ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោទលោក​ កើត​ ដារ៉ាស៊ី​ ជាមេខ្លោងពុករលួយ តែអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបដិសេធ

75

 

ភ្នំពេញ៖ បណ្តាញសារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមហ្វេសប៊ុក បានចុះផ្សាយថា​ លោក​ កើត​ ដារ៉ាស៊ី​ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំស្រែ-វ៉ាលឺ ជាមេខ្លោងពុករលួយ ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ​ រកចំណូលបានយ៉ាងច្រើន ក្នុង១ខែៗ​ តាមរយៈការយកប្រាក់ ពីក្រុមហ៊ុនដឹកជញ្ជូនទំនិញគិតជាក្បាលរថយន្ត ក្នុងមួយគ្រឿងៗ តិចបំផុត ២៥០ដុល្លារ​ ទៅ ៣០០ដុល្លារ ដើម្បីឆ្លងកាត់ចូលទៅប្រទេសវៀតណាម។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនោះ នៅថ្ងៃទី៥ខែមករាឆ្នាំ២០២០ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានចេញលិខិតបំភ្លឺការចុះផ្សាយរបស់សារព័ត៌មាន ដែលបានចុះផ្សាយថា លោក កើត​ ដារ៉ាស៊ី​ មេខ្លោងពុករលួយដ៏ធំ​ ប្រចាំច្រកទ្វារត្រពាំងស្រែ-វ៉ាលឺ។

ការចុះផ្សាយលើសារព័ត៌មានថា លោក​ កើត​ ដារ៉ាស៊ី​ ជាមេខ្លោងប្រព្រឹត្តសកមភាពពូករលួយ​ តាមរយៈការយកប្រាក់ ពីក្រុមហ៊ុនដឹកជញ្ជូនទំនិញ គិតជាក្បាលរថយន្តចេញទៅប្រទេសវៀតណាម តាមច្រកទ្វារត្រពាំងស្រែនេះ​ គឺមិនមានជាដាច់ខាត​ ហើយការអនុវត្តន៍ការងារប្រចាំថ្ងៃ គឺផ្អែកលើអនុក្រឹត្យ៦៤​ អនក្រ.បក​ ចុះថ្ងៃទី០៩​ ខែកក្កដា​ ឆ្នាំ២០០១​ ដោយមានស្ថាប័នជំនាញនីមួយៗ​ ចូលរួមសហការត្រួតពិនិត្យ​ និងមានឯកសារត្រឹមត្រូវ មុននឹងអនុញ្ញាតឲ្យចេញ-ចូលប្រទេស​ គឺមិនមានការប្រព្រឹត្តដូចការចុះផ្សាយព័ត៌មាន មូលបង្កាច់របស់សារព័ត៌មានហើយយើងខ្ញុំសូមធ្វើការបដិសេធយ៉ាងដាច់អហង្ការថា​ មិនមានសកម្មភាពមិនប្រក្រតីណាមួយ ដូចការចុះផ្សាយចោទ​ប្រកាន់នោះឡើយ។

ប៉ុស្តិ៍បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់​ ពិសេសការបង្ការ-ទប់ស្កាត់បទល្មើសឆ្លងដែលតាមគ្រប់រូបភាព​ សំដៅបង្កើនការការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ និងការផ្តល់សេវាសាធារណៈ​ ជូនភ្ញៀវជាតិ-អន្តរជាតិឲ្យបានឆាប់រហ័ស​ និងប្រកបដោយប្រសិទ្ធិភាព​ ដែលផ្ទុយស្រឡះពីការចុះផ្សាយព័ត៌មាន​ ដែលមានប្រភពមិនច្បាស់លាស់។

នាយកដ្ឋានដាច់ខាតមិនមានគោលការណ៍​ ឬបទបញ្ជាណាមួយឲ្យមន្រ្តីក្រោមឱវាទ ទារកម្រៃក្រោមតុ​ លើតុពីភ្ញៀវ​ ឬអាជីវករដែលធ្វើដំណើរចេញ-ចូល​ ឬរកស៊ីតាមច្រកទ្វារព្រំដែនអន្តរជាតិ្រតពាំងស្រែ​ ដូចដែលការចុះផ្សាយរបស់សារព័ត៌មាននគរវត្តនោះឡើយ។ ជាមួយនេះ​ ខ្ញុំសូមបដិសេធទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មាន ដែលផ្សាយ គ្មានប្រភពច្បាស់លាស់​ ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះបុគ្គល​ ស្ថាប័ន​ និងអង្គភាព។

