ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រឡងប្រណាំងរង្វាន់ សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍

123

ភ្នំពេញ៖ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដែលអនុវត្តគោលការណ៍ CSR និងចូលរួមគាំទ្រកិច្ចគាំពារបរិស្ថានអាចចូលរួម “ចលនាប្រឡងប្រណាំងរង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍”។

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំដាក់ចេញ ចលនាប្រឡងប្រណាំង ”រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍” លើកទី ៣ ឆ្នាំ២០១៨-២០១៩ ក្នុងគោលបំណងលើកទឹកចិត្ត និងបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ផ្នែកឯកជនដែលជាសហគ្រាស ឬប្រតិបត្តិករ ឬសហគមន៍ ឬបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសគាំទ្រដល់ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”។ រង្វាន់ធុរកិច្ចបៃតងនេះ មាន ៧ ប្រភេទរង្វាន់ ដូចខាងក្រោម ៖
១ – រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការថែរក្សាអនាម័យ និងបរិស្ថាន” (Environment Award)
២ – រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគោលការណ៍ ៣ Rs” (3Rs Award)
៣ – រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកសុខុមាលភាពសង្គម និងបេតិកភណ្ឌវប្បធម៌” (Social Welfare and Cultural Heritage Award)
៤ – រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកកន្លែងធ្វើការដែលមានភាពល្អប្រសើរ” (Best Workplace Award)
៥ – រង្វាន់សម្រាប់ “សហគ្រិនដែលមានស្នាដៃឆ្នើម” (Entrepreneur Award)
៦ – រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការថែរក្សាឆ្នេរសមុទ្រ” (Beach Eco-Label Award)
៧ – រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការប្រើប្រាស់ផលិតផលខ្មែរ” (Khmer Product Usage Award)

ក្រសួងទេសចរណ៍ បានបន្តថា ចលនាប្រឡងប្រណាំងធុរកិច្ចបៃតងនេះជាផ្នែកមួយចូលរួម ដល់ការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការជម្រុញ ការអនុវត្តគោលការណ៍ “ទំនួលខុសត្រូវសង្គម” (Corporate Social Responsibility) របស់វិស័យឯកជន ពិសេសផ្តោតលើ ការបញ្ចូលទស្សនទាននៃ “ភាពស្អាត និងបៃតង” ទៅក្នុងគំរូអាជីវកម្មរបស់ខ្លួន ការចូលរួមការងារសង្គម ការងារបរិស្ថាន ការងារស្ម័គ្រចិត្ត និងចូលរួមលើកកម្ពស់ការងារសមរម្យ (Decent jobs) ដល់បុគ្គលិក និយោជិត ជាដើម។

សូមប្រតិបតិ្ដករទាំងអស់ នៅតាមរមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ កីឡាទេសចរណ៍ សហគមន៍ទេសចរណ៍ សាលាទេសចរណ៍ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ និងផ្សារទំនើប ចូលរួមក្នុងការប្រឡងប្រណាំងនេះ ឲ្យបានផុសផុល ។

អត្ថបទដែលជាប់ទាក់ទង