ការចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត-វាលរេញ) ដែលកំពុងជួសជុល និងសាងសង់ពង្រីក ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ក្នុងពិធីបុណ្យសមុទ្រ
កំពត៖ នៅថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ និងមន្ដ្រីបច្ចេកទេសក្រោមឱវាទក្រសួង អញ្ជើញចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត-វាលរេញ) និងផ្លូវជាតិលេខ៤ ដែលកំពុងជួសជុល លើកកម្ពស់គុណភាព និងសាងសង់ពង្រីក ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ក្នុងពិធីបុណ្យសមុទ្រ ពិធីប្រណាំងកង់អន្តរជាតិ ការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងដឹកជញ្ជូនផលិតផលនានារបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីផ្សារ។
លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ជារួម លទ្ធផលក្នុងការសាងសង់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) សម្រេចបានប្រមាណ៦១%។ ដោយឡែក កំណាត់ផ្លូវជាតិលេខ៣នេះដដែល ពីរង្វង់មូលជុំគិរី ដល់ទីរួមខេត្តកំពត គឺសម្រេចបាន៨៥% ហើយ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែង ១៣៤,៨២៦គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ដោយប្រើរយៈពេល ៤៨ខែ សាងសង់ដោយក្រុមហ៊ុន China Road and Bridge Corporation និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd។
ចំណែកឯ កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ឯកឧត្ដមទេសរដ្ឋមន្ត្រីបានពិនិត្យឃើញថា ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសបានបណ្ដោយឱ្យក្រុមហ៊ុនសាងសង់ស្ថាបនាខុសពីបទដ្ឋានបច្ចេកទេស ដូចជាយកគ្រួសថ្មធំៗមកអ៊ុតជាមួយបេតុងកៅស៊ូ ជាដើម។
ទោះជាយ៉ាងនេះក្ដី ជាបណ្ដោះអាសន្ន លោកទេសរដ្ឋមន្ត្រីទុកពេលឱ្យចំនួន១០ថ្ងៃ ដើម្បីកែលម្អផ្លូវនេះឱ្យបានល្អឡើងវិញ ដោយប្រើកម្លាំងបន្ថែមពីនាយកដ្ឋានពាក់ព័ន្ធ ដើម្បីស្វាគមន៍ពិធីបុណ្យសមុទ្រនៅខេត្តកំពត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ និងពិធីប្រណាំងកង់អន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ លោកទេសរដ្ឋមន្ត្រីបានបន្តថា បន្ទាប់ពីនោះ ក្រសួងនឹងមានវិធានការបន្តបន្ទាប់ទៀត ឬអាចជួសជុលឡើងវិញទាំងស្រុងតែម្ដងដោយក្រុមហ៊ុនផ្សេង។
លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល គឺទទួលយកតែផ្លូវមានគុណភាពរឹងមាំ ជាប់បានយូរតែប៉ុណ្ណោះ។ ដូចនេះ ក្រុមហ៊ុនសាងសង់ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសឱ្យបានម៉ឺងម៉ាត់បំផុត បើមិនចង់បញ្ចប់កិច្ចសន្យាមុនពេលកំណត់។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ដ្រី បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ មានការយោគយល់អត់ធ្មត់អធ្យាស្រ័យ ចំពោះការរំខាននានាខណៈពេលកំពុងសាងសង់ ប៉ុន្តែត្រូវផ្ដោតលើសុវត្ថិភាពជាចម្បង កុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ និងរួមគ្នាថែរក្សាទ្រព្យសម្បត្តិរបស់យើង ឱ្យបានជាប់គង់វង្សយូរអង្វែង ដើម្បីកុំឱ្យខាតបង់ថវិកាជាតិច្រើន៕