ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នាថ្ងៃទី៣មករា របៀបវារៈចំនួន ៧ គឺគម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ

78

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជម្រាបជូនសាធារណជនជ្រាបថា៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០ នាទី ព្រឹទ្ធស​ភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៤ នីតិកាល​ទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៨រូប។

អង្គប្រជុំ បានដំណើរការតាមរបៀបវារៈចំនួន ៧រួមមាន៖

របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់ការអនុវត្តបទប្បញ្ញត្តិ នៃអនុសញ្ញាសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណងដើម្បីធានានូវការប្រើប្រាស់ និង អភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយប្រកបដោយចីរភាពតាមរយៈការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធនៃកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព។
តាមរយៈការចូលជាសមាជិក នៃកិច្ចព្រមព្រៀងនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានផលប្រយោជន៍សំខាន់ៗ ដូចជា៖ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយ ចំពោះការទទួលខុសត្រូវជារដ្ឋម្ចាស់ទង់ជាតិរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់ តំបន់ និងអន្តរជាតិ ក្នុងការគ្រប់គ្រងផលស្តុកត្រីឆ្លងដែន លើកកម្ពស់ការគ្រប់គ្រងជលផលនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខកម្ពុជា ទទួលបានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីមូលនិធិពិសេសសម្រាប់អនុវត្តការងារគ្រប់គ្រង និងអភិរក្សធនធានជលផល ទទួលបានការចែករំលែកនូវទិន្នន័យស្តីពី សកម្មភាពនេសាទ ផលចាប់ និងសមត្ថភាពនេសាទ អាចធានា បាននូវការប្រើប្រាស់ និងអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ប្រកប ដោយចីរភាព តាមរយៈការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធ នៃកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រ- កម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១១០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣ រដ្ឋសភា នីតិកាលទី៦។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនហ្គ្រីន សឺស្តែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង។
សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឱ្យក្រុមហ៊ុនសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយព្រះអាទិត្យ អានុភាព ២០មេហ្កាវ៉ាត់ អាចផលិតអគ្គិសនីចំនួន ៣៤,៦៧លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២០ មានទីតាំងស្ថានីយលើផ្ទៃដីទំហំប្រមាណ ៣០ហិកតា ស្ថិតនៅភូមិច្រកម្ទេស ឃុំជីភូ ស្រុកបាវិត ខេត្តស្វាយរៀង។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រ-កម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាល
ពីថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣រដ្ឋសភា នីតិកាលទី៦។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ។
សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឱ្យក្រុមហ៊ុនសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ អាចផលិតអគ្គិសនីចំនួន ៥០,០៧លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២០ មានទីតាំងស្ថានីយលើផ្ទៃដីទំហំប្រមាណ ៤១ហិកតា ស្ថិតនៅផ្លូវជាតិលេខ៥៦ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រ-កម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាល ពីថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣រដ្ឋសភា នីតិកាលទី៦។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៤៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង។
សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឱ្យក្រុមហ៊ុនសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ អាចផលិតអគ្គិសនីចំនួន ១០៧,៥លានគីឡូវ៉ាត់ម៉ោងក្នុង ១ឆ្នាំ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២០ មានទីតាំងស្ថានីយលើផ្ទៃដីទំហំប្រមាណ ៨០ហិកតា ស្ថិតនៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣រដ្ឋសភា នីតិកាលទី៦។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៥៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។
សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឱ្យក្រុមហ៊ុនសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ អាចផលិតអគ្គិសនីចំនួន ៤៨លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២០ មានទីតាំងស្ថានីយលើផ្ទៃដីទំហំប្រមាណ ៤០ហិកតា ស្ថិតនៅចន្លោះផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៣B ក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣រដ្ឋសភា នីតិកាលទី៦។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៦៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ធីអេសប៊ីភី សេកុង ផៅវ័រ អ៊ែន មីនើរ៉ល ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបាននូវអត្ថប្រយោជន៍យ៉ាងធំធេង ដែលអាចរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងការធានាដល់ការផ្គត់ផ្គង់អគ្គិសនីប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ទាំងនៅទីប្រជុំជន និងជនបទ ប្រកបដោយនិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យ។
រោងចក្រផលិតអគ្គិសនីនេះ មានអានុភាពផលិត ១.៨០០មេហ្កាវ៉ាត់ ដែលមានអាណត្តិ រយៈពេល ៣០ឆ្នាំ នឹងចាប់ផ្តើមដំណើរការនៅខែតុលា ឆ្នាំ២០២៤ លើទំហំវិនិយោគសរុបចំនួន ៣.៥៤៥លានដុល្លារអាមេរិក គិតទាំងហេដ្ឋារចនាសម្ព័ន្ធអណ្តូងរ៉ែធ្យូងថ្ម រោងចក្រផលិតអគ្គិសនី អនុស្ថានីយ និងខ្សែបណ្តាញបញ្ជូនអគ្គិសនីដែលមានតុងស្យុង ៥០០គីឡូវ៉ុល ប្រវែង៣០០គីឡូម៉ែត្រ មកដល់ព្រំដែន ដែលស្ថិតនៃខេត្តចំប៉ាសាក់ ប្រទេសឡាវ ជាប់នឹងខេត្តព្រះវិហារប្រទេសកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល
កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣រដ្ឋសភា នីតិកាលទី៦។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៧៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន សេកុង សឺមម័ល ផៅវ័រ ផ្លែន ខមផេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
រោងចក្រផលិតអគ្គិសនីនេះ មានអានុភាពផលិត ៦០០មេហ្កាវ៉ាត់ មានអាណត្តិរយៈពេល ៣០ឆ្នាំ នឹងចាប់ផ្តើមដំណើរការនៅខែតុលា ឆ្នាំ២០២៤ លើទំហំវិនិយោគសរុបចំនួន ១.៤២៥លានដុល្លារអាមេរិក គិតទាំងហេដ្ឋារចនាសម្ព័ន្ធអណ្តូងរ៉ែធ្យូងថ្ម រោងចក្រផលិតអគ្គិសនី អនុ-ស្ថានីយ និងខ្សែបណ្តាញបញ្ជូនអគ្គិសនីដែលមានតុងស្យុង ៥០០គីឡូវ៉ុល ប្រវែង៣០០គីឡូម៉ែត្រ មកដល់ព្រំដែន ដែលស្ថិតនៃខេត្តចំប៉ាសាក់ប្រទេសឡាវ ជាប់នឹងខេត្តព្រះវិហារ ប្រទេសកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រ-កម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល
កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣រដ្ឋសភា នីតិកាលទី៦។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

 

អត្ថបទដែលជាប់ទាក់ទង