ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍រត់ប្រណាំង ចម្ងាយឆ្ងាយនៅតំបន់អង្គរលើកទី៥ ឆ្នាំ២០២០ មានអត្តពលិកប្រមាណ១.៣០០នាក់មកពី ៤៤ប្រទេសចូលរួម

78

 

ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរលើកទី៥ខេត្តសៀមរាបឆ្នាំ២០២០ ឬព្រឹត្តិការ​ណ៍​ Angkor Ultra Trail 2020លើកទី៥ ដែលជាព្រឹត្តិការណ៍កីឡាបែបទេសចរណ៍ រត់ផ្សងព្រេងចម្ងាយឆ្ងាយ១២៨គីឡូម៉ែត្រនៅតំបន់អង្គរ នឹងចាប់ផ្ដើមនៅថ្ងៃទី១៨-១៩ ខែមករាខាងមុខនេះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងក្នុងសន្និ​សីទកាសែតនាព្រឹកថ្ងៃទី០៩មករានេះថា ព្រឹត្តិការណ៍នេះមានកីឡាករ-កីឡាការិនីចូលរួមរត់ប្រ​មា​ណ១.២០០ទៅ១.៣០០នាក់ ក្នុងនោះមានបរទេសជាង៧០០នាក់ មកពី៤៤ប្រទេសលើពិភពលោក។ ក្នុងនោះ បារាំងច្រើនជាងគេ បន្ទាប់មកអង់គ្លេសនិងកូរ៉េ។ លោកបានកត់សម្គាល់ឃើញថា នៅក្នុងការរត់ចម្ងាយថ្ងៃឆ្នាំនេះ កីឡាករកម្ពុជាចូលរួមច្រើនជាងឆ្នាំមុនៗ ហើយមានខ្មែរ៣នាក់ដែលចូលរួមរត់ចម្ងាយឆ្ងាយ១២៨គីឡូម៉ែត្រនេះ ដែលនាំឲ្យចំនួនអ្នកចូលរួមកើនប្រមាណ១០% គឺប្រមាណ១.២០០នាក់ទៅ១.៣០០នាក់ ។

ព្រឹត្តិការណ៍រៀបចំឡើងក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងក្រុ​ម​ហ៊ុន Phoenix Voyage នេះ ចាប់ផ្ដើមចេញដំណើររត់ពីមុខទីលានប្រជល់ដំរីនៅម៉ោង ៤ភ្លឺ ថ្ងៃទី១៨មករា សម្រាប់វិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ១៩ ខែមករា កី​ឡាករ-កីឡាការិនីម្នាក់ៗ អាចចំណាយពេលវេលាប្រមាណ ២៤ម៉ោង ដើម្បីរត់កាត់វាលស្រែ ផ្លូវលំ ផ្លូវព្រៃជុំវិញតំបន់អង្គរ ដោយគ្មានការឈប់សម្រាកឡើយ ។

លោក វ៉ាត់ ចំរើន បន្ថែមទៀតថា ចំពោះការរត់ចម្ងាយឆ្ងាយលើកទី៥ លើទឹកដីអង្គរនេះ គឺមានកំណើនអ្នកចូលរួមច្រើនរហូតដល់ទៅជាង១.៣០០នាក់ ពោលគឺច្រើនជាងកាលពីឆ្នាំ២០១៩ ដែលមានអ្នកចូលរួមត្រឹម១.០០០នាក់ប៉ុណ្ណោះ ។  ប៉ុន្ដែបន្ថែមលើការចូលរួមរត់អត្តពលិកម្នាក់ៗ ក៏​មានគ្រួសារសាច់ញាតិនិងមិត្តភ័ក្រ្តអមដំណើរជាច្រើនរយនាក់ផងដែរ ដែលជួយជំរុញឲ្យមានកំណើនទេសចរណ៍និងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ។

លោកបញ្ជាក់ថា «ការរៀបចំព្រឹត្តិការណ៍កីឡាបែបទេសចរណ៍នេះដែរ គឺផ្ដោតលើគោលបំ​ណងសំខាន់ៗជាច្រើន «គោលដៅទី១ គឺផ្សព្វផ្សាយឲ្យបណ្ដាប្រទេសលើពិភពលោក ពិសេសភ្ញៀវ​ទេសចរជាង៤៤ប្រទេសចូលរួម បានដឹងពីស្ថេរភាព សន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្សព្វផ្សាយនិងចូលរួមថែរក្សាគោលដៅទេសចរណ៍ប្រវត្ដិសាស្ដ្ររបស់កម្ពុជា គឺតំបន់អង្គរ ខេត្តសៀមរាប។ ទី២ គឺការរួមចំណែកស្វែងរកមូលនិធិសម្រាប់ជួយដល់ការងារមនុស្សធម៌តាមអង្គការ និងមន្ទីរពេទ្យមួយចំនួន និងទី៣ គឺការទាក់ទាញភ្ញៀវទេសចរកា​ន់តែច្រើនផងដែរ»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំ២០២០ គឺបែងចែកជា ៥វិញ្ញាសាសម្រាប់រត់ដូចឆ្នាំកន្លងទៅដែរ រួមមានវិញ្ញសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ, រត់ចម្ងាយ ៦៤គីឡូ ម៉ែត្រ, រត់ចម្ងាយ ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ និង រត់ចម្ងាយ១៦គីឡូម៉ែត្រ ដែលត្រូវចេញដំណើរជាបន្ដបន្ទាប់។ ជាមួយគ្នាដែរ លោកវ៉ាត់ ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅតំបន់អង្គរចូលរួមអប​អរសាទរ ការរត់របស់កីឡាករ- កីឡាការិនីជាតិ និងអន្ដរជាតិ ដើម្បីជំរុញព្រឹត្តិការណ៍មួយនេះ ឲ្យកាន់តែទទួលបានជោគជ័យទៀតផង ៕

 

អត្ថបទដែលជាប់ទាក់ទង