អគ្គិភ័យបានឆេះផ្ទះ របស់ប្រជាពលរដ្ឋក្រុងព្រះសីហនុទាំងព្រឹក
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅម៉ោងជាង៤ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ មានករណីអគ្គិសភ័យឆាបផ្ទះ និងឆេះតូបលក់ដូរ របស់ប្រជាពលរដ្ឋ រស់នៅជិតស្ពានសេតេ ស្ថិតក្នុងក្រុងព្រះសីហនុ ដោយបំផ្លាញសម្ភារៈ និងផ្ទះអស់មួយចំនួន។
សមត្ថកិច្ចផ្តល់ព័ត៌មានបឋមមកថា អគ្គិភ័យខាងលើនេះ បានឆេះផ្ទះលក់ដូរប្រមាណ៤តូប ហើយមកដល់ត្រឹមម៉ោង៦ព្រឹកថ្ងៃដដែលនេះ ស្ថានភាពភ្លើងឆេះ ត្រូវបានរថយន្តពន្លត់អគ្គីភ័យ របស់សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខេត្តចេញជួយពន្លត់រលត់ជាស្ថាពរហើយ។
យ៉ាងនេះក្តី សមត្ថកិច្ចនគរបាល មិនទាន់មានរបាយការណ៍លំអិតពីចំនួន នៃការខូចខាតអស់ចំនួនប៉ុន្មានឡើយទេ។ ហើយថា មូលហេតុ ដែលនាំឲ្យមានអគ្គិភ័យឆាបឆេះបណ្តាលមកពីមូលហេតុអ្វីនោះទេ ព្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវ៕