ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកអភិរក្ស ស្នើប្រជាពលរដ្ឋ បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ដើម្បីអភិរក្សសត្វខ្លាធំ នៅកម្ពុជា

137

រាជធានីភ្នំពេញ៖ អ្នកជំនាញ បានសន្មតថា មិនមានចំនួនសត្វខ្លាធំ ដែលអាចបន្តពូជបាននៅក្នុងប្រទេសកម្ពុជាឡើយ។ ​ការបាត់បង់នេះ គឺជាលទ្ធផលដែលចេញពីការបរបាញ់ការដាក់អន្ទាក់ ការជួញដូចសត្វព្រៃ ការបាត់បង់ទីជម្រក និងការបាត់បង់ជាចំណីរបស់វា ជាពិសេសគឺសង្រ្គាមដ៏រាំរ៉ៃ ដែលបង្កជាសំឡេងរំខាន ដល់ការរស់នៅរបស់វា ហើយអ្នកជំនាញ បានស្នើដល់ប្រជាពលរដ្ឋគ្រប់រូបបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។

អបអរទិវាសត្វខ្លាំធំពិភពលោក កាលពីថ្ងៃសៅរ៍ទី ២១ ខែកក្កដា ឆ្នាំ ២០១៨ នៅផ្សារទំនើបមួយនៅរាជធានីភ្នំពេញ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ចំពោះសត្វខ្លាធំទាំងអស់ ដែលជិតផុតពូជនៅទូទាំងពិភពលោក។
ចំនួនសត្វខ្លាធំនៅលើពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ កាលពីសតវត្សរ៍មុន ដោយសារតែការបរបាញ់សត្វព្រៃ និងការបំផ្លាញទីជម្រកសត្វព្រៃគ្មានការគ្រប់គ្រង។ បច្ចុប្បន្នមាននៅសល់សត្វខ្លាធំចំនួន ៣៩០០ ក្បាលរស់នៅក្នុងព្រៃ ប៉ុន្តែសត្វខ្លាធំទាំងនេះបានរងការគំរាមកំហែងជារៀងរាល់ថ្ងៃ ដោយសារការបរបាញ់ ដើម្បីជួញដូរសត្វព្រៃដោយខុសច្បាប់។

លោកសេង ទៀក នាយកអង្គការមូលនិធិសកល ដើម្បីអភិរក្សធនធានធម្មជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ហៅកាត់ថា WWF ថាថ្លែងថា អង្គការបានផ្តួចផ្តើមគម្រោងអភិរក្សសត្វខ្លាធំ រយៈពេលប្រាំមួយឆ្នាំ ដែលគាំទ្រដល់យុទ្ធនាការ TX2 ដែលជាគោលដៅពិភពលោក ដើម្បីបង្កើនទ្វេដងចំនួនសត្វខ្លាធំត្រឹមឆ្នាំ ២០២២ ។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៣ ដែលមានសត្វខ្លាធំ ហើយរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបង្កើនទ្វេដង ចំនួនសត្វខ្លាធំទូទាំងពិភពលោក ដោយបានអនុម័តលើផែនការសកម្មភាពសង្រ្គោះសត្វខ្លាធំនៅកម្ពុជា ដែលផ្តោតលើការនាំយកសត្វខ្លាធំ ចូលទៅក្នុងតំបន់វាលទំនាបភាគខាងកើតនៃប្រទេសកម្ពុជា។

លោកបានជាសំណួរថាតើប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមយ៉ាងដូចម្តេចទៅលើការអភិរក្ស និងការការពារសត្វខ្លាំធំ នៅក្នុងប្រទេសកម្ពុជា? លោកបន្តថា “ប្រជាពលរដ្ឋដែលចង់ចូលរួមអភិរក្សសត្វខ្លាធំ គឺជាសាមញ្ញបំផុត ត្រូវបញ្ឈប់ការបរិភោគសាច់សត្វព្រៃទាំងអស់ ពីព្រោះយើងដឹងសត្វខ្លាំធំជាសត្វនៅលើគេទាំងអស់ និងស៊ីសាច់សត្វជាអាហារ ហើយសត្វខ្លាធំរស់នៅក្នុងព្រៃបាន ទាល់តែមានសត្វជាអាហាររបស់វាមានគ្រប់គ្រាន់នៅក្នុងព្រៃ អីចឹងទេប្រជាពលរដ្ឋបើចង់ចូលរួមអភិរក្សសត្វខ្លាធំ ដោយធ្វើការងារដោយសាមញ្ញបំផុតគឺឈប់ពិសារសាច់សត្វព្រៃគ្រប់ប្រភេទ និងកុំហូប កុំសួរថាមានសាច់សត្វព្រៃលក់ទេ ដូចជា ជ្រូកព្រៃ ប្រើស លក់ទេ នៅតាមភោជនីយដ្ឋាន ដែលកាយវិកានេះគឺជាកាយវិកាតែមួយគត់ ហើយបើយើងមិនបរិភោគសាច់សត្វព្រៃ តម្រូវការនៅក្នុងភោជនីយដ្ឋាន ក៏លក់មិនចេញដែរ និងជាពិសេសអ្នកបរបាញ់ អ្នកដាក់អន្ទាក់ក្នុងព្រៃដែលយកសាច់សត្វមកផ្គត់ផ្គង់លើទៅផ្សារ ក៏ទៅរួចដែរ “។

