ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែន អញ្ជើញបើកពិធីបុណ្យសមុទ្រ លើកទី៨ជុំទី២នៅខេត្តកំពត

53

កំពត៖ នៅល្ងាចថ្ងៃសៅរ៍១០រោចខែមិគសិរឆ្នាំកុរឯកស័ក.ស២៥៦៣ត្រូវនឹងថ្ងៃទី២១ខែធ្នូឆ្នាំ២០១៩នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពិធីបុណ្យសមុទ្រលើកទី៨ក្នុងជុំទី២នៅខេត្តកំពត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីអង្គទូត, មន្រ្តីរដ្ឋាភិបាល, ភ្ញៀវជាតិនិងអន្តរជាតិទេសចរណ៍ជាតិអន្តរជាតិនិងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។ពិធីបុណ្យសមុទ្រលើកទី៨ជុំទី២នៅក្នុងខេត្តកំពតឆ្នាំ២០១៩នេះប្រារព្ធធ្វើឡើងក្រោមប្រធានបទ«ទីក្រុងស្អាតឆ្នេរល្អទេសចរណ៍រុងរឿង» ដោយមានការតាំងពិព័រណ៍សមិទ្ធផល, មហោស្រពម្ហូបអាហារនិងភេសជ្ជៈនិងគម្រោងអភិវឌ្ឍតំបន់ឆ្នេរសរុបចំនួន៤៦១ស្តង់ក្នុងនោះរួមមានស្តង់គម្រោងអភិវឌ្ឍទេសចរណ៍សំខាន់ៗនៅតំបន់ឆ្នេរផលិតផលទេសចរណ៍ផលិតផលក្នុងស្រុកនិងសហគ្រាសធុនតូចនិងមធ្យមស្តង់ពិព័រណ៍បរទេសហើយពិសេសទៀតនោះគឺមានរៀបចំវិថីម្ហូបអាហារ(Food Street) អាចសម្រាប់ជាគំរូដល់ខេត្តដទៃៗទៀតផងដែរ។

ក្រៅពីនោះក៏មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបូរាណសម័យដែលមានការចូលរួមពីសិល្បករសិល្បការីជាតិនិងមកពីបណ្តាប្រទេសជាមិត្តរួមមានប្រទេសចិន, ថៃ, ឥណ្ឌូនេស៊ី, ឥណ្ឌានិងវៀតណាម។រីឯចំពោះសកម្មភាពកីឡាវិញគឺរួមមាន៖កីឡារត់កម្សាន្ត, កីឡាប្រណាំងកង់, បាល់ទះលើឆ្នេរខ្សាច់, ចាំបាប់លើឆ្នេរខ្សាច់, កីឡាប្រណាំងម៉ូតូទឹកលក្ខណៈអន្តរជាតិ, ប្រដាល់គុនខ្មែរអន្តរជាតិដណ្តើមខ្សែក្រវ៉ាត់អន្តរជាតិ, ក្បាច់គុនល្បុក្កតោខ្មែរ, ការប្រកួតអុកចត្រង្គនិងកីឡាផ្សងព្រេងលើភ្នំ។ល។

មុននឹងអញ្ជើញធ្វើដំណើរមកកាន់វេទិកាសម្តេចតេជោហ៊ុនសែនបានអញ្ជើញទស្សនាស្តង់ពិព័រណ៍ផលិតផលជាច្រើនដែលបានតាំងបង្ហាញនៅក្នុងឱកាសនៃពិធីបុណ្យសមុទ្រនេះក្នុងបរិយាកាសរីករាយក្រៃលែង។សម្តេចតេជោត្រូវបានទទួលស្វាគមន៍ប្រកបដោយក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ម្ចាស់ស្តង់និងពីប្រជាពលរដ្ធព្រមទាំងភ្ញៀវទេសចរណ៍។

សម្ដេចតេជោហ៊ុនសែនមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានអញ្ជើញមកចូលរួមនៅក្នុងពិធីបុណ្យសមុទ្រនៅក្នុងខេត្តកំពតល្ងាចនេះ។សម្តេចតេជោបានមានប្រសាសន៍ថាព្រឹត្តិការណ៍បុណ្យសមុទ្រនេះបានក្លាយជាយន្តការណ៍ជាក់លាក់មួយរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ជំរុញការបង្កើតនិងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិតនិងការទទួលខុសត្រូវខ្ពស់ឲ្យស្របទៅនឹងសក្តានុពលធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលត្រូវបានប្រសិទ្ធនាមថាជា«តារារះនាទិសនិរតី»

