ជួសជុលបន្ទាន់កំណាត់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤១ ដែលរងការខូចខាតដោយសារជំនន់ ទឹកភ្លៀង
ខេត្តកំពត៖ កំពុងជួសជុលបន្ទាន់កំណាត់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤១ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង និងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឱ្យបានរួចរាល់មុនថ្ងៃ២៨ កក្កដា ដែលការជួសជុលនេះ ។
ថ្ងៃអាទិត្យ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយលោកអភិបាលនៃគណ:អភិបាលខេត្តកំពត ក្រុមហ៊ុន CRBC និងធនាគារពិភពលោក និងជំនាញពាក់ព័ន្ធ បានអញ្ជើញពិនិត្យ និងបើកការដ្ឋានជួសជុលកំណាត់ផ្លូវលេខ៤១ និង ផ្លូវជាតិលេខ០៣ ក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តជាប់ដងផ្លូវនេះ។
នៅក្នុងកំណាត់ផ្លូវជាតិលេខ៤ ចំណុចខូចខាត មានប្រវែងសរុបប្រមាណ២២គីឡូម៉ែត្រ ចាប់ពីចំណុច គីឡូម៉ែត្រលេខ៧៣ ដល់ចំណុចគីឡូម៉ែត្រលេខ៩៥ តម្រូវឱ្យមានការជួសជុលបន្ទាន់ បន្ទាប់ពីផ្លូវជាតិលេខ៣។ ផ្លូវជាតិលេខ៣ ទទួលរងការខូចខាតគួរឱ្យកត់សម្គាល់ ប្រមាណ១៥គីឡូម៉ែត្រ ចាប់ពីចំណុច គីឡូម៉ែត្រលេខ ១៣០ ដល់ចំណុចគីឡូម៉ែត្រលេខ១៤៥។
កំណាត់ផ្លូវទាំងពីរខ្សែនេះ ត្រូវជួសជុលដោយឈូសឆាយ បង្ហាប់ និងក្រាលថ្មមិច ដែលអនុវត្តន៍ដោយក្រុម ហ៊ុនCRBC(ក្រុមហ៊ុនចិន) ដោយឡែកកំណាត់ផ្លូវជាតិលេខ៣ ពីកំពតទៅវាលរិញ ក៏ត្រូវឈូសឆាយ ក្រោមថវិការបស់ពិភពលោកផងដែរ។
លើសពីនេះទៅទៀត ផ្លូវទាំងនេះគ្រោងនឹងលើកកម្ពស់គុណភាព ទៅជាផ្លូវបេតុងកៅស៊ូAC ទាំងស្រុង សំដៅរក្សាបានភាពយូរអង្វែង អាចទ្រទម្ងន់បានប្រសើរជាងមុន និងចូលរួមចំណែកក្នុងការសម្រួលដល់ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត។
តាមចក្ខុវិស័យ “ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់” និងតាមពាក្យស្លោក “មានផ្លូវមានស្ពាន មានក្តីសង្ឃឹម” រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រើគ្រប់ មធ្យោបាយក្នុងការកៀរគររកហិរញ្ញប្បទាន ដើម្បីថែរក្សា ជួសជុល លើកកម្រិតគុណភាព ពង្រីក និងសាងសង់ថ្មីជាបន្តបន្ទាប់ និងជាប្រចាំក្នុងគោលបំណងបំពេញ តាមតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា៖ តាមការសន្យា និងក្នុងនាមជាអ្នកបម្រើរាស្ត្រពិតប្រាកដ បន្ទាប់ពីចុះត្រួតពិនិត្យស្ថាន ភាពផ្លូវកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ រួចមក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នេះ លោក ទេសរដ្ឋមន្ត្រី បានអញ្ជើញចុះមកបើកការដ្ឋានជួសជុលជាបន្ទាន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលរបស់បងប្អូនទៅកាន់ទីផ្សារ។
លោកទេសរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីជៀសវាងគ្រោះថ្នាក់នានា និងកុំផ្ទុកទំនិញលើសទម្ងន់ កម្រិតកំណត់ ដែលបណ្ដាលឱ្យផ្លូវឆាប់ខូច៕