សូមបញ្ជាក់ថា ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ លោក កើត ដារ៉ាស៊ី រកចំណូលពីអំពើពុករលួយក្នុងតំណែង បានយ៉ាងច្រើនក្នុងមួយខែៗ តាមរយៈយកលុយពីក្រុមហ៊ុនដឹកជញ្ជូនទំនិញ គិតជាក្បាលរថយន្តជាដើម ។

យ៉ាងតិចមានក្រុមហ៊ុនដឹកជញ្ជូនចំនួន៤ បាននឹងកំពុងដំណើរការដឹកជញ្ជូនទំនិញមកពីបរទេស ចូលកម្ពុជា តាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ក្នុងនោះក្រៅអំពីក្រុមហ៊ុនដឹកជញ្ជូនត្រូវបង់ប្រាក់ជាក្បាលរថយន្ត ជាប្រភេទរថយន្តយីឌុប និងកុងតឺន័រឲ្យទៅស្ថាប័នដទៃទៀត ក៏មិនអាចគេចផុតពីការបង់ប្រាក់ មកឲ្យលោក កើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកខាងលើនេះ ដែលមិនមែនជាស្ថាប័នប្រមូលពន្ធជូនរដ្ឋនោះ ។

មានន័យថា លោក កើត ដារ៉ាស៊ី យកលុយពីក្រុមហ៊ុនដឹកជញ្ជូន តាមរយៈរាប់គិតជាចំនួនក្បាលរថយន្ត ជាប្រយោជន៍បុគ្គលរបស់គាត់ និងបក្ខពួកតែប៉ុណ្ណោះ ។ សូមបញ្ជាក់ថា តួនាទីរបស់លោក កើត ដារ៉ាស៊ី ក្នុងនាមជាប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ បើយោងតាមអនុក្រឹត្យ លេខ៦៤មសន គឺមានតួនាទីត្រួតពិនិត្យរាល់មធ្យោបាយដឹកទំនិញចេញ-ចូល ត្រួតពិនិត្យអ្នកដំណើរ(ភ្ញៀវជាតិ-អន្តរជាតិ) ប្រថាប់ត្រាលើលិខិតឆ្លងដែន ។ ប៉ុន្តែលោក កើត ដារ៉ាស៊ី យកតួនាទី និងភារកិច្ចខាងលើនេះ ជាមធ្យោបាយរកប្រភពសេដ្ឋកិច្ចខុសពីគោលការណ៍ អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក៏ដូចជាខុសពីគោលការណ៍ អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ។

គេបានលួចបង្ហើបថា យ៉ាងតិចក្នុងមួយថ្ងៃទាំងរថយន្តដឹកទំនិញប្រភេទយីឌុប និងប្រភេទកុងតឺន័រ មានចាប់ពី ពី៤០ទៅ៦០គ្រឿង ។ រាល់ការដឹកជញ្ជូនឆ្លងកាត់ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ត្រូវតែបង់ប្រាក់ជាក្បាល រថយន្តឲ្យក្រុមនគរបាលអន្តោប្រវេសន៍ គ្រប់គ្រងដោយលោក កើត ដារ៉ាស៊ី ក្នុងមួយគ្រឿងតិចបំផុតចាប់ពី២៥០-៣០០ដុល្លារ ។ ក្នុងនោះមានតែក្រុមហ៊ុនដឹកជញ្ជូន ចំនួន៤ប៉ុណ្ណោះ ដែលមានសិទ្ធិចូលដឹកទំនិញចូលតាមច្រកខាងលើនេះ ។

លោក កើត ដារ៉ាស៊ី មានឱកាស ប្រព្រឹត្តអំពើពុករលួយទាំងនេះបាន ដោយសារគាត់មានជំនាញបច្ចេកទេស និងហែលឆ្លងកាត់ ដឹងយ៉ាងច្បាស់ពីសកម្មភាពដឹកជញ្ជូនទំនិញរបស់ឈ្មួញ មានកំហុសបច្ចេកទេស មានអំពើឃុបឃិតគ្នា រវាងសមត្ថកិច្ចជំនាញ និងក្រុមហ៊ុន(ឃ្លាទំនិញ) ពិសេសលោក កើត ដារ៉ាស៊ី គាត់ចាប់បានចំណុចខ្សោយរបស់ក្រុមហ៊ុនដឹកជញ្ជូនដែល ឃុបឃិតគ្នាជាមួយក្រុនហ៊ុនដឹកជញ្ជូនត្រង់ចំណុច (នាំទំនិញចូលប្រភេទអេឡិចត្រូនិច ឬប្រភេទទំនិញចាប់ហួយ ប៉ុន្តែប្រកាសពន្ធជាទំនិញសំឡីអនាម័យ) ជាដើម ទើបក្រុមហ៊ុនបង្ខំចិត្តបង់ប្រាក់ ដើម្បីជៀសវាងនូវការបង្ក្រាបពីសមត្ថកិច្ចដទៃផ្សេងទៀត ដែលមានភារកិច្ចចូលរួមសហការជាមួយស្ថាប័នគយ ទប់ស្កាត់ទំនិញគេចពន្ធ បង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវតាមគោលការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានោះ ។