សម្តេចតេជោហ៊ុនសែនបានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះការអភិវឌ្ឍន៍និងការរីកចម្រើនជាបន្តបន្ទាប់របស់ខេត្តកំពត។សម្តេចតេជោក៏បានរំលឹកផងដែរថាមកដល់ឆ្នាំ២០០៧ហើយកំពតគឺជាខេត្តដែលអន់ជាងគេហើយក៏ជាខេត្តដែលមានការផ្លាស់ប្តូរចៅហ្វាយខេត្តច្រើនជាងគេពីព្រោះពេលនោះកំពតមិនទាន់មានការអិវឌ្ឍអ្វីឡើយ។អ្វីដែលខេត្តកំពតមានគឺខេត្តផ្សេងមិនមានឡើយដូចជាផលិតផលអំបិលជាដើម។ជាមួយគ្នានោះកំពតជាខេត្តដែលមានរោងចក្រផលិតស៊ីម៉ង់ត៍ច្រើនជាងគេក្នុងការបំរើដល់វិស័យសំណង់។កំពតក៏មានវារីអគ្គិសនីក្នុងការផ្គត់ផ្គង់វិស័យអគ្គិសនីសំរាប់ចែកចាយដល់អ្នកប្រើប្រាស់ផងដែរ។ទន្ទឹមនឹងនោះដែរកំពតគឺជាសមរភូមិក្តៅកាលពីអតីតកាលតែក្រោយមកយើងបានធ្វើសមាហរណកម្មនៅឆ្នាំ១៩៩៦តាមរយៈការអនុវត្តនូវនយោបាយឈ្នះឈ្នះដែលពេលនោះគឺបានដាក់ចេញពីតំបន់តាកែនកោះស្លា។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់បន្ថែមពីការខិតខំរបស់របស់រដ្ធាភិបាលក្នុងការការពារនិងការរួមចំណែកថែរក្សានូវធនធានធម្មជាតិនៅក្នុងដែនសមុទ្រ។សម្តេចតេជោមិនដែលអនុញ្ញាតអោយក្រុមហ៊ុនវិនិយោគពីបរទេសណាមកវិនិយោគដោយប្រើប្រាស់ធនធានក្នុងដែនសមុទ្រឡើយដូចជាការបូមខ្សាច់ពីក្នុងសមុទ្រជាដើម។សម្តេចតេជោបានស្នើអោយក្រសួងទេសចរណ៍, ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ, ក្រសួងបរិស្ថាននិងផ្នែកពាក់ព័ន្ធផ្សេងៗទៀតត្រូវយកចិត្តទុកដាក់ថែរក្សានិងការពារអោយបាននូវធនធានធម្មជាតិនៅទីនេះអោយបានល្អ។

ដើម្បីអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនេះអោយកាន់តែមាននិរន្តភាពនោះសម្ដេចតេជោហ៊ុនសែនបានដាក់ចេញនូវអនុសាសន៍សំខាន់ៗ៨ចំណុច៖

)ត្រូវរក្សាអោយបាននូវសន្តិភាពស្ថិរភាពនយោបាយ។បើគ្មានសន្តិភាពទេគឺគ្មានការអភិវឌ្ឍនោះទេ,គ្មានសន្តិភាពក៏មិនមានប្រជាធិបតេយ្យដែរ។កម្ពុជាបានឆ្លងកាត់នូវសង្រ្គាមជាច្រើមកហើយដែលបានបំផ្លិចបំផ្លាញអ្វីៗទាំងអស់ធ្លាក់ដល់ចំណុចសូន្យ។

)ត្រូវរក្សាឲ្យបាននូវសមុទ្របៃតងអោយនៅតែជាជាតារារះនាទិសនិរតីនៃខេត្តទាំង៤ជាប់មាត់សមុទ្រកម្ពុជាដែលស្ថិតនៅក្នុងចំណោមឆ្នេរដ៏ស្អាតបំផុតលើសាកលលោក  និងថែរក្សាព្រៃឈើថែរក្សាឆ្នេរសមុទ្រអោយបានគង់វង្សនិងបានស្នើអោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងរដ្ឋមន្ត្រីក្រសួងដែនដីចាត់វិធានការជាក់លាក់មិនអោយមានកាចាក់ដីលុបឆ្នេរដោយគ្មានការអនុញាតនិងបង្ហូរទឹកស្អុយចូលទឹកសមុទ្រជាដាច់ខាតដើម្បីធានាធ្វើយ៉ាងណាឲ្យសមុទ្ររបស់យើងនៅតែជាសមុទ្របៃតងជារៀងរហូត។

