ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិឆ្នាំនេះអ្នកចូលរួមកើនបន្តិចបន្តួច

208

 

​ភ្នំពេញ:ព្រឹត្តិការណ៍រត់ពាក់កណ្ដាល ម៉ារ៉ាតុងភ្នំពេញអន្តរជាតិ ឆ្នាំ២០១៨នេះ នឹងធ្វើនៅព្រឹកថ្ងៃអាទិត្យ ទី១៧ មិថុនា ដោយកំណត់ការចេញដំណើរ និងដល់ទីនៅមុខព្រះបរមរាជវាំង ដូចរៀងរាល់ឆ្នាំ ។

​ក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១២មិថុនា លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក បានឲ្យដឹងថា កាលពីឆ្នាំកន្លងទៅ មានអ្នកចូលរួមរត់ ជាង៤.០០០នាក់ សម្រាប់ឆ្នាំនេះ លោកមានជំនឿចិត្តថា ចំនួនអ្នករត់នឹងកើនឡើង បន្តិចបន្តួចប៉ុណ្ណោះ ។

​លោកពន្យល់ថា មូលហេតុដែលចំនួន អ្នកចូលរួមពិសេសជនបរទេស ចូលរួមមិនសូវច្រើននោះ ដោយសារតែព្រឹត្តិការណ៍ម៉ារ៉ាតុងធំៗ នៅក្រៅប្រទេស ទើបតែបញ្ចប់ហើយអ្នកចូលរួម រត់ចម្ងាយឆ្ងាយបែបនេះ គេត្រូវការសម្រាកតិចបំផុត ដើម្បីស្ដារកម្លាំងឡើងវិញ អញ្ចឹងហើយទើបជនបរទេស ដែលមកចូលរួមមិនសូវមានច្រើននោះ ។

​ទោះជាយ៉ាងនេះក៏ដោយ ក៏គេសង្កេតឃើញថា គិតត្រឹមពេលនេះ អ្នកចូលរួមរត់ចម្ងាយ២១គីឡូម៉ែត្រជាជនបរទេស មានចំនួនជាង២០០នាក់ ខ្មែរជាង១០០នាក់ រត់១០គីឡូម៉ែត្រ បរទេសជាង២០០នាក់ខ្មែរ ជាង១.០០០នាក់ និងរត់ ៣គីឡូម៉ែត្របរទេសជាង៥០នាក់ និង ខ្មែរជាង១.០០០នាក់ ។បរទេសគឺមកពីប្រទេសចំនួន៣៦ ។

​លោកអគ្គលេខាធិការ ធ្វើការកត់សម្គាល់ថា នេះជាព្រឹត្តិការណ៍រត់ប្រចាំឆ្នាំ ដើម្បីអបអរពិធីបុណ្យចម្រើនព្រះជន្មសម្ដេចម៉ែ ។ថវិកាដែលបានពីការរត់នេះ នឹងយកទៅប្រើប្រាស់សម្រាប់ ការងារមនុស្សធម៌នោះ គឺការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។​លោកអគ្គលេខាធិការ បានចាត់ទុកថា អ្វីដែលប្លែកសម្រាប់ឆ្នាំនេះ គឺជនជាតិកម្ពុជា ចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុង និង១០គីឡូម៉ែត្រ ច្រើនជាងឆ្នាំកន្លងទៅ ។ នេះបញ្ជាក់ថា សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ កាន់តែកាន់ ប្រសើរជាងមុន ។

​លោកសែម ផល្លា ដែលជាមន្ត្រីទទួលបន្ទុកខាងរៀបចំ បច្ចេកទេសប្រកួត បានបញ្ជាក់ថា ឆ្នាំនេះការរត់២១គីឡូម៉ែត្រ មិនមានឆ្លងស្ពានឡើយ ព្រោះស្ពានជ្រោយចង្វា មានតែមួយបើរត់ឆ្លងស្ពាន នឹងបង្កឲ្យស្ទះចរាចរ ។ការរត់គឺធ្វើត្រឹមតែរង្វង់ត្រើយខាងលិច ដោយឆ្លងកាត់ផ្លូវសំខាន់ៗមួយចំនួន និងតំបន់កោះពេជ្រតែប៉ុណ្ណោះ ៕

 

អត្ថបទដែលជាប់ទាក់ទង