ជាច្រើនឆ្នាំមកហើយ លោក កើត ដារ៉ាស៊ី តែងតែមានតំណែង ជាប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិ ក្នុងមួយអាណត្តិៗរាប់សិបឆ្នាំ អង្គុយតំណែងកើយលុយពុករលួយនេះ ដោយស្ងាត់ស្ងៀម និងមានមោទនភាពបំផុត ដែលខ្លួនស្ថិតក្នុងអំនួតរំពឹងថា គ្មានថ្នាក់លើណា ត្រូវបានដូរតួនាទី ដកតំណែង ខណៈខ្លួនមានសមត្ថភាពក្នុងការរកប្រភពចំណូលទុក បំពេញតម្រូវការឲ្យថ្នាក់លើ ដែលចាំបាច់ទទួលយកលាភសក្ការៈផងដែរនោះ ។

ក្រៅអំពីការរកចំណូលនៃអំពើពុករលួយ រាប់ក្បាលរថយន្តពីក្រុមហ៊ុនដឹកជញ្ជូនចំនួន៤ខាងលើនេះ លោក កើត ដារ៉ាស៊ី មានជំនាញបច្ចេកទេសរកចំណូលមួយបែបទៀត ពីក្រុមហ៊ុនដឹកជញ្ជូនពីប្រទេសវៀតណាម តាមរយៈទំនិញខ្លះមិនអាចនាំពីបរទេស (Transit) ចូលប្រទេស វៀតណាមបានទេ ។ ដូច្នេះក្រុមហ៊ុនដឹកជញ្ជូនវៀតណាមត្រូវការយកប្រទេសទី៣ (កម្ពុជា) ធ្វើជាកន្លែងឆ្លងកាត់ រួចហើយត្រឡប់ចូលទឹកដីប្រទេសវៀតណាមវិញ ឲ្យក្លាយទៅជាទំនិញដឹក ជញ្ជូនពីប្រទេសកម្ពុជាចូលប្រទេសវៀតណាម (ទៅជាទំនិញបង់ពន្ធនាំចូលស្របច្បាប់) ។

រូបភាពការអនុញ្ញាតឲ្យទំនិញក្រុមហ៊ុនវៀតណាម ចូលទឹកដីកម្ពុជាតាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ក្នុងចម្ងាយដី១០០០ម៉ែត្រ ឬ១គីឡូកន្លះ ក៏បែរក្បាលត្រឡប់ចូលទឹកដីវៀតណាមវិញ ។ ក្នុងនោះក្រុមហ៊ុនដឹកជញ្ជូនវៀតណាម ត្រូវបង់លុយខ្មៅ ឲ្យខាងសមត្ថកិច្ចភាគីខាងកម្ពុជា ជាច្រើនស្ថាប័ននោះ ក្នុងរថយន្តមួយគ្រឿងយកតម្លៃចាប់ពី៣០០០-៥០០០ដុល្លារ ។

ប៉ុន្តែខាងលោកកើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំស្រែ-វ៉ាលឺ យកសេវាពុករលួយនេះ លើសសមត្ថកិច្ចដទៃទៀត ខណៈខាងខ្លួនមានអំណាច ភារកិច្ចក្នុងការបញ្ជាឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ បើកឬបិទប៉ារ៉ាសប្រចាំច្រក២៤/២៤ម៉ោង។ ដូច្នេះ ហើយទើបការអនុវត្តតួនាទី ភារកិច្ចតាមអនុក្រឹត្យលេខ៦៤មសន ក្នុងតួនាទីត្រួតពិនិត្យរាល់ មធ្យោបាយដឹកទំនិញចេញ-ចូល ត្រួតពិនិត្យអ្នកដំណើរភ្ញៀវជាតិ-អន្តរជាតិប្រថាប់ត្រាលើ លិខិតឆ្លងដែនគ្រាន់ជាការងារបន្ទាប់បន្សំ លើសេវារដ្ឋបាលតែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង