ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន៖អោយមន្រ្តីខណ្ឌចុះ ចែកសេចក្ដីជូនដំណឹងតាម ខ្នងផ្ទះប្រជាជន ស្ដីពីការបង្កាទប់ស្កាត់គ្រោះអគ្គីភ័យនារដូវក្ដៅហួតហែងនេះ

53

ភ្នំពេញ៖លោកថេង សុថុល អភិបាលខណ្ឌចំការមនបានប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ២០២០នេះថាក្នុងរយះពេលជិតមួយសប្ដាហ៍នេះរដ្ឋបាលខណ្ឌចំការមនបានធ្វើការបែងចែកកម្លាំងមន្រ្តីខណ្ឌរួមជាមួយកម្លាំងប្រជាការពារខណ្ឌអោយចុះផ្សព្វផ្សាយនិងដើរចែកនូវសេចក្ដីជូនដំណឹងដោយស្ដីពីការបង្ការនិងទប់ស្កាត់បញ្ហាគ្រោះថ្នាក់អគ្គីភ័យនៅក្នុងមូលដ្ឋានខណ្ឌចំការមនដែលមាន៥សង្កាត់នៅតាមខ្នងផ្ទះនិមួយៗនិងតាមសហគ្រាស សិប្បកម្មកែច្នៃឈើ តាមបណ្ដាក្រុមហ៊ុន សណ្ឋាគារនិងផ្ទះសំណាក់ អាហារដ្ឋាន ខារ៉ាអូខេ។ល។
នៅក្នុងសេចក្តីជូនដំណឹងនោះដោយស្តីពីការបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យរដ្ឋបាខណ្ឌចំការមន ដោយសូមជម្រាបដំណឹងជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខណ្ឌចំការមន នៃរាជធានីភ្នំពេញទាំងអស់ឱ្យបានជ្រាបថា៖ ដោយក្នុងមួយរយៈពេលថ្មីៗនេះ មានគ្រោះអគ្គីភ័យកើតឡើងជាបន្តបន្ទាប់ គួរអោយកត់សម្គាល់នៅក្នុងរាជធានី​​ភ្នំពេញ ដែលកើតឡើងដោយសារតែបញ្ហាមួយចំនួនដូចជា ការឆ្លងចរន្តអគ្គិសនី អាកាសធាតុក្តៅ ហួតហែង ការធ្វេសប្រហែស​របស់បងប្អូនប្រជាពលរដ្ឋ និងបញ្ហាផ្សេងៗឯទៀត ដែលធ្វើឱ្យមានគ្រោះអគ្គិភ័យ ជាយថាហេតុ។
អាស្រ័យហេតុនេះ រដ្ឋបាលខណ្ឌចំការមន សូមធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំការមន ត្រូវម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់ចំពោះមូលហេតុដើមចម ដែលអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់អគ្គិភ័យ មានដូចជា៖ ភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងធូប ភ្លើងទៀន ការដុតសំរាម ការបោះចោលកន្ទុយបារីផ្តេសផ្តាស ការតភ្ជាប់ ឫប្រើប្រាស់បណ្តាញ អគ្គិសនីមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ការទុកប្រេងឥន្ធនៈ ឧស័្មនចំហេះ វត្ថុងាយឆេះ ។ល។
ដូច្នេះសូមអោយបងប្អូនប្រជាពលរដ្ឋ ត្រូវពិនិត្យឱ្យបានហ្មត់ចត់ និងមានត្រៀមបំពង់ពន្លត់អគ្គិភ័យ បង្ការ​កុំឱ្យមានការឆេះរាលដាលបង្កើតជាគ្រោះភ័យដែលធ្វើឱ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាយុជីវិត។
ដោយឡែក រដ្ឋបាលសង្កាត់ទាំង៥ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំ និងត្រូវរិៈរក មធ្យោបាយសម្ភារៈឱ្យបានគ្រប់គ្រាន់ ក្នុងការបង្ការទប់ស្កាត់ការកើតមានជាយថាហេតុនូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន។
រដ្ឋបាលខណ្ឌចំការមន សង្ឃឹម និងជឿជាក់ថា រដ្ឋបាលសង្កាត់ទាំង៥ កងកម្លាំងមានសមត្ថកិច្ចនិង បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងជួយសហការ-ចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីបង្ការ និងទប់ស្កាត់កុំឱ្យមានគ្រោះអគ្គិភ័យ​កើតមានឡើងក្នុងមូលដ្ឋានខណ្ឌចំការមន៕

អត្ថបទដែលជាប់ទាក់ទង