គណៈចលនាមហាជនន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្ត
ភ្នំពេញ៖ លោកហ៊ុន ម៉ានី តំណាងរាស្រ្តខេត្តកំពង់ស្ពឺ បានថ្លែងថា ថ្ងៃនេះ (២១ធ្នូ) គណៈចលនាមហាជនន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្តរបស់ខ្លួន ក្នុងគោលបំណងចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងសមិទ្ធិផលការងាររបស់គណៈចលនាមហាជន និងគណៈជំនាញ ដែលបានបំពេញកន្លងមក ហើយក៏ដើម្បីផ្សព្វផ្សាយពីស្ថានភាពនយោបាយ ជូនដល់ថ្នាក់ដឹកនាំគណៈចលនាមហាជន តាមបណ្តា ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-សុ្រក ខណ្ឌទូទាំងប្រទេស។
លោកបានបន្តថា សន្និបាតនេះប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ និងដែលមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំគណៈចលនាមហាជន សមាជិក សមាជិកា ជនបង្គោលគណៈចលនាមហាជនថ្នាក់កណ្តាល ជនបង្គោលតាមបណ្តាក្រសួង- ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-សុ្រក ខណ្ឌ ទូទាំងប្រទេស រួមជាមួយនឹងភ្ញៀវកិត្តិយសសរុបប្រមាណ ២៧០០ នាក់។
លោកហ៊ុន ម៉ានី បានថ្លែងថា បន្ទាប់ពីបានចុះជួបដោយផ្ទាល់ជាមួយនឹងគណ:ចលនាមហាជន និងគណ:ចលនាទាំង៤ នៃគណ:កម្មាធិការគណបក្ស តាមបណ្តារាជធានី ខេត្ត នាពេលកន្លងមក ថ្ងៃនេះ ខ្ញុំមានកិត្តិយសដោយបានរាយការណ៍នូវសមិទ្ធផល ក៏ដូចជាបញ្ហាប្រឈមរបស់គណ:ចលនាមហាជន និងគណ:ចលនាទាំង៤ ជូនអង្គសន្និបាត ដេីម្បីបានជ្រាបបន្ថែមពីស្ថានភាពនៃគណ:ចលនាទាំងនោះនៅតាមបណ្តារាជធានី ខេត្តទាំងអស់របស់យេីង។ ខ្ញុំសង្ឃឹមថា ព័ត៌មានទាំងនេះ នឹងបានជាបច្ច័យកាន់តែប្រសេីរ ក្នុងការឆ្លេីយតបទៅនឹងបំណងប្រាថ្នាពិតរបស់ប្រជាពលរដ្ឋយេីង។
ក្នុងឱកាសនៃពិធីបេីកនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន បានថ្លែងអំពីតួនាទីរបស់គណៈចលនាមហាជន ក្នុងការវាយតម្លៃសតិអារម្មណ៏ មហាជន ក្តាប់យកនូវតម្រូវការ ក៏ដូចជាសំណូមពរចាំបាច់របស់ពួកគាត់ ដើម្បីផ្តល់មតិយោបល់ជូនគណបក្ស។ ក្នុងឱកាសនោះដែរ លោកជំទាំវក៏បានថ្លែងពីសមិទ្ធផលនានាដែលគណៈមហាជនសម្រេចបានក្នុងឆ្នាំកន្លងទៅ។
អង្គសន្និបាតបានចាប់ផ្តើមដំណើរការទៅក្រោមអធិបតីភាពសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:ប្រចាំការនៃគណ:អចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ និងដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈ ចលនា មហាជន សមាជិក សមាជិកាជនបង្គោលគណៈចលនាមហាជន តាមបណ្តាក្រសួង- ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-សុ្រក ខណ្ឌទូទាំងប្រទេស រួមជាមួយនឹងភ្ញៀវកិត្តិយសសរុបប្រមាណ ២៧០០នាក់។
បន្ទាប់ពីពិធីបើកបានចាប់ផ្តើមដំណើរការរួចមក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន ក៏បានបន្តដឹកនាំអង្គពិធី ដើម្បីពិភាក្សាបន្ត៕