ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​លើក​ទឹក​ចិត្ត​ផ្នែក​គយ​ និង​ពន្ធដារ​ សម្រាប់​សហគ្រាស​ធនតូច​ និង​មធ្យម​

171

 

ព្រះសីហនុ៖ លោក គុណ ញឹម បានគូសបញ្ជាក់ថា សហគ្រាសធុនតូចនិងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏ខ្លាំងមួយ ក្នុងការជំរុញកំណើននិងបង្កើតការងារ។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើនដើម្បីគាំទ្រវិស័យ សហគ្រាសធុនតូចនិងមធ្យម ដូចមានចែងក្នុងឯកសារគោលនយោបាយ និងឯកសារយុទ្ធសាស្រ្ត

នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ លោក គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ និងលោក គុណ​ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ ជាអគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ បានអញ្ជើញ​ជាអធិបតី ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ ស្តី​ពី​ការ​លើក​ទឹក​ចិត្ត​ផ្នែក​គយ​ និង​ពន្ធដារ​ សម្រាប់​សហគ្រាស​ធនតូច​ និង​មធ្យម​។

ជាកិច្ចចាប់ផ្តើម លោក គួច ចំរើន បានថ្លែងថា សិក្ខាសាលានេះ ជាគុណប្រយោជន៍ដល់សហគ្រាសធុនតូចនិងមធ្យម ក្នុងខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជាដ៏សំខាន់ ព្រមទាំងមានសក្តានុពល និងអំណោយផលល្អទាំងទីតាំង ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសកំពង់ផែអន្តរជាតិដ៏ធំនិងមមាញឹក និងជា“តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង”។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០១៩ សហគ្រាសធុនតូចនិងមធ្យមក្នុងខេត្តព្រះសីហនុ មានចំនួន ៣.១១០ មូលដ្ឋាន និងប្រើប្រាស់កម្លាំងពលកម្មជាច្រើននាក់។ ដើម្បីទទួលបានគុណប្រយោជន៍ពីសិក្ខាសាលា លោកមបាន ស្នើឱ្យតំណាងសហគ្រាសធុនតូចនិងមធ្យម និងអង្គភាពពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញ និងចូលរួមឱ្យបានផុលផុស ព្រមទាំងលើកឡើងនូវសំណួរ ឬសំណូមពរ មកដល់អគ្គនាយកដ្ឋានទាំងពីរ រួមទាំងភាគីពាក់ព័ន្ធ ដើម្បីបានយល់ដឹង និងចូលរួមអនុវត្តការលើកទឹកចិត្តនេះ សំដៅលើកកម្ពស់វិស័យសហគ្រាសធុនតូចនិងមធ្យម និងភាពប្រកួតប្រជែងរបស់កម្ពុជា។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលាលោក គុណ ញឹម បានគូសបញ្ជាក់ថា សហគ្រាសធុនតូចនិងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏ខ្លាំងមួយ ក្នុងការជំរុញកំណើននិងបង្កើតការងារ។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើនដើម្បីគាំទ្រវិស័យ សហគ្រាសធុនតូចនិងមធ្យម ដូចមានចែងក្នុងឯកសារគោលនយោបាយ និងឯកសារយុទ្ធសាស្រ្ត រួមមាន៖ (១).គោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ (២).យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និង (៣).យុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣។
កន្លងមក រាជរដ្ឋាភិបាលធ្លាប់បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ក្នុងការគាំទ្រដល់វិស័យកសិកម្ម និងសហគ្រាសធុនតូចនិងមធ្យម រួមមាន ការបញ្ចុះអត្រាពន្ធគយ, អត្រាអាករពិសេស, ការដាក់អាករលើតម្លៃបន្ថែមជាបន្ទុករដ្ឋ និងការដាក់អាករនាំចេញជាបន្ទុករដ្ឋលើមុខទំនិញជាជីកសិកម្ម ពូជដំណាំ ពូជសត្វ បសុឱសថ ចំណីសត្វ សម្ភារគ្រឿងចក្រកសិកម្ម និងវត្ថុធាតុដើមផលិតកម្មបម្រើក្នុងវិស័យទាំងនេះ។ ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងដើម្បីលើកស្ទួយបន្ថែមទៀតដល់សហគ្រាសធុនតូចនិងមធ្យម ថ្មីៗនេះ រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តផ្នែកគយ និងផ្នែកពន្ធដារ តាមរយៈអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ និងអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដែលផ្តោតលើវិស័យអាទិភាពចំនួន ៨ រួមមាន៖ (១).សហ-គ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត, (២).ផលិតកម្មកសិកម្ម ឬកសិ-ឧស្សាហកម្ម, (៣).ផលិតកម្មផលិត និងកែច្នៃម្ហូបអាហារ, (៤).កម្មន្តសាលផលិតទំនិញបម្រើឱ្យការនាំចេញ, (៥).កម្មន្តសាលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍, (៦).កម្មន្តសាលផលិតនូវផលិតផលសម្រេច ឬផលិតផលពាក់កណ្តាលសម្រេច ឬផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត, (៧).ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្តន៍ និង (៨).អ្នកអភិវឌ្ឍន៍តំបន់ប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម។

នាឱកាសនោះ លោក គុណ ញឹម ក៏បានបញ្ជាក់បន្ថែមថា ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការអនុវត្តការលើកទឹកចិត្ត ផ្នែកគយនិងផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូចនិងនិងមធ្យម ត្រូវមានយន្តការតាមដានវឌ្ឍនភាព នៃការអនុវត្ត ព្រមទាំងត្រូវស្វែងយល់បន្ថែមអំពីសំណូមពរ និងបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការអនុវត្តការលើកទឹកចិត្តនេះ។

ក្នុងសិក្ខាសាលានេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងតំណាងអគ្គនាយកដ្ឋានពន្ធដារ បានធ្វើបទបង្ហាញលើកឡើង នូវខ្លឹមសារនៃអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយបញ្ជាក់ជូនអំពីល័ក្ខខ័ណ្ឌ ទម្រង់ នីតិវិធី និងយន្តការនៃការផ្តល់ និងការតាមដានត្រួតពិនិត្យការលើកទឹកចិត្តផ្នែកគយនិងផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ដើម្បីជាមូលដ្ឋានសម្រាប់អនុវត្តនៅពេល មានបំណងដាក់ពាក្យស្នើសុំការលើកទឹកចិត្តនេះ។ បន្ថែមលើបទបង្ហាញនេះ សហគ្រាសធុនតូចនិងមធ្យម អាចស្វែងរកព័ត៌មានបន្ថែម តាមរយៈគេហទំព័ររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ឬអាចទំនាក់ទំនងសាកសួរ ព័ត៌មានដោយផ្ទាល់មកមន្រ្តីទំនាក់ទំនង នៅតាមសាខាគយនិងរដ្ឋាករ ឬសាខាពន្ធដារដែលនៅជិតបំផុត៕

អត្ថបទដែលជាប់ទាក់ទង