) ត្រូវខិតខំបន្តកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាផ្លូវធ្វើដំណើរបណ្តាញអគ្គិសនីនិងព្រលានយន្តហោះដើម្បីបំរើវិស័យទេសចរណ៍អោយបានល្អប្រសើរ។

)ក្រសួងទេសចរណ៍ក៏ដូចជាអាជ្ញាធរខេត្តដែលស្ថិតនៅជាប់ឆ្នេរសមុទ្រត្រូវត្រៀមខ្លួនធ្វើប្រធានកិច្ចប្រជុំក្លឹបឆ្នេរដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២២ខាងមុខនេះ។

)បន្តទប់ស្កាត់បទល្មើសផ្សេងៗដូចជាចោរកម្មការប្រើប្រាស់និងជួញដូរគ្រឿងញៀនជាដើម។

នៅថ្ងៃនេះសម្តេចតេជោហ៊ុនសែនក៏បានមានប្រសាសន៍បញ្ជាក់ថាកម្ពុជាយើងមិនអាចអោយមានការធ្វើអាជីវកម្មCasino Online បានឡើយ។បើយើងបន្តអាជីវកម្មCasino Online យើងនឹងក្លាយទៅជាអ្នកដែលរងគ្រោះដោយសារCasino Online នេះជាមិនខាន។ជាមួយគ្នានោះយើងនឹងអាចកើតមាននូវអំពើភេរវកម្មនិងអំពើលាងលុយកង្វក់។ល។ជាមិនខាន។សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថានៅសល់តែប៉ុនានថ្ងៃទៀតតែប៉ុណ្ណោះកម្ពុជាត្រូវបិទបញ្ចប់អាជីវកម្មCasino Online ហើយ។

)ត្រូវបន្តជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតជាពិសេសបង្កើនការដាំដុះបន្លែនិងចិញ្ចឹមសត្វតាមបែបធម្មជាតិដើម្បីផ្គត់ផ្គង់សេវាទេសចរណ៍ធ្វើយ៉ាងណាជំរុញខ្សែសង្វាក់ផលិតផលខ្សែក្រវ៉ាត់ប៉ៃតងនៅតាមសណ្ឋាគារនានានៅទូទាំងប្រទេស។

)ត្រូវពង្រឹងការតភ្ជាប់ផ្លូវធ្វើដំណើរនានាឆ្ពោះមកកាន់តំបន់ឆ្នេរសមុទ្រយើងអោយបានច្រើននិងអោយបានល្អប្រសើរ។នៅពេលខាងមុខយើងនឹងទទួលបានផ្លូវជាតិ៣ខ្សែដ៏ស្រស់ស្អាតរួមទាំងការអភិវឌ្ឍផ្លូវផ្សេងៗក្នុងខេត្តមួយចំនួនទៀត។

)ត្រូវបង្កើនការការពារនូវសុវត្ថិភាពភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមផ្លូវទឹកជាពិសេសត្រូវរៀចំពោងទឹកសុវត្ថិភាពដល់ភ្ញៀវ, ដឹកជញ្ជូនភ្ញៀវតាមកាណូតត្រូវធានាអោយមានសុវត្តិភាពខ្ពស់ជាប្រចាំ។

មុននឹងបញ្ចប់សម្តេចតេជោហ៊ុនសែននាយករដ្ធមន្រ្តីបានជូនពរដល់ភ្ញៀវទេចរណ៍ជាតិនិងអន្តរជាតិព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួបតែសេចក្តីសុខចម្រើននិងទទួលបាននូវភាពសប្បាយរីករាយជាមួយក្រុមគ្រួសារនៅក្នុងឱកាសនៃបុណ្យសមុទ្រនៅក្នុងខេត្តកំពតដែលមានរយៈពេល៣ថ្ងៃនេះគឺចាប់ពីថ្ងៃទី២០ដល់២២ខែធ្នូឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង