ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិធីបេីកសន្និបាតអន្តរជាតិហាឡាលប្រទេសថៃ លើកទី៦ ឆ្នាំ២០១៩ នៅទីក្រុងបាងកក
បាងកក៖ នៅរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ លោក ឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិធីបេីកសន្និបាតអន្តរជាតិហាឡាលប្រទេសថៃ លើកទី៦ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Jurin Laksanawisit ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ។
សន្និបាតនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែធ្នូ ឆ្នាំ២០១៩ រៀបចំឡើងដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រហាឡាលនៃសាកលវិទ្យាល័យជុឡាឡុងកន សហការជាមួយក្រុមប្រឹក្សាកណ្តាលឥស្លាមថៃ និងវិទ្យាស្ថានស្តង់ដារហាឡាលថៃ ក្រោមប្រធានបទ “ដំណោះស្រាយវិទ្យាសាស្ត្រនៃឧស្សាហកម្មហាឡាល” ក្នុងបំណង សមាហរណកម្មជាប្រព័ន្ធនៃស្តង់ដានីយកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទៅក្នុងដំណើរការហាឡាល ក្នុងបំណងបង្កើតនូវបណ្តាញហាឡាល និងជំនួបពាណិជ្ជកម្មហាឡាល នាំដល់ការបង្កើតតម្លៃបន្ថែមទៀតលើផលិតផល និងសេវាកម្មហាឡាល និងការប្រកួតប្រជែងជាសាកល ជំរុញឲ្យហាឡាលថៃត្រូវបានទទួលស្គាល់ជាសាកល តាមរយៈការបង្ហាញពីភាពរីកចម្រើននៃឧស្សាហកម្មហាឡាលថៃ ការពង្រឹងសមត្ថភាពបែបវិទ្យាសាស្ត្រនៃ ស្ថាប័នហាឡាលថៃស្របតាមយុទ្ធសាស្ដ្រ របស់ជាតិ ចែករំលែកភាពរីកចម្រើន នៃវិស័យឧស្សាហកម្មហាឡាលរបស់បណ្តាប្រទេសជុំវិញពិភពលោក ជាពិសេសសក្តានុពលនៃការងារ និងការវិនិយោគលើម្ហូបអាហារ និងឧស្សាហកម្មហាឡាល សម្រាប់បណ្តាប្រទេសដទៃទៀតដែលបាននិងកំពុងអភិវឌ្ឍវិស័យឧស្សាហកម្មហាឡាលនេះ។
សន្និបាតនេះមានការចូលរួមដោយភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ២០.០០០នាក់ មកពី ៤០ ប្រទេស រួមមានថ្នាក់ដឹកនាំប្រទេស សាកលវិទ្យាល័យ មន្ទីរពិសោធន៍ សហគ្រាស ក្រុមហ៊ុន រោងចក្រ អ្នកសិក្សាស្រាវជ្រាវ និងអតិថិជិនជាច្រើនកុះករ ដោយមានការតាំងពិព័រណ៍សេវាកម្មទេសចរណ៍ និងផលិតផលហាឡាលដូចជាចំណីអាហារ វត្ថុប្រើប្រាស់ គ្រឿងសំអាង សរុបចំនួន៣៥០ ស្តង់។
សូមបញ្ជាក់ថា៖ នៅឆ្នាំ ២០១៩ នេះ ក្រុមហ៊ុនដែលទទួលបានវិញ្ញាបនបត្រឧស្សាហកម្មហាឡាលថៃមានដល់ទៅជាង ៨០០០ក្រុមហ៊ុន លើផលិតផលជាង ១៦ ម៉ឺនមុខ និងមានតម្លៃនាំចេញរហូតដល់ទៅ ៣២០,០០០ លានបាត ស្មើនិងប្រមាណ ១០ ពាន់លានដុល្លារអាមេរិក៕ ដោយ៖ សំរិត