បញ្ចៀសចរាចរជាបណ្ដោះអាសន្ន កន្លែងដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី២៧ ខែកក្កដា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានសេចក្ដីជូនដំណឹងស្ដីពី ការបញ្ចៀសចរាចរជាបណ្ដោះអាសន្ន ក្នុងការដង្ហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ របស់គណបក្សនយោបាយ។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកក្កដាខាងមុខ មានគណបក្សនយោបាយជាច្រើន នឹងធ្វើការជួបជុំ និងដង្ហែក្បួន បិទយុទ្ធនាការឃោសនាបោះឆ្នោត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ មានការជួបជុំសមាជិក រហូតដល់ប្រមាណ២៥០.០០០នាក់ និងនៅទីលានប្រជាធិបតេយ្យ មានការជួបជុំសមាជិក រហូតដល់ប្រមាណ២០.០០០នាក់ ព្រមទាំងមានការជួបជុំសមាជិកនៅតាមទីស្នាក់ការគណបក្សមួយចំនួនផងដែរ ។
បន្ទាប់ពីការជួបជុំបណ្ដាគណបក្សនយោបាយ រួចដង្ហែតាមមហាវិថីកម្ពុជាក្រោម មហាវិថីសម្ដេចមុនីរ៉េត កំណាត់វិថីសម្ដេចសុធារស កំណាត់មហាវិថីម៉ៅសេទុង កំណាត់មហាវិថីព្រះមុនីវង្ស កំណាត់មហាវិថីព្រះសីហនុ តិរវិថីព្រះស៊ីសុវត្ថិ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវមិត្តភាពភ្នំពេញ-ហាណូយ ផ្លូវណតប្រ៊ីត ផ្លូវចោមចៅ ផ្លូវលេខ២៧១ ផ្លូវលេខ៧០ និងផ្លូវសំខាន់ៗមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ។
ខ្លឹមសារនៃសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ៖ ដើម្បីធានាបរិយាកាសនៃការបិទយុទ្ធនាការឃោសនាបោះឆ្នោត មានភាពល្អប្រសើរ និងស្នើភាពគ្រប់គណបក្សនយោបាយ ពិសេសការដង្ហែក្បូនរបស់គណបក្សនយោបាយ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរជាបណ្តោះអាសន្ន តាមទីតាំងជួបជុំមួយរយៈខ្លី និងបញ្ចៀសចរាចរតាមកន្លែងកកស្ទះ មួយចំនួន។ ដូចនេះស្នើសូមបងប្អូនប្រជាពលរដ្ឋដែលគ្រោងធ្វើដំណើរ ទៅកន្លែងជួបជុំ និងតាមមហាវិថី តិរវិថី និងផ្លូវសំខាន់ៗ មួយចំនួនខាងលើ មេត្តាបញ្ចៀសចរាចរជាបណ្តោះអាសន្ន បើសិនជាមិនចាំបាច់ពុំគួរធ្វើដំណើរឆ្លងកាត់ តាមកន្លែងជួបជុំ និងផ្លូវដង្ហែរបស់គណបក្សទាំងនោះ ចាប់ពីម៉ោង៦ព្រឹក រហូតដល់ក្បួនដង្ហែត្រូវបានបញ្ចប់៕