ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា-ចិន ក្លាយជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ
ប្រទេសចិន៖ ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនឯកឧត្តម នាយឧត្តមសេនីយ៍កែគឹមយ៉ានឧបនាយករដ្ឋមន្រ្តីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទៅបំពេញទស្សនកិច្ចការងារនៅសាធារណៈរដ្ឋប្រជាមានិតចិន។
នៅក្នុងអំឡុងពេលទស្សនកិច្ចនោះឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្រ្តីកែគឹមយ៉ានបានដឹកនាំប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណៈចិននិងថ្នាក់ដឹកនាំគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនចិន។ក្នុងនាមតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជាជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិនដែលតែងតែជួយគាំទ្រកម្ពុជាក្នុងពេលកន្លងមកលើគ្រប់វិស័យ រួមមានវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែគឺមយ៉ានឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនភាគីមិត្តពីសភាពការណ៍គ្រឿងញៀននៅក្នុងប្រទេសកម្ពុជាដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារត្រួតពិនិត្យគ្រឿងញៀនដោយផ្តោតលើយន្តការពហុវិស័យទាំងផ្នែកអនុវត្តច្បាប់ការអប់រំផ្សព្វផ្សាយព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការចូលរួមគាំទ្រពីគ្រប់វិស័យនិងបានស្នើសុំការគាំទ្រពីភាគីចិននូវការគាំទ្រផ្នែកសម្ភារបច្ចេកទេសការអប់រំផ្សព្វផ្សាយការបណ្តុះបណ្តាលមន្រី្តអនុវត្តច្បាប់និងការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
ក្នុងឱកាសនោះដែរ ជាការឆ្លេីយតបភាគីចិនបានសម្តែងនូវការកោតសរសើរលើចំណងមិត្តភាពកម្ពុជា–ចិនក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានធ្វើឲ្យប្រទេសយេីងទាំងពីរក្លាយជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ព្រមទាំងបានធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់។
ជាមួយគ្នានេះ ភាគីចិនក៏ស្នើឲ្យមានកិច្ចសហប្រតិបត្តិការរួមលើការងារត្រួតពិនិត្យគ្រឿងញៀននិងការងារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ប្រទេសទាំងពីរ។
ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិននេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បានទស្សនកិច្ចទៅខេត្តយូណានដែលក្នុងនោះគណៈប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរខេត្តយូណាននិងបានទៅទស្សនៈកិច្ចនៅមជ្ឈមណ្ឌលប្រមូលព័ត៌មានគ្រឿងញៀនខេត្តយូណានដែលជាមជ្ឈមណ្ឌលមួយបម្រើសេវាព័ត៌មានគ្រឿងញៀនសម្រាប់ខេត្តយូណាននិងប្រទេសក្នុងតំបន់និងបានចុះទៅទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍លេីការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តយូណាននិងសាលាបណ្ឌិតសភានគរបាលខេត្តយូណាន និងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនិងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តយូណានដើម្បីផ្លាស់ប្តូរព័ត៌មាន ពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀននិងជម្រុញកិច្ចសហប្រតិបត្តិការងារសេដ្ឋកិច្ចរវាងកម្ពុជាជាមួុយខេត្តយូណានពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការខេត្តសម្ព័ន្ធមេត្រីខេត្តយូណានចិន និងខេត្តបន្ទាយមានជ័យកម្ពុជា ដើម្បីគាំទ្រគ្នាទៅវិញទៅមកលើវិស័យពាណិជ្ជកម្មទេសចរណ៍កសិកម្មនិងវប្បធម៌។