សម្ដេចក្រឡាហោម៖ ប៉ូលិសមិនអាចចាប់ តែគេអាចប្តឹងទារលុយ ពីអ្នកធ្វើយុទ្ធនាការម្រាមដៃស្អាត មិនទៅបោះឆ្នោត
ខេត្តព្រៃវែង៖ បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានខេត្តបាត់ដំបង ដាក់ពាក្យប្តឹងអតីតប្រធានគណបក្សសង្គ្រោះជាតិ នៅខេត្តបាត់ដំបង និងអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋាន ចំនួន៣នាក់ ពីបទញុះញង់ រារាំងអ្នកបោះឆ្នោត តាមរយៈយុទ្ធនាការម្រាមដៃស្អាតនោះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារប្រចាំខេត្តព្រៃវែង និងខេត្តបាត់ដំបង អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកព្រះស្ដេច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ បានប្រកាសថា អាជ្ញាធរសមត្ថកិច្ចប៉ូលិស មិនអាចចាប់អ្នកដែលធ្វើយុទ្ធនាការលើកម្រាមដៃស្អាត ដើម្បីបញ្ជាក់ថា ខ្លួនមិនទៅបោះឆ្នោតនោះទេ តែគេអាចប្តឹងអ្នកធ្វើយុទ្ធនាការម្រាមដៃស្អាតនោះ ដើម្បីផាកពិន័យជាសាច់ប្រាក់។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍នៅចំពោះមុខសកម្មជនបក្សរបស់ខ្លួនថា “យើងមិនមានច្បាប់ណាមួយ កំណត់ឲ្យចាប់អ្នកទាំងនោះទេ ហើយម្យ៉ាងទៀត យើងក៏គ្មានពន្ធនាគារឯណា សម្រាប់ដាក់អ្នកទាំងនោះទេ ប៉ុន្តែយើងអាចប្តឹងទារលុយពី ៥លាន ទៅ ២០លានរៀល ដែលច្បាប់ បានកំណត់”។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ” ចាប់ទៅយកទៅដាក់នៅកន្លែងណាឥឡូវហ្នឹង? បើពន្ធនាគារ វាណែនអស់ហើយ។ ចាប់ហើយ វាគ្មានហេតុផលនឹងចាប់ទៀត។ មានអ្នកខ្លះ គេនាំគ្នាធ្វើយុទ្ធនាការដៃស្អាត នាំគ្នាធ្វើម្តុំអីចឹងទៅ។ ពួកហ្នឹងមួយចំនួន បងប្អូនយើងចង់ទៅចាប់។ តែប៉ូលិសទេ សមត្ថកិច្ចប៉ូលិសទេ។ ខ្ញុំថា អត់បានទេ មើលច្បាប់ទៅ មានតែប្តឹងផាកទេ ៥ ទៅ ២០ លាន រួចបើម្តងមិនរាងចាល ប្តឹងទៀត ៥ ទៅ ២០ លានទៀត បើនៅតែធ្វើទៀត ប្តឹង ៥ ទៅ ២០ លានទៀត អាហ្នឹងវាអីចឹង ហើយបើទៅចាប់ តើមានច្បាប់ណាទៅចាប់? អត់ត្រូវទេ សម្របសម្រួលដោះស្រាយគ្នាទៅ។ ដំបូង អ្នកត្រូវគេប្តឹង ដែលធ្វើយុទ្ធនាការម្រាមដៃស្អាតនោះ ហាក់ដូចជា គំរាមលើអ្នកប្តឹង តែក្រោយពីលើកហេតុផលច្បាប់ទម្លាប់ទៅ ក៏បែរជាអង្វរយើងវិញ។ ដល់ឥឡូវមិនដឹងប្តឹងដល់ណាដល់ណីទៀតទេ សម្តេចមិនដឹងទេ ឲ្យធ្វើតាមច្បាប់ទៅ យើងមិនចង់ធ្វើបាបនរណាទេ គឺថាយើងកសាងសេចក្តីសុខ តែម៉ឺងម៉ាត់ចំពោះច្បាប់ អីចឹង ដូចករណីនេះ មិញថា រឿងហែបក្ស គេសួរថា ពីណាងាប់ អាណាងាប់ហ្នឹង? អាហ្នឹងក៏មានពាក្យបណ្តឹងដែរ អាហ្នឹងគេហៅថា យើងទន់ភ្លន់ តែម៉ឺងម៉ាត់”។
សម្តេចក្រឡាហោម ស ខេង ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីនៅខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋាន បានដាក់ពាក្យប្តឹងអតីតប្រធានគណបក្សសង្គ្រោះជាតិ នៅខេត្តបាត់ដំបង និងអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋាន សរុប ៣នាក់ ពីបទញុះញង់ រារាំងអ្នកបោះឆ្នោត តាមរយៈយុទ្ធនាការម្រាមដៃស្អាត។ អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងនោះ បានជួបជុំថតរូប លើកម្រាមដៃស្អាត ដោយប្រកាសមិនទៅបោះឆ្នោត ហើយបង្ហោះរូបថតនោះតាមហ្វេសប៊ុក៕