ប្រជាពលរដ្ឋក្រីក្រ៧៧គ្រួសារ បានទទួលអំណោយ ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ និង លោកស្រី អ៊ឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខា និងដោយមានការជួយឧបត្តម្ភគាំទ្រថវិការ ពីលោកឧកញ្ញា នី សម្បត្តិ និងភរយានិងក្រុមគ្រួសារ បាននាំយកអំណោយមនុស្សធ៌ម មានអង្ករ ទឹកត្រី និងទឹកស៊ីអ៊ីវ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ , ជនចាស់ជរាគ្មានទីពឹង ,និងអ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ ចំនួន ៧៧នាក់ មកពីសង្កាត់កាកាបទី១ និងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ពិធីនេះនៅបរិវេណវត្តតាំងកសាងខាត្បូង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ក្នុងឱកាសនោះលោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ្ញា នី សម្បត្តិ និងភរិយា ដែលជានិច្ចកាលតែងតែជួយឧបត្តម្ភ ជាស្បៀងអាហារ និងថវិការ ក្នុងការចែករំលែក ជួយប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា កុមាកំព្រា និងជនរងគ្រោះដោយមេរោគអេដស៍ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ពិសេសដូចជាថ្ងៃនេះជាដើម មុនពេល លោកមានបេសកកម្មចេញទៅក្រៅប្រទេស លោកនិងភរិយា បានចែលរំលែកជាថវិការយមួយចំនួនធំ រួមនឹងអំណោយអង្ករ របស់កាកបាទ្រហមកម្ពុជា មកចែកជូន អ៊ុំ ពូ ម៉ីង នៅទីនេះ ប្រកបដោយទឹកចិត្តជ្រះថ្លា ។ លោកបន្តថា៖នេះក៍ជានយោបាយចែករំលែក តាមរយៈសកម្មភាពមនុស្សធ៌ម កាកបាទក្រហម ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគៀងគរ អំណោយមន្សធ៌មពីសប្បុរសជនគ្រប់ទិសទី ដើម្បីយកមកចែកជូន ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ព៌ណសម្បុរ ឬជាតិសាសន៍អ្វីឡើយ ។
លោកប្រធានកិត្តិយសអនុសាខា ក៍បានបញ្ជាក់ផងដែរថា អ្វីៗដែលមានសព្វថ្ងៃនេះ ផ្សារ សាលារៀន វត្តអារាម ពិសេសបងប្អូន មានឱកាសមកទទួលអំណោយថ្ងៃនេះ ក៍ដោយសារកត្តា សន្តិភាព ដូចនេះហើយ បានជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា តែងតែអំពាវនាវដល់ជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស ឱ្យចូលរួមថែរក្សាការពារសន្តិភាព ដែលរកបានដោយកម្រនេះ ឱ្យនៅស្ថិតថេរ គង់វង្សជារៀងរហូត ដើម្បីបន្តនិរន្តភាព នៃការកសាងប្រទេស ការអភិវឌ្ឍន៍លើគ្រប់វិស័យ ឱ្យបានរើកចំរើនទៅមុខទៀត ។
គួរបញ្ជាក់៖ អំណោយដែលពលរដ្ឋ ទាំង៧៧គ្រួសារ ទទួលបាននាឱកាសនេះ ក្នុងម្នាក់ៗ មានអង្ករ ៣០គីឡូក្រាម , ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ និងថវិការ ៦ម៉ឺនរៀល ។ នៅក្នុងឱកាសនោះដែរ លោក ឧកញ្ញា នីសម្បត្តិ និងភិរយា ក៍បានប្រគេនបច្ច័យកសាង ដល់ព្រះគ្រូចៅអធិការវត្ត តាំងកសាងខាងត្បូង ចំនួន ១លានរៀលផងដែរ ៕