុងកិច្ចប្រជុំនោះដែរ លោកឃួង ស្រេង ក៏បានពន្យល់អំពីមូលហេតុមួយចំនួនដែលធ្វើឲ្យចរាចរណ៍នៅត្រង់ចំណុចប្រសព្វក្តាន់២នេះមានការកកស្ទះជាប្រចាំផងដែរ ដោយលោកបញ្ជាក់ថា

ការធ្វើចរាចរណ៍ចេញពីតំបន់បឹងកក់ មកសហព័ន្ធរ៉ុស្ស៊ីច្រើនដោយសារ ការបិទផ្លូវរណប ម្ខាងនៅមុខទីស្តីការក្រសួងការពារជាតិ និងប្រព័ន្ធភ្លើងស្តុបមិនទាន់ល្អប្រសើរធ្វើឲ្យលំហូរ ចរាចរណ៍ណែនណាន់តាន់តាប់ ស្ទះខ្លាំង រហូតហៀទៅដល់មុខគណៈរដ្ឋមន្រ្តី ដូច្នេះត្រូវតែដោះស្រាយ បញ្ហានេះជាបន្ទាន់។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានឲ្យដឹងថា គម្រោងកែលម្អ ប្រព័ន្ធ ចរាចរណ៍ឡើងវិញនៅត្រង់ចំណុចប្រសព្វក្តាន់២នេះ អាចធ្វើឲ្យប្រសើរឡើងអំពីលំហូរចរាចរណ៍ នៅតំបន់នេះរហូតដល់ជាង៤០ភាគរយ ៕

 

អត្ថបទដែលជាប់ទាក់ទង