ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានប្រកាសយ៉ាងដាច់ណាត់ថាមិនឲ្យមានហ្គេមអនឡាញ

54

កំពត៖សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីនៃកម្ពុជានៅយប់ថ្ងៃទី២១ខែធ្នូឆ្នាំ២០១៩នេះបានប្រកាសយ៉ាងដាច់ណាត់ថាមិនឲ្យមានហ្គេមអនឡាញនៅប្រទេសកម្ពុជាទៀតនោះឡើយបើមិនដូច្នោះប្រទេសកម្ពុជានឹងក្លាយជាកន្លែងលាងលុយកខ្វក់និងជង្រុកពួកម៉ាហ្វីយ៉ាដែលកើតចេញពីហ្គេមអនឡាញនេះតែម្ដងហើយស្វាគមន៍អ្នកជំនួយពិតប្រាកដ។

សម្ដេចតេជោហ៊ុនសែនបានសង្កត់ធ្ងន់ទៀតថានៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះហ្គេមអនឡាញនឹងបញ្ចប់វត្តមាននៅកម្ពុជាទាំងស្រុងក្រោយដល់ពេលកំណត់នៃការពន្យាសុពលភាពធ្វើអាជីវកម្ម។សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានអះអាងថាប្រទេសណាបង្កើតមានឲ្យមានហ្គេមអនឡាញក៏បង្កើតចុះប៉ុន្ដែកម្ពុជាមិនបង្កើតឲ្យមានជាដាច់ខាត។

ក្នុងពិធីបើកបុណ្យសមុទ្រលើកទី៨ដែលប្រារព្ធធ្វើឡើងនៅក្នុងខេត្តកំពតសម្ដេចតេជោហ៊ុនសែនបានសម្ដែងនូវការងឿងឆ្ងល់ចំពោះអ្នកដែលព្រួយបារម្ភក្រោយកម្ពុជាបិទហ្គេមអនឡាញថាអាជីវកម្មមានការធ្លាក់ចុះបន្ទាប់ពីជនជាតិចិនចាកចេញពីប្រទេសកម្ពុជាដែលចំណុចនេះសម្ដេចបានចោទសួរថា«តើអ្នកចង់បានអ្វីឲ្យពិតប្រាកដព្រោះនៅពេលចិនចូលមកថាចូលមកច្រើនដល់ពេលចេញទៅវិញថាចេញទៅវិញច្រើន។

សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍យ៉ាងដូច្នេះថា«មនុស្សមួយចំនួនព្រួយបារម្ភអំពីបញ្ហាបាត់អនឡាញ(ហ្គេមអនឡាញ) នៅពេលដែលមានអនឡាញនាំគ្នាព្រួយបារម្ភអំពីវត្តមានជនជាតិចិននៅកម្ពុជានៅពេលដែលយើងបិទអនឡាញគេព្រួយបារម្ភអំពីការបាត់ជនជាតិចិនពីកម្ពុជាតើអ្នកចង់បានអ្វីពិតប្រាកដ? សម្រាប់ខ្ញុំខ្ញុំសង្កេតឃើញថាបើសេដ្ឋកិច្ចកម្ពុជាពឹងពាក់តែលើអនឡាញកម្ពុជានឹងក្លាយទៅជាអ្នករងគ្រោះសម្រាប់បញ្ហាសន្ដិសុខជាតិរបស់ខ្លួនយើងស្ថិតនៅក្រោមការគំរាមកំហែងនៃក្រុមម៉ាហ្វីយ៉ាដែលជ្រៀតចូលមកក្នុងប្រទេសរបស់យើងដើម្បីធ្វើសកម្មភាពយើងក៏ថិតនៅក្នុងស្ថានភាពដែលនឹងក្លាយទៅជាប្រទេសនៃគោលដៅនៃការលាងលុយកខ្វក់តាមរយៈអនឡាញ។

យើងនឹងបាត់បង់នូវសុវត្ថិភាពអ្នកជំនួញធំៗអ្នករកស៉ីធំៗដែលជាអ្នកមានប្រាក់មិនហ៊ានចូលមកកម្ពុជាដោយសារខ្លាចពួកក្រុមម៉ាហ្យាដូច្នេះអ្វីក៏ដោយត្រូវមានការបង់ថ្លៃយើងសុខចិត្តមិនមានអនឡាញក៏ប៉ុន្ដែយើងច្បាស់ជានាំមកនូវប្រទេសរបស់យើងប្រកបដោយមានសន្ដិសុខហើយយើងនាំមកនូវដោយអ្នកវិនិយោគសុច្ចរិតនិងអ្នកវិនិយោគដែលមានប្រាក់កាសមករស់នៅកម្ពុជា។

ផ្ទុយទៅវិញបើសិនជាវត្តមានអនឡាញបន្ដកម្ពុជានឹងក្លាយទៅជាអ្នករងគ្រោះហើយរងគ្រោះមុនគេគឺសន្ដិសុខរបស់យើងតែម្ដងបន្ទាប់ទៅគឺនឹងក្លាយជាគោលដៅនៃការលាងលុយកខ្វក់ដែលនៅលើពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ព្រមទាំងភេរវកម្មហិរញ្ញប្បទានសម្រាប់ភេរវកម្មដែលជាចំណុចគ្រោះថ្នាក់។ដូច្នេះនៅសល់តែប៉ុន្មានថ្ងៃទៀតនឹងបាត់បង់ពីកម្ពុជាទាំងស្រុងហើយ»

ដោយឡែកបញ្ហាមួយទៀតពាក់ព័ន្ធការធ្លាក់ចុះនៃវិស័យសំណង់សម្ដេចតេជោហ៊ុនសែនបានគូសបញ្ជាក់ថាវិស័យសំណង់នៅប្រទេសកម្ពុជាមិនមែនបម្រើឲ្យតែហ្គេមអនឡាញនោះទេប្រសិនបើគេឈប់ជួលផ្ទះឬអគារគួរតែយកទីតាំងនោះទៅប្រកបអាជីវកម្មផ្សេងព្រោះអ្វីក៏ដោយត្រូវតែមានការបង់ថ្លៃ។

អ្វីដែលសម្ដេចតេជោហ៊ុនសែនបានសង្កត់ធ្ងន់នោះគឺការបិទអាជីវកម្មហ្គេមអនឡាញដើម្បីកុំឲ្យកម្ពុជាក្លាយជាជម្រករបស់ពួកឧក្រិដ្ឋជនបរទេសដែលធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេសដែលធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយក្នុងសង្គម។

គួរជម្រាបថាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែននៅថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩នេះបានចុះហត្ថលេខាលើសារាចរណែនាំមួយដោយបញ្ឈប់ការផ្តល់គោលការណ៍និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ( Internet Online) ទាំងក្នុងនិងក្រៅប្រទេសចាប់ពីថ្ងៃជូនដំណឹងនេះ។

នៅក្នុងសារាចរណែនាំរាជដ្ឋាភិបាលបានធ្វើការណែនាំចំនួន៣ចំណុចដូចខាងក្រោម៖

១៖មន្រ្តីនគរបាលយុត្តិធម៌និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការស្រាវជ្រាវនិងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៉ិនធើណេនអនឡាយក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទនិងគ្រប់រូបភាពដែលធ្វើសកម្មភាពដោយមិនមានអាជ្ញាប័ណ្ណពីក្រសួងស្ថាប័នមានសមត្ថកិច្ច។

២៖ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៉ិនធើណែតអនឡាយក្នុងនិងក្រៅប្រទេសដែលមានអាជ្ញាប័ណ្ណត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាពដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ។បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនបន្តសុពលភាពនៃអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ។

៣៖រាជរដ្ឋាភិបាលបញ្ឈប់ការផ្តល់គោលការណ៍និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៉ិនធើណេតអនឡាយទាំងក្នុងនិងក្រៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង