ប្រតិបត្តិការនៃការរុករកជនរងគ្រោះ នៅក្រោមគំនរបាក់បែកនៃអគាររលំ ប្រើរយៈពេលជិត០២ថ្ងៃ បញ្ចប់ជាស្ថាពរ
កែប៖ រដ្ឋបាលខេត្តកែប បានឲ្យដឹងថា ប្រតិបត្តិការនៃការរុករកជនរងគ្រោះ នៅក្រោមគំនរបាក់បែកនៃអគាររលំ ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង ២០នាទី) មក ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ត្រឹមវេលាម៉ោង១១និង៣៥ ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។
រដ្ឋបាលខេត្តកែប បានឲ្យដឹងថា តុល្យការជនរងគ្រោះ ដែលក្រុមការងារជួយសង្រ្គោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានសរុបចំនួន៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិត ៣៦នាក់(ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនោះ មានក្មេងចំនួន៦នាក់ (ស្រី២នាក់) និងរងរបួស២៣នាក់(ស្រី៨នាក់) ។ ចំពោះជនរងគ្រោះបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពេញឯកសារ ដើម្បីទទួលយក សពទៅធ្វើបុណ្យតាមប្រពៃណី។
ជាថ្មីម្តងទៀត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកែប សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមាន ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញចុះត្រួតពិនិត្យដឹកនាំ បញ្ជាផ្ទាល់នៅទីតាំងកើតហេតុ រយៈពេល២ថ្ងៃ២យប់នេះ និងបានឧបត្ថម្ភជាសម្ភារ ថវិកាផងនោះ គឺពិតជាបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនកម្មកររងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ ហើយក៏ជាការលើកទឹកចិត្តដ៏ធំធេងដល់បងប្អូន គ្រប់ក្រុមការងារទាំងអស់ ដែលចូលរួមក្នុងបេសកកម្មរុករកជនរងគ្រោះដោយឧបទ្ទវហេតុដ៏ក្រក់នេះ ។
រដ្ឋបាលខេត្តកែប សូមថ្លែងអំណរគុណចំពោះក្រុមការងារជួយសង្រ្គោះទាំងអស់ ដែលបានចំណាយពេលវេលា ប្រើអស់កម្លាំងកាយ កម្លាំងចិត្ត ក្នុងការជួយសង្រ្គោះជនរងគ្រោះចេញពីគំនរបាក់បែកនៃអគាររលំនេះ ៕