កូនអធិកាក្រុងបាវិត មានតួនាទីជាអធិការរង បាញ់ម្ចាស់ហាងតន្ត្រីសំណាងអាណេ ក្រុងបាវិត បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់
ស្វាយរៀង៖ នៅវេលាម៉ោង៦និង៥០នាទីព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ មានករណីបាញ់ប្រហារ ដោយកាំភ្លើងមួយគ្រាប់ ទៅលើមេឃ និងមួយគ្រាប់ទៀតបាញ់ចំស្ត្រីជាម្ចាស់ហាងឈ្មោះ សឿន អាណេ អាយុជិត៤០ឆ្នាំ ចំក្បាល
បណ្តាលឲ្យរងរបួសធ្ងន់ បានបញ្ជូនទៅកាន់មន្ទើរពេទ្យវៀតណាម ដែលស្ថិតនៅក្នុងភោជនីយដ្ឋាន តន្ត្រីសំណាងអាណេ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យត្រូវបានគេស្គាល់ថា ត្រូវជាកូនលោក កែវ គង់ អធិការនគរបាលក្រុងបាវិត ដោយមានតួនាទីជាមន្ត្រីនគរបាលទទួលផែនគ្រឿងញៀនឈ្មោះ កែវ ចិត្រា បាញ់ទៅលើ ស្ត្រីជាម្ចាស់ភោជនីយដ្ឋាន តន្ត្រីសំណាងអាណេ បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះ នៅប្រទេសវៀតណាម ។
ក្រោយពីជនសង្ស័យឈ្មោះ កែវ ចិត្រា បានផឹកស៊ីស្រវឹង ហើយបង្កើតមានភ្លើងប្រច័ណ្ឌ ទៅលើជនរងគ្រោះ ដែលសង្ស័យជាស្រីកំណាន់ចិត្ត ដល់ថ្នាក់ហ៊ានយកកាំភ្លើងបាញ់ប្រហារ ។
ទោះជាយ៉ាងណា ជនសង្ស័យបានធ្វើការគេចខ្លួន ក្រោយពេលធ្វើសកម្មភាព បាញ់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ រហូតដល់ម៉ោងប្រមាណ ១០យប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩ នេះទើបបានចូលខ្លួនសារភាព ទទួលទោសកំហុស ដែលខ្លួនបានប្រព្រឹត្ត៕