លោក សេង ទៀក មានប្រសាសន៍ថា “សត្វខ្លាធំគឺជាសត្វដ៏អស្ចារ្យ និងមានភាពទាក់ទាញ ហើយវាត្រូវបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ។​ នេះគឺជាពេលវេលាដែលត្រឹមត្រូវបំផុត ដែលយើងទាំងអស់គ្នា រួមគ្នាដើម្បីអភិរក្សសត្វខ្លាធំនេះ។ យើងខ្ញុំសូមឲ្យមានការចូលរួមពីគ្រប់ស្រទាប់ទាំងអស់ ដើម្បីអភិរក្សសត្វខ្លាធំ ហើយក៏សូមអំពាវនាវ ដល់អតិថិជនទាំងអស់ឲ្យបញ្ឈប់ការជួញដូរសត្វខ្លាធំ និងសាច់សត្វព្រៃជាបន្ទាន់ និងសូមឲ្យរាជរដ្ឋាភិបាល ជួយបង្ក្រាបប្រកបដោយប្រសិទ្ធភាពអ្នកដែលដាក់អន្ទ្រាក់នៅក្នុងព្រៃ ការពារ​ និងបង្កើនការពិន័យ ដល់អ្នកដែលដាក់អន្ទាក់ក្នុងព្រៃការពារ។
លោកបានបន្ថែមទៀតថា “អន្ទាក់គឺជាឃាតករលាក់មុខ ដែលឆក់យកជីវិតសត្វព្រៃ និងកំពុងតែបំផ្លិចបំផ្លាញជីវិតសត្វព្រៃ របស់ប្រទេសកម្ពុជា ក៏ដូចជាសត្វព្រៃ ដែលមានការយកចាត់ទុកដាក់ខ្ពស់ របស់ពិភពលោកទាំងមូល។​”​​

លោកសេង ទៀក បានថ្លែងថា កាលពីឆ្នាំ២០០៤ ចំនួនសត្វខ្លាធំត្រូវបានគេប៉ាន់ប្រមាណាមានប្រហែលពី១០ទៅ៥០ក្បាល នៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណារូបភាពសត្វខ្លាធំ ដែលថតបានជាចុងក្រោយ គឺនៅឆ្នាំ២០០៧ នៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើត នៃប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមក ពុំមានភស្តុតាងណាមួយ បង្ហាញថាមានសត្វខ្លាធំនៅក្នុងប្រទេសកម្ពុជាទេ បើទោះជាមានកិច្ចខិតខំប្រឹងប្រែង ស្វែងរកវាយ៉ាងណាក៏ដោយ។

លោកបានបន្តថា អន្ទាក់ត្រូវបានដាក់ដោយព្រានប្រម៉ាញ់ខុសច្បាប់ ក្នុងគោលបំណងចាប់យកសត្វព្រៃដេលមានតម្រូវការខ្ពស់ នៅលើទីផ្សារសត្វព្រៃខុសច្បាប់។ អន្ទាក់គឺធ្វើឡើងដោយវិធីសាមញ្ញបំផុត ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ អន្ទាក់ដែលធ្វើឡើងដោយខ្សែលួសដូចជាហ្វ្រាំងកង់ និងងាយស្រួលក្នុងការដាក់ ហើយបានបង្កើតជាបញ្ហាយ៉ាងច្រើននៅក្នុងព្រៃនៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍នៅក្នុងដែនជម្រកសត្វព្រៃស្រែពកតែមួយប៉ុណ្ណោះ អន្ទាក់ចំនួន៧១១ត្រូវបានដោះក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ ចំនួន៣.១០១ និងឆ្នាំ២០១៦ចំនួន៣៧៩៥អន្ទាក់ដោះក្នុងដែនជម្រកនេះ។ ដូចនេះយើងឃើញថាចំនួនអន្ទាក់ មានការកើនឡើង យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាការព្រួយបារម្ភសម្រាប់យើងទាំងអស់គ្នា។

លោកបានបន្តថា យើងត្រូវធានាឲ្យបានថាសត្វខ្លាំធំមានកន្លែងនិងចំណីដែលពួកវាត្រូវការ ការការពារទីជម្រករបស់ពួកវា ការបង្កើនចំនួនសត្វរំពាររបស់វា និងការយកពួកវាទៅដាក់កន្លែងដែលពួកវាធ្វាប់រស់នៅ គឺជាការត្រូវធ្វើឲ្យខាងតែបាន។ ខ្ញុំសុំមិនបរិយាយច្រើនអំពីអ្វិដែលយើងត្រូវធ្វើនោះទេ ដោយសារតែអ្វីៗដែលចាំបាច់ ធ្វើគឺមាននៅក្នុងផែនការសកម្មភាពអភិរក្សសត្វខ្លាធំរបស់កម្ពុជា ដែលបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ ២០១៦កន្លងទៅ។ ទោះជាយ៉ាងណាក៏ដោយ ការអភិរក្សសត្វខ្លាធំនឹងទទួលបានជោគជ័យ ទៅបានលុះត្រាតែមានការគាំទ្រ ពីប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់តែមានខ្លាំធំរស់នៅ។ ការគាំទ្រនោះមួយផ្នែកបានមកពីមោទនភាពជាតិ ដោយសារតែសត្វខ្លាធំគឺជាសត្វតំណាងឲ្យជាតិនិងវប្បធម៌ និងមួយទៀតគឺថាការការពារសត្វខ្លាធំ គឺល្អសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈសកម្មភាពនានា ដូចជាទេសចរធម្មជាតិជាដើម។ ដូចនេះយើងរំពឹងថារាជរដ្ឋាភិបាល នឹងបង្កើនការវិនិយោគបន្ថែមទៀត ទៅលើការអភិរក្សសត្វខ្លាធំក្នុងប្រទេសកម្ពុជា។ ប៉ុន្តែរាជរដ្ឋាភិបាលមិនអាចធ្វើរឿងនេះ បានតែម្នាក់ឯងបាននោះទេ ​យើងត្រូវការសហគមន៍អន្តរជាតិ ដើម្បីជួយដល់កិច្ចប្រឹងប្រែងមួយនេះ មានន័យថាការប្តេជ្ញាក្នុងការផ្តល់មូលនិធិ ដើម្បីការពារសត្វខ្លាពីការបរបាញ់ និងការបញ្ឈប់ការជួញដូរស្បែកនិងឆ្អឹងរបស់វា បង្កើតកន្លែងសម្រាប់អភិរក្សសត្វខ្លា និងស្តារនូវតំបន់ដែលខ្លាធ្លាប់រស់នៅកន្លងមក។

ក្នុងឱកាសនោះដែរ លោកឃុត ចាន់ដារា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា វត្តមានសត្វខ្លាធំនៅកម្ពុជា ត្រូវបានថតជាប់នៅក្នុងកាម៉េរ៉ា ដែលបានដាក់នៅក្នុងព្រៃចោលប្រហែល១ឆ្នាំនោះ គឺបានថតជាប់សត្វខ្លាធំនៅសួនឧទ្យាជាតិវិរជ័យ​ខេត្តមណ្ឌលគិរី ប៉ុន្តែជាក់ស្តែងការសិក្សាជាលក្ខណៈវិទ្យាសាស្រ្ត មកដល់ពេលបច្ចុប្បន្ននេះ ​អត់ទាន់រកឃើញថាមានសត្វខ្លាធំ បន្តបង្កកំណើតកូនខ្លានៅលើទឹកកម្ពុជាទៀតទេ។ ការបាត់បង់សត្វខ្លាធំ ដោយសារតែប្រទេសកម្ពុជាមានសង្រ្គាម ដែលបង្កឲ្យមានសំឡេងគ្រាប់កាំភ្លើងរំខានការរស់នៅរបស់វា ទើបរត់គេចចេញពីទីជម្រកទៅកាន់កន្លែងផ្សេង ដែលមានភាពស្ងប់ស្ងាត់ គ្មានការរំខាន ពីព្រោះសត្វខ្លាធំចូលចិត្តរស់នៅ ដោយមានសេរីភាព គ្មានការរំខានពីសំឡេងចំឡែកៗ ដែលវាមិនធ្លាប់ឮ។ លោកបន្តថា​ ក្នុងនាមក្រសួងបរិស្ថានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល តាំងចិត្តថែមទៀតជាមួយនឹងដៃគូរអង្គការទាំងអស់ ធ្វើយ៉ាងណាឲ្យផែនការសកម្មភាពអភិរក្សសត្វខ្លាធំទទួលបានជោគជ័យតាមផែនការរបស់ពិភពលោក។ ការចូលរួមអភិរក្ស និងការពារសត្វខ្លាធំនៅកម្ពុជា ឲ្យមានចំនួនច្រើនមកវិញ ​ដូចមុនឆ្នាំ១៩៧០ ហើយបើតាមការសិក្សានៅមុខឆ្នាំ១៩៧០ សត្វខ្លាធំនៅកម្ពុជាមានជាង១០០ក្បាល ​និងសង្ឃឹមថានៅថ្ងៃអនាគតខ្លាធំនឹងវិលត្រឡប់មករស់នៅក្នុងព្រៃប្រទេសកម្ពុជា ឡើងវិញ។

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ “យើងចង់ឱ្យប្រជាជនធ្វើសកម្មភាពជួយសង្គ្រោះសត្វខ្លាធំនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា យើងកំពុងធ្វើការជាមួយដៃគូជាមួយអង្គការ WWF ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសកល និងមូលនិធិសម្រាប់ជួយសង្រ្គោះសត្វខ្លាធំ។” អ្នកជំនាញសត្វព្រៃរបស់អង្គការ WWF បានខិតខំប្រឹងប្រែង ដើម្បីស្វែងយល់ឲ្យច្បាស់ពីស្ថានភាពរបស់សត្វខ្លាធំ។ អ្នក​ទេសចរណ៍​ក៏​ចាប់អារម្មណ៍​ខ្លាំង​ណាស់ដែរ​លើ​ការ​ទស្សនា​ធន​ធា​តិ​ធម្មជាតិ​និង​សត្វព្រៃ ពិសេស​គឺ​អំបូរ​សត្វ​ខ្លាធំ ដែល​តម្រូវអោយ​អ្នកកា​ពារ​សត្វព្រៃ​បន្ត​ការស្វែងរក​សត្វ​ខ្លាធំ​នេះ និង​បន្ត​សហការ​នាំយក​ខ្លា​នេះ​មក​លែង​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ​នៅ​ឆ្នាំ​២០២២​ខាងមុខ​។ ខណៈរដ្ឋាភិបាលកម្ពុជា អនុម័តលើផែនការសកម្មភាពអភិរក្សសត្វខ្លាធំនៅកម្ពុជា បានធ្វើឲ្យអង្គការអភិរក្សធនធានធម្មជាតិនិងសត្វព្រៃ សម្តែងការសាទរ ចំពោះការសម្រេចនេះ។ អង្គការ WWF និងរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការសម្រេចចិត្តរបស់ រដ្ឋាភិបាល លើការអភិរក្សសត្វខ្លាធំនេះថាជាផែនការដ៏សំខាន់ក្នុង ការបង្កើនចំនួនសត្វខ្លា នៅក្នុងប្រទេសកម្ពុជា ចំពេលដែលប្រភេទសត្វ កម្រនេះ កំពុងប្រឈមនឹងការបាត់បង់ ពីលើទឹកដីប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្នុងរយៈកាល១០០ឆ្នាំកន្លងមកនេះ ចំនួនសត្វខ្លាធំក្នុងសកលលោកបានធ្លាក់ចុះប្រហែលពី១០០.០០០ក្បាល មកនៅត្រឹមតែចំនួន៣.២០០ក្បាលប៉ុណ្ណោះ ក្នុងឆ្នាំ២០១០។ ចំនួននេះគឺវាតិចជាង៩៥ភាគរយ នៃចំនួនសត្វខ្លាធំដែលមានកាលពីជាង១០០ឆ្នាំមុខ ។ ទីជម្រករបស់សត្វខ្លាធំបានធ្លាក់ចុះដល់កម្រិតតិចជាង ១០ភាគរយ ដែនជម្រកដែលពួកវាធ្លាប់រស់នៅ។ ថ្មីៗនេះចំនួនសត្វខ្លាធំបានកើនឡើងបន្តិចមកត្រឹមប្រហែលចំនួន៣.៩០០ក្បាលក្នុងឆ្នាំ២០១៦ ដោយសារតែកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីអភិរក្សសត្វខ្លាធំ ដោយមេដឹកនាំរបស់ប្រទេស១៣ ដែលមានវត្តមានសត្វខ្លាធំ ចាប់ពីឆ្នាំ២០១០កន្លងមក៕

     

អត្ថបទដែលជាប់ទាក